ក្រុង​អូតាវ៉ា៖ ស្ថានភាព​​ព្រំដែន​ប្រទេស​កាណាដា ត្រូវ​បាន​បន្ធូរបន្ថយ​ ដើម្បី​អនុញ្ញាត​ឲ្យ​និស្សិត​បរទេស​ ព្រម​ទាំង​ពលរដ្ឋ​សញ្ជាតិ​ដទៃ​ ដែល​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ពលរដ្ឋ​កាណាដា។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អន្ដោប្រវេសន៍​ កាល​ពី​ថ្ងៃ​សុក្រ​។

បម្រាម​លើ​ការ​ចេញ​ចូល​ព្រំដែន​ដោយ​មិន​ចាំបាច់​នៅ​តែ​បន្ដ​រឹត​បន្ដឹង​រហូត​ដល់​ដំណាច់​ខែ​តុលា​ ខណៈ​ប្រទេស​នេះ​កំពុង​ទទួល​រង​នូវ​ការ​កើន​ឡើង​នៃ​អ្នក​ជំងឺ​កូវីដ​។

ប៉ុន្ដែ​ក្រុង​អូតាវា​ បាន​ផ្ដល់​សញ្ញា​មក​ថា ខ្លួន​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ថែម​ទៀត​។

រដ្ឋមន្ដ្រី​អន្ដោប្រវេសន៍ ម៉ាកូ មេនឌីស៊ីណូ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​៖ «​យើង​ទទួល​ស្គាល់​ថា ការ​រឹត​បន្តឹង​​ចំពោះ​ការ​ធ្វើ​ដំណើរ​មិន​គួរ​ផ្ដាច់​ទំនាក់​ទំនង​ស្នេហា​​​​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​។ ​ក្នុង​គ្រា​ដ៏​លំបាក​នេះ យើង​ដឹង​ថា ការ​លំបាក​ទាំង​នោះ​ជា​អ្វី​ដែល​យើង​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​»។

បណ្ដាញ​ផ្សព្វផ្សាយ​កាណាដា បាន​រាយការណ៍​អំពី​ការ​បំពាន​ឆ្លង​ព្រំដែន​ដោយ​ពលរដ្ឋ​អាមេរិក​ដែល​ជាប់​ជំពាក់​នឹង​រឿង​ស្នេហា​ រួម​ទាំង​បុរស​ម្នាក់​ដែល​បំពាន​បម្រាម​កូវីដ​ ខំ​ស្កាត់​មក​ជួប​មិត្ដ​ស្រី​កាណាដា នៅ​ខេត្ត​អាល់បែតា និង​ដើរ​លេង​ថែម​ទៀត​។ លោក​ត្រូវ​បាន​ពិន័យ​ និង​បង្គាប់​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ភ្លាម​ៗ​។

ក្នុង​ករណី​មួយ​ផ្សេង​ទៀត ពលរដ្ឋ​អាមេរិក​ម្នាក់​បាន​ជិះ​ទូក​ក្ដោង​ឆ្លង​កាត់​ឆ្នេរ​សមុទ្រ​ប៉ាស៊ីហ្វិក​ស្កាត់​មក​ជួប​មិត្ដ​ស្រី​កាណាដា​។ អ្នក​ទាំង ២ ត្រូវ​បាន​រារាំង​ដោយ​ឆ្មាំ​ឆ្នេរ​ ហើយ​វិល​ទៅ​កាន់​ប្រទេស​ទីទៃ​រៀង​ៗ​ខ្លួន​។

គូស្នេហ៍​ជា​ច្រើន​​​ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​​​នាំគ្នា​​ឈរ​​ម្ខាង​ម្នាក់​នៃ​ព្រំដែន​ប្រទេស​រៀងៗ​ខ្លួន​ដែរ៕ AFP/HR