ក្រុង​ហាណូយ៖ អាយុ​ជិត ៩០ ឆ្នាំ​ វិចិត្រករ​ស្រ្តី​វៀតណាម ម៉ុង ប៊ិច មាន​ឈ្មោះ​បោះ​សំឡេង​ចំពោះ​ការ​ផលិត​ស្នាដៃ​សិល្បៈ​នៅ​លើ​កម្រាល​ឥដ្ឋ​ដោយ​ការ​អង្គុយ​គូរ​រូប​។

អ្នក​ច្នៃ​បង្កើត​ថ្មី​រូប​នេះ ដែល​បាន​អន្ទង​ចិត្ដ​វិចិត្រការិនី​ជំនាន់​​ក្រោយ​នៅ​វៀតណាម អ្នកស្រី ប៊ិច បាន​ទទួល​ប្រជាប្រិយភាព​លើ​ឆាក​អន្ដរជាតិ ហើយ​អ្នកស្រី​​មាន​ស្នាដៃ​គំនូរ​ពណ៌​នៅ​ក្នុង​សារមន្ទីរ​ចក្រភព​អង់គ្លេស​ថែម​ទៀត​ផង​។

ប៉ុន្ដែ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​​នេះ​ អ្នកស្រី​មិន​ត្រូវ​បាន​ជនជាតិ​វៀតណាម​ក្នុង​ស្រុក​ចាប់​អារម្មណ៍​ និង​ត្រូវ​រង់ចាំ​រហូត​​ដល់​ខែ​នេះ​ទើប​អាច​បង្ហាញ​ស្នាដៃ​ពិព័រណ៍​តែ​ម្នាក់​ឯង​ជា​លើក​ដំបូង​។

ស្ថិត​នៅ​ផ្ទះ​ឯ​ជាយ​ទីក្រុង​ហាណូយ​ ជាទី​ដែល​វិចិត្រករ​ស្បែក​ជ្រួញ​​គូរ​រូប ​៨ ​ម៉ោង ​ក្នុង ​១ ថ្ងៃ ​អ្នកស្រី​ ប៊ិច ​​បាន​ពោល​​ថា​៖ «ការ​​គូរ​រូប​ហាក់​ដូចជា​ការ​ញ៉ាំ​បាយ​ប្រចាំ​ថ្ងៃ​អ៊ីចឹង​។ ខ្ញុំ​ត្រូវ​ញ៉ាំ​បាយ​​ហើយ​ខ្ញុំ​ត្រូវ​គូរ​»។

ដំបូង ដូន​ចាស់​ហាក់​ស្ទាក់ស្ទើរ​ចំពោះ​ការ​តាំង​ពិព័រណ៍​​​តែ​ឯង តែ​កូនៗ​របស់​អ្នកស្រី​លើក​ទឹក​ចិត្ដ​អ្នក​ស្រី​។

អ្នកស្រី​បាន​និយាយ​មុន​ពេល​​បើក​សម្ពោធ​ពិព័រណ៍​នា​ខែ​​នេះ​ថា​៖ «​ខ្ញុំ​មិន​ចង់​លក់​គំនូរ​របស់​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​អត់​មាន​បំណង​​នេះ​ទេ​។ គំនូរ​របស់​ខ្ញុំ​ គឺ​ជា​ការ​ចងចាំ​របស់​ខ្ញុំ​»។

ជំនាញ​គំនូរ​សូត្រ​អំពី​ជីវិត​ប្រចាំថ្ងៃ​ និង​មនុស្ស​ទូទៅ ជា​ពិសេស​ស្ដ្រី​ អ្នកស្រី ប៊ិច គូរ​ពី​ជីវិត​របស់​ខ្លួន​ឯង​អំឡុង​សម័យ​សង្គ្រាម​ប្រឆាំង​​សហរដ្ឋ​អាមេរិក​ នៅ​ពេល​​សិល្បករ​ផ្សេងៗ​ត្រូវ​បាន​ណែនាំ​ឲ្យ​គូរ​គំនូរ​រូប​ទាហាន ឬ​កង​កម្លាំង​ជួរ​មុខ​។

ពិព័រណ៍​គំនូរអ្នកស្រី ប៊ិច ជា​​លើក​ដំបូង​នៅវៀតណាម។ រូបថត AFP

ផាន ខាមធួង ជា​អ្នក​វិភាគ​ផ្នែក​សិល្បៈ​ជាន់​ខ្ពស់ និង​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​និយាយ​ថា​៖ «​ការ​គូរ​រូប​មនុស្ស​មិន​ត្រូវ​បាន​​ទទួល​ការ​កោត​សរសើរ​ឡើយ​កាល​គ្រា​នោះ តែ​ពួកវា​ជា​ស្នាដៃ​ល្អ​ឯក​របស់​អ្នកស្រី ម៉ុង ប៊ិច​»។

កើត​​នៅ​​ឆ្នាំ ​១៩៣១ អំឡុង​​ពេល​អាណានិគម​និយម​បារាំង​ អ្នកស្រី ប៊ិច បាន​ចំណាយ​ពេល​​មើល​ថែ​ស្វាមី ជា​អ្នក​លេង​​វីយ៉ូឡុង និង​អ្នក​ប្រយុទ្ធ​ឯករាជ្យ​ ដែល​រង​របួស​អំឡុង​ពេល​សង្គ្រាម​បារាំង​ក្នុង​ទឹក​ដី​ឡាវ​។ ពួក​គេ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​តោក​យ៉ាក​បំផុត​ ខណៈ​អ្នកស្រី​ត្រូវ​ចិញ្ចឹម​បីបាច់​កូន ២ ​នាក់​។

តម្រូវ​ការ​ប្រាក់​ទ្រទ្រង់​គ្រួសារ ក្នុង​ឆ្នាំ ​១៩៥៦ អ្នកស្រី​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​សិល្បៈ​គំនូរ​​ដំបូង​បំផុត​មួយ​នៅ​មហាវិទ្យាល័យ​សិល្បៈ​​​ក្រុង​ហាណូយ​ និង​មាន​ការងារ​ជា​អ្នក​គូរ​រូប​គំនូរ​​ជីវចល​ឲ្យ​កាសែត​។

ប៉ុន្ដែ​អ្នកស្រី​មិន​បញ្ឈប់​ការ​គូរ​​រូប​តាម​ចិញ្ចើម​ផ្លូវ​ទេ។ ស្ដ្រី​ចំណាស់​ដ៏​ក្រីក្រ​​គេង​អង្កុញ​ជើង​​លើ​កម្រាល​ឥដ្ឋ​ និង​អ្នក​ម្ដាយ​ម្នាក់​កំពុង​​បំបៅ​ដោះ​កូន​ ដែល​ជា​គំនូរ​ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​អាស្រូវ​ ដោយ​ត្រូវ​ដក​ចេញ​ពី​ពិព័រណ៍​ក្នុង​ឆ្នាំ​ ១៩៦០​។

អ្នកស្រី​បាន​និយាយ​ថា​៖ «​ខ្ញុំ​គូរ​ខ្លួន​ឯង​ក្នុង​ស្ទីល​ខ្លួន​ឯង​។ មហាជន​ខ្លះ​អាច​ចូលចិត្ដ​គំនូរ​ តែ​​ខ្លះ​ក៏​អត់​ដែរ។ ខ្ញុំ​មិន​ខ្វល់​ទេ។ ភាព​រីករាយ​កើត​ឡើង​នៅ​ពេល​ខ្ញុំ​អាច​គូស​វាស ឬ​គូរ»៕ AFP/HR