ក្រុង​សេ​អ៊ូ​ល: ក្រុង​សេ​អ៊ូ​ល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា កូរ៉េខាងត្បូង​បាន​បញ្ជូន​ក្រូច​ឃ្វិច ២០០ តោន​ទៅ​កាន់​កូរ៉េខាងជើង ខណៈ​ខាង​ជើង​ជូន​ខាងត្បូង​វិញ​នូវ​ផ្សិត ២ តោន ដែល​ក្រុង​ព្យុងយ៉ាង​បាន​បញ្ជូន​ជា​អំណោយ​កាល​ពី​ដើម​ខែ។

ក្រុង​សេ​អ៊ូ​ល​កំពុង​ជំរុញ​ល្បឿន​នៃ​កិច្ច​ព្រៀម​ព្រៀង​នុយក្លេអ៊ែ​រ​ជាមួយ​កូរ៉េខាងជើង ខណៈ​អាមេរិក​បាន​ទទូច​ថា ការ​ដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​គួរ​តែ​រក្សាទុក​ដដែលរ​ហូត​កូរ៉េខាងជើង​ធានា​ពី​ការ​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ។

ក្រូចឃ្វិច ជា​ផ្លែឈើ​កម្រ​នៅ​កូរ៉េខាងជើង ត្រូវបាន​ដឹក​តាម​ផ្លូវអាកាស ៤ ជើង​យន្តហោះ ទៅ​កាន់​ក្រុង​ព្យុងយ៉ាង ពី​ភាគ​ខាង​ត្បូង​កោះ​ជេជូ ដោយ​ជើង​ចុង​ក្រោយ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ចន្ទ។ ការ​ប៉ាន់​ស្មាន​តម្លៃ​ក្រូច​ឃ្វិច​ក្នុង​ស្រុក ជា​អំណោយ​នេះ​អាច​មាន​តម្លៃ​ពី ៤០០ ទៅ ៥០០ លានវ៉ុន (៣៥ ម៉ឺន ទៅ ៤៤ ម៉ឺន​ដុល្លារ)។

ជា​ថ្នូរ​មកវិញ​ជាមួយ​ផ្សិត ២ តោន ត្រូវបាន​បញ្ជូន​ដោយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​កាល​ពី​ខែ​កញ្ញា​ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាងត្បូង មូន ជេអ៊ីន។

ផ្សិត ជា​អាហារ​ឈ្ងុយឆ្ងាញ់​ដែល​ត្រូវបាន​ចាត់ទុកថា​អាចជួយ​ទប់ទល់​ជំងឺ​បេះដូង និង​ទឹក​នោម​ផ្អែម និង​ជា​ផលិតផល​នាំចេញ​ចម្បង​របស់​កូរ៉េខាងជើង​ទៅ​កាន់​ទីផ្សារ​ចិន ត្រូវ​បាន​ចែក​ជូន​ក្រុម​គ្រួសារ​កូរ៉េខាងត្បូង ដែល​បាន​បែក​បាក់​ពី​គ្នា។

អ្នកនាំពាក្យ​របស់លោក មូ​ន ជេ​អ៊ី​ន បាន​ឲ្យ​ដឹងថា៖ «ក្រូចឃ្វិច​មាន​លក្ខណពិសេស​ប្រចាំ​កូរ៉េខាងត្បូង ដែល​ពលរដ្ឋ​កូរ៉េខាងជើង​ធម្មតា​គ្មាន​វាសនា​បាន​ហូប»៕