ក្រុងញូវដែលី៖ នៅលើវាលខ្សាច់ Oued Eddahab នៅភាគខាងលិចសមុទ្រខ្សាច់សាហារ៉ា លោក ហាប៊ីបោឡា ឌីលីមី បានបង្កើតកសិដ្ឋានអូដ្ឋ និងអូដ្ឋប្រណាំង តជំនាន់ដូនតារបស់លោក តែដោយមានជំនួយតិចតួចពីបច្ចេកវិទ្យាសម័យថ្មី។
សត្វចិញ្ចឹមរបស់លោក មានសេរីភាពដើរហើរលើវាលខ្សាច់ និងផ្ដល់ទឹកដោះទៅតាមទម្លាប់ធម្មជាតិដោយការប្រើដៃច្របាច់ទាំងនៅពេលព្រលឹម និងព្រលប់។
ពេលអូដ្ឋមានចំណីរុក្ខជាតិព្រៃស៊ី និងដើរហើរដោយសេរីពេញ ១ ថ្ងៃៗ ទឹកដោះរបស់វាក៏ល្អប្រសើរដែរ។ នេះបើយោងតាមអ្នកគង្វាលអាយុ ៥៩ ឆ្នាំ ដែលរៀបរាប់អំពីអត្ថប្រយោជន៍នៃទឹកដោះអូដ្ឋពោរពេញដោយជីវជាតិ គឺជាប្រភពជីវិតសម្រាប់អ្នកដំណើរពនេចរផ្លូវឆ្ងាយ។
ប៉ុន្ដែលោក ឌីលីមី លែងរួមរស់ជាមួយសម្លាញ់ជើងឯកលើវាលខ្សាច់ទៀតហើយ។ លោករស់នៅក្នុងទីក្រុងជាមួយក្រុមគ្រួសារ។
អូដ្ឋរបស់លោកត្រូវបានថែទាំដោយក្រុមគង្វាល ហើយលោក ឌីលីមី ប្រើប្រព័ន្ធ GPS លើសមុទ្រខ្សាច់ធ្វើដំណើរតាមរយៈពុះពារឧបសគ្គ។
លោកនិយាយថា៖ «អូដ្ឋអាចឈ្នះរាល់ឧបសគ្គ ដូចជា កម្ដៅថ្ងៃ ខ្យល់ ខ្សាច់ និងកង្វះទឹក ហើយបើពួកវាអាចចេះនិយាយ លោកអ្នកនឹងបានឮថា តើពួកវាវៃឆ្លាតកម្រិតណា»។
លោក ឌីលីមី បាននិយាយថា៖ «យុវជនក្មេងៗចង់រស់នៅក្នុងទីក្រុង ហើយអ្នកគង្វាលបច្ចុប្បន្នភាគច្រើនមកពីប្រទេសក្បែរខាង ម៉ូរីតានី ដែលការធ្វើដំណើរនៅវាលខ្សាច់ភាគខាងជើងត្រូវធ្វើឡើងតាមរថយន្ដសណ្ដោងអូសដោយអូដ្ឋរាប់ពាន់ក្បាល។
ខណៈដែលលោក ឌីលីមី ជាមនុស្សស្រឡាញ់សមុទ្រខ្សាច់ លោកធ្លាប់បានត្អូញត្អែរតែមួយករណីគត់គឺថា «ឧស្សាហកម្មទឹកដោះអូដ្ឋមានតម្លៃខ្ពស់នៅជុំវិញពិភពលោកលើកលែងតែទីនេះ»។
លោកបានអះអាងថា ទឹកដោះអូដ្ឋត្រូវបានចាត់ទុកជាភេសជ្ជៈស្ទួយសុខភាព ហើយសាច់របស់វាកាន់តែពិសេសថែមទៀត។ បច្ចុប្បន្ន ទោះឆ្លើយតបនឹងតម្រូវការអ្វីដែលពលរដ្ឋម៉ារ៉ុកមានបំណងទទួលទានសាច់អូដ្ឋ វាគ្រាន់តែជាកសិដ្ឋានតូចតាច ដែលជាស្នូលផ្នែកកសិកម្មប៉ុណ្ណោះ។
ចំពោះរូបលោកផ្ទាល់ ការចំណាយ ២ ០០០ ដុល្លារ លើអូដ្ឋមួយក្បាល គឺជាការវិនិយោគដ៏មានសុវត្ថិភាព។ ប៉ុន្ដែវាក៏សម្រាប់អាហារដ៏ឈ្ងុយឆ្ងាញ់ផងដែរ៕ AFP/HR