ភ្នំពេញ៖ បណ្តុំស្នាដៃគំនូរបែបអរូបីស្តីពីជីវិតសត្វស្លាបដ៏កម្រមានប្រវត្តិជាកេរដំណែលពីដូនតាខ្មែរ តាំងពីយូរយារណាស់មកហើយ ដែលមានចំនួនប្រមាណ ២០ ផ្ទាំង បានសម្រិតសម្រាំងដោយវិចិត្រការិនីល្បីឈ្មោះ អ្នកនាង ឆន ឌីណា នឹងបើកសម្ពោធតាំងពិព័រណ៍នៅឯវិចិត្រសាលនៃសណ្ឋាគារ Plantation។
ការតាំងពិព័រណ៍នេះក៏ជាឱកាសដ៏ល្អមួយសម្រាប់បងប្អូន និងសិស្ស និសិ្សត ដែលមានបំណងចូលទស្សនាការតាំងបង្ហាញសិល្បៈគំនូរ និងចង់សិក្សាស្វែងយល់អំពីសិល្បៈបែបសហសម័យ និងអាចចូលទស្សនាបានដោយសេរី និងឥតគិតថ្លៃនឹងចាប់ផ្តើមតាំងថ្ងៃទី ៤ ខែធ្នូ បន្តរហូតដល់ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០។
វិចិត្រករស្រីឆ្នើម ដែលធ្លាប់ទទួលបានពានរង្វាន់ជា Young Artist Award ក្នុងប្រទេសថៃ កាលពីឆ្នាំ ២០១៦ អ្នកនាង ឆន ឌីណា បានបង្ហើបឱ្យដឹងពីមូលហេតុ ដែលរៀបចំការតាំងពិព័រណ៍ និងចំណុចពិសេស ដែលខ្លួនបានជ្រើសរើសយកស្នាដៃគំនូរប្រភេទអរូបីស្តីអំពីជីវិតសត្វក្រៀលនោះថា៖ «គោលបំណងចង់ឱ្យក្រុមសិល្បករជំនាន់ក្រោយទទួលបាននូវចំណេះដឹងមួយផ្នែកខាងសិល្បៈគំនូរបែបអរូបី ដែលផ្តោតទៅលើការបង្កើតស្នាដៃរបស់ពួកគេទៅថ្ងៃក្រោយ។ ប្រការសំខាន់នោះ ក្នុងនាមជាសិល្បករផ្នែកគំនូរ ត្រូវចេះទាញយកចំណុចពិសេសណាមួយ ពីធម្មជាតិ ឬក៏បរិស្ថាន ដែលខ្លួនយើងបានជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃ។ តាមរយៈសិល្បៈគំនូរនេះ គឺយើងពិតជាអាចបង្កើតស្នាដៃណាមួយ ដែលខ្លួនយើងចង់ឆ្លុះបញ្ចាំង ឬផ្តល់ជាសារអប់រំទៅដល់អ្នកទស្សនាបាន។ ម្យ៉ាងវិញទៀត កាលណាយើងទាំងអស់គ្នា សហការរួមគ្នាផ្តោតសំខាន់លើបញ្ហាសង្គមណាមួយឱ្យបានស្រុះស្រួលគ្នា ឬរួបរួមគ្នានោះ ខ្ញុំគិតថា វាអាចនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ផ្សព្វផ្សាយផ្តល់ព័ត៌មានអប់រំ ឬជាសារអប់រំមួយផងដែរ សម្រាប់បងប្អូនខ្មែរយើង តាមរយៈសិល្បៈវិចិត្រកម្មមួយនេះ។ តួយ៉ាងដូចជាបញ្ហាបរិស្ថាន អ៊ីចឹង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស និងសត្វនានា នៅក្នុងប្រទេសយើង ក៏ដូចជានៅក្នុងពិភពផែនដីរបស់យើង»។
អ្នកនាង ឆន ឌីណា វិចិត្រករស្រីដែលមានបទពិសោធផ្នែកគំនូរអរូបីច្នៃប្រឌិតបែបខ្មែរជាង ១០ ឆ្នាំមកហើយនោះ ក៏បានបញ្ជាក់ពីការលើកយកសត្វក្រៀល មករំលេចជាស្នាដៃគំនូរផ្ទាល់ខ្លួនផងដែរថា៖ «សម្រាប់នាងខ្ញុំ ក្រោយពីបានទស្សនានៅតំបន់ដែនជម្រកសត្វក្រៀល នៅព្រែកទាល់នៃតំបន់ទន្លេសាបកាលពីច្រើនឆ្នាំកន្លងមកនោះ នាងខ្ញុំក៏មានការដិតដាមជាប់ជានិច្ច ជាមួយនឹងរូបភាពសត្វក្រៀលដ៏គួរជាទីមោទនភាពរបស់ខ្មែរនេះតែម្តង ហើយកាលនោះ ចំនួនគឺវានៅសម្បូរនៅឡើយ។ តែឥឡូវនេះ ហាក់ដូចជាមានដំណឹងថា ស្ថិតនៅក្នុងប្រភេទសត្វកម្រ ដោយសារតែបញ្ហាបរិស្ថានប្រែប្រួល មិនល្អដូចមុន ជាពិសេសបញ្ហាបាត់បង់ព្រៃឈើ ដែលជាទីជម្រករបស់វានោះ។
ចំពោះសត្វក្រៀលនេះ នាងខ្ញុំក៏បានសិក្សាស្រាវជ្រាវបន្ថែមនាពេលថ្មីៗនេះ ក៏មានការរំលេចចេញជាចម្លាក់សត្វក្រៀលពីបុព្វបរុសខ្មែរនៅតាមជញ្ជាំងប្រាសាទអង្គរវត្តផងដែរ គ្រាន់តែមិនសូវសម្បូរដូចជាសត្វស្លាបផ្សេងៗតែប៉ុណ្ណោះ។ ដូច្នេះចំពោះ ភ័ស្តុតាងនេះ ក៏សរបញ្ជាក់ថា សត្វក្រៀលមានប្រវត្តិតាំងពីយូរលង់មកនៅក្នុងប្រទេសកម្ពុជា យើងគឺមានតាំងសម័យអង្គរមក»។
កាលពីថ្មីៗនេះដែរ វិចិត្រករស្រីឆ្នើមវ័យ ៣១ ឆ្នាំ អ្នកនាង ឆន ឌីណា បានរៀបចំឱ្យមាននូវការជួបជុំសំណេះសំណាលបង្កើតស្នាដៃសិល្បៈគំនូរទៅតាមជំនាញ និងចំណូលចិត្តរបស់ខ្លួន ក្រោមប្រធានបទសំខាន់និយាយពីទេសភាពធម្មជាតិ និងសត្វព្រៃ គឺជាការចាប់ផ្តើមដំបូងនៃគម្រោងរៀបចំជាកម្មវិធីសហគមន៍សិល្បៈនេះ។
ប្រធានក្រុមរៀបចំគម្រោងកម្មវិធីសិល្បៈសហគមន៍នេះ អ្នកនាង ឆន ឌីណា បានប្រាប់ពីគោលបំណងនៃការជួបជុំគ្នា រវាងក្រុមវិចិត្រករខ្មែរ និងបរទេស កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២០ កន្លងមកនេះផងដែរថា ការនឹកឃើញបង្កើតគំនិតជាសហគមន៍សិល្បៈនេះ ដោយសារអ្នកនាងយល់ថា ក្នុងនាមខ្លួនជាវិចិត្រករ ឬសិល្បករផ្នែកគំនូរនេះ គឺយើងត្រូវតែចេះបង្កើតនូវចំណាប់អារម្មណ៍ថ្មីៗ ដល់អ្នកទិញស្នាដៃគំនូររបស់យើង (buyers) មិនមែនសំអាងតែខ្លួនយើងជាសិល្បករ ឬវិចិត្រករជំនាញ (Curators) ដែលនេះអ្នកនាងអាចហៅលក្ខខណ្ឌនេះបានថា គឺជាការបង្កើតក្រុមបណ្តាញសង្គម ឬ network នៅក្នុងសង្គមនៃអ្នកចូលចិត្តសិល្បៈគំនូរ។
អ្នកនាង ឆន ឌីណា បន្ថែមថា យើងមិនប្រកាន់ជាតិសាសន៍ ឬវ័យនោះឡើយ ឱ្យតែមានគំនិត ឬទស្សនៈសិល្បៈជ្រៅជ្រះ គឺអាចចូលរួមសហគមន៍នៃអ្នកសិល្បៈនេះបាន៕