ភ្នំពេញ៖ កម្មវិធី​ការ​ប្រកួត​គំនូរ​​ជីវចល​ថ្នាក់​ជាតិ​លើក​ទី៧ ឆ្នាំ ​២០២០​ ចាប់​ផ្តើម​ហើយ​​ ដែល​​រៀបចំ​ដោយ​​ទូរទស្សន៍​ជាតិ​​​កម្ពុជា​​ សម្រាប់​ប្អូនៗ​​ដែល​ស្រឡាញ់​គំនូរ​ជីវចល អាច​​​ចងក្រង​ក្រុម​ដើម្បី​ផលិត​​គំនូរ​​​ជីវចល​ខ្នាត​ខ្លី ឬ​ផលិត​​ដោយ​​ខ្លួន​ឯង​​​​មក​ចូលរួម​ប្រកួត​ប្រជែង​ពាន​​​រង្វាន់​ ខណៈ​​​ជយលាភី​នឹង​ក្លាយ​ជា​តំណាង​កម្ពុជា​ចូលរួម​ការ​ប្រកួត​គំនូរ​​​​ជីវចល​​អន្តរជាតិ​ DigiCon6 Asia ​នៅ​ប្រទេស​ជប៉ុន នា​ចុង​ឆ្នាំ​​នេះ​ផង​ដែរ​។

កម្មវិធី​​ការ​ប្រកួតប្រជែង​គំនូរ​ជីវចល​ថ្នាក់​ជាតិ​លើក​ទី៧​ ឆ្នាំ ​២០២០ របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ​គឺ​ជា​កម្មវិធី​សម្ព័ន្ធភាព​របស់​កម្មវិធី​ប្រកួត​ប្រជែង​គំនូរ​ជីវចល​អន្តរជាតិ ​DigiCon6 Asia​ ​ផង​ដែរ ​ខណៈ​​​បណ្តា​​ប្រទេស​ជា​សមាជិក​ទាំង​អស់​ក៏​កំពុង​តែ​​​​ស្វែងរក​ស្នាដៃ​គំនូរ​ជីវចល​ ដើម្បី​​​ជ្រើសរើស​​ស្នាដៃ​​ឆ្នើម​​​ប្រចាំ​​​ជាតិ​រៀងៗ​​ខ្លួន។

អ្នក​គ្រប់គ្រង​​នៃ​ការ​រៀបចំ​​កម្មវិធី​ប្រកួត​​គំនូរ​ជីវចល​នៅ​​ទូរទស្សន៍​ជាតិ​កម្ពុជា​​​ លោក ប៉ាង ចំណាន បាន​បង្ហើប​ឲ្យ​ដឹង​​ថា៖ «​ដោយសារ​តែ​មាន​​​ការ​​គាំទ្រ​​ពី​ក្រសួង​ព័ត៌មាន​នោះ​ ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ការ​​​ប្រកួត​គំនូរ​ជីវចល​ថ្នាក់​ជាតិ​លើក​​ទី​​៧ (Cambodia​ Digi​Con6 ) ហើយ​​នៅ​ឆ្នាំ​ ២០២០ សម្រាប់​ប្អូនៗ​ដែល​ស្រឡាញ់​គំនូរ​ជីវចល​អាច​ចង​ក្រង​​ជា​ក្រុម​​ផលិត​គំនូរ​​​​​​​ជីវចល​​ខ្នាត​​​ខ្លី​​ចូល​​រួម​ប្រកួត​ប្រជែង​ពាន​រង្វាន់​បាន។ ​ជយលាភី​ឆ្នាំ​នេះ​ នឹង​​ក្លាយ​ជា​តំណាង​ឲ្យ​​កម្ពុជា​ទៅ​ចូលរួម​​​​​ការ​ប្រកួត​​គំនូរ​​​​​ជីវចល​អន្តរជាតិ DigiCon6 Asi​a នៅ​ប្រទេស​​ជប៉ុន ចុង​ឆ្នាំ​ផង​ដែរ​។​​កម្មវិធី DigiCon6 Asia គឺ​​ជា​កម្មវិធី​​ប្រកួត​​ប្រជែង​គំនូរ​ជីវចល​​ខ្នាត​ខ្លី សម្រាប់​តំបន់​អាស៊ី​ ដែល​បង្ហាញ​ពី​គំនិត និង​ស្នាដៃ​របស់​ប្រទេស​តំបន់​អាស៊ី»។​

បេក្ខជន​ជយលាភី​ផ្សេងៗ​ទៀត ក្នុង​ការប្រកួត​គំនូរជីវចល​ថ្នាក់ជាតិ​ឆ្នាំ​ ២០១៩​​។ រូបថត សហ​ការី

លោក ប៉ាង ចំណាន បាន​បន្ត​​​ថា៖ «ប្អូនៗ​ ដែល​មាន​​ចំណាប់​អារម្មណ៍ ​អាច​និពន្ធ​សាច់​រឿង ដែល​មាន​ខ្លឹមសារ​អប់រំ​សង្គម ​និង​​ផលិត​​ចេញ​ជា​គំនូរ​ជីវចល​ជា​ Stop Motion ឬ 2D ​ឬ 3D​ ដែល​មាន​រយៈពេល​​មិន​លើស​ពី ៥ ​នាទី ឬ​ចន្លោះ​ពី ​៣ ទៅ ៥ នាទី ដើម្បី​​មក​ដាក់​ចូលរួម​ប្រកួត​ប្រជែង​បាន ខណៈ​ថ្ងៃ​ផុត​កំណត់​នៃ​ការ​​ទទួល​ពាក្យ​​ត្រឹម​​ពី​​ថ្ងៃទី​ ​១៥ ខែ ​សីហា ឆ្នាំ ​២០២០។​​ ហើយ​​​​​​ស្នាដៃ​ទាំង​អស់​របស់​​បេក្ខជន​នឹង​ត្រូវ​ចាក់​​បញ្ចាំង និង​​ប្រកាស​លទ្ធផល​​​ថ្ងៃទី ២៨​ ខែ ​សីហា ឆ្នាំ ២០២០ នៅ​ស្ថានីយ៍​​​ទូរទស្សន៍​ជាតិ​​​កម្ពុជា ក្រោម​​អធិបតីភាព​ឯក​ឧត្តម​ខៀវ កាញារីទ្ធ ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​​ព័ត៌មាន​។

ចំពោះ​ពាន​រង្វាន់​ជយលាភី​លេខ ​១​ ថ្នាក់​ជាតិ​នឹង​ក្លាយ​ជា​​​តំណាង​កម្ពុជា​​​ចូលរួម​ប្រកួត​​​អន្តរជាតិ​​នៅ​ប្រទេស​ជប៉ុន ​​​ក្នុង​កម្មវិធី ​Digi​Con6 Asia​ នា​​ចុង​​​ឆ្នាំ ​២០២០​។ ដោយ​ឡែក​​ក៏​មាន​​​ពាន​រង្វាន់​កិត្តិយស​ផ្សេង​ៗ​ដែរ ​ដូចជា​ជយលាភី​កិត្តិយស​​ផ្នែក​រូបភាព​ ផ្នែក​សាច់​រឿង​​ ផ្នែក​គំនិត ​និង​ផ្នែក​ប្រជាប្រិយភាព»។

គួរ​​​បញ្ជាក់​ដែរ​ថា បេក្ខជន​ភេទ​ទី៣ កៅ​ សេងហ៊ួ និង​ស្នាដៃ​គំនូរ​​ជីវចល​ចំណង​ជើង​ Colors​ ដែល​​ជា​និស្សិត​មក​ពី​សាលា​ហ្វារពន្លឺ​សិល្បៈ​ នៅ​ខេត្ត​​បាត់ដំបង បាន​ឈ្នះ​ជយលាភី​លេខ​ ១ ​ក្នុង​​ការ​​​ប្រកួត​គំនូរ​ជីវចល​​ថ្នាក់​ជាតិ​លើក​ទី៦ ឆ្នាំ​ ២០១៩​ (Cambodia DigiCon6 2019 ) ​និង​បាន​ក្លាយជា​ ​តំណាង​ឲ្យ​កម្ពុជា​សម្រាប់​ការ​ចូលរួម​ក្នុង​​កម្មវិធី​ប្រកួត​គំនូរ​​ជីវចល​អន្តរជាតិ DigiCon6 Asia ​2019 នៅ​ទីក្រុង​​ហុងកុង ប្រទេស​ចិន​ កាល​​ពី​ខែ​វិច្ឆិកា​ ឆ្នាំ ​​២០១៩ កន្លង​​មក​​៕​

ឆ្នាំ ២០១៩ កៅ សេងហ៊ួ (កណ្តាល)​ និង​ស្នាដៃគំនូរជីវចលឈ្មោះ Colors។ សហ​ការី