ភ្នំពេញ៖ ដើម្បី​​​ចូលរួម​លើក​កម្ពស់​វិស័យ​​​អក្សរសាស្ត្រ អក្សរសិល្ប៍​ជាតិ ​ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ដល់​កវី អ្នក​និពន្ធ​វ័យ​ក្មេង​​ពុំ​​ធ្លាប់​ដាក់​ស្នាដៃ​ចូល​រួម​​ប្រកួត​​ប្រជែង​​ ​គណៈកម្មការ​រៀបចំ​​​ពាន​​​រង្វាន់​អក្សរ​សិល្ប៍​​ពុទ្ធ​សាសនបណ្ឌិត្យ​​លើក​ទី​៣​ ​ក្រោម​ប្រធានបទ​​ថា ​«ទោស​​នៃ​សុរា» ​ដែល​នឹង​ឈប់​ទទួល​​​ស្នាដៃ​ចូលរួម​​​​ប្រកួត​នៅ​​​ត្រឹម​​ថ្ងៃ​ទី ​៣១ ខែ​​​ឧសភា ប្រចាំ​​ឆ្នាំ ​២០២០ នេះ​។​

បើ​តាម​​លោក​ ​ស សុខនី ជា​ប្រធាន​​​វិទ្យាស្ថាន​ពុទ្ធ​សាសនបណ្ឌិត្យ​បាន​ឲ្យ​​​ដឹង​ថា៖ «នេះ​ជា​​​ការ​ប្រកួត​​​​ផ្នែក​​​រឿង​ខ្លី និង​​​កំណាព្យ សម្រាប់​ពាន​រង្វាន់​​អក្សរ​សិល្ប៍​​ពុទ្ធសាសន​បណ្ឌិត្យ​លើក​ទី៣ សម្រាប់​​​ឆ្នាំ ​២០២០ ​​ហើយ​​ប្រធានបទ​​សំខាន់​​​លើក​នេះ​​ ​គឺ​មាន​​​ឈ្មោះ​ថា ​«ទោស​នៃ​សុរា»​ ដោយ​មាន​​លក្ខខណ្ឌ​សម្រាប់​ការ​ចូលរួម​ចំពោះ​បេក្ខជន​ម្នាក់​អាច​ដាក់​ស្នាដៃ​បាន​តែ ​១ ​គត់​ និង​​មិនមែន​ជា​ស្នាដៃ​ដែល​ធ្លាប់​ទទួល​បាន​​​ចំណាត់​ថ្នាក់​នៅ​ពាន​រង្វាន់​ណា​​មួយ​​​ពី​មុន​ទេ​។ ស្នាដៃ​រឿង​ខ្លី​ត្រូវ​វាយ​ជា​​​​អត្ថបទ​ដោយ​ប្រើ​យូនីកូដ​ខ្មែរ​ក្នុង​កុំព្យូទ័រ​ ទំហំ​អក្សរ​ ១២ ពុម្ព Khmer OS Siemreap ខ្នាត​ក្រដាស​ A4 ដែល​​​​​មាន​ចំនួន​​​ពី​ ១០-១៥ ទំព័រ។​ ចំណែក​​ឯ​កំណាព្យ​វិញ​​​​ពី​ ៥ ទៅ​ ១០ ទំព័រ​ (មាន​គំរូ​ជូន) ព្រម​​​ទាំង​ត្រូវ​គោរព​​​​​អក្ខរាវិរុទ្ធ​​តាម​វចនានុក្រម​​​​ខ្មែរ បោះ​​ពុម្ពផ្សាយ​ដោយ​ពុទ្ធ​សាសនបណ្ឌិត្យ​គ្រា​ទី​ ​៥ ជា​ចាំបាច់ (ផ្តល់​ពិន្ទុ​ជា​ពិសេស)​។ បេក្ខជន​​ត្រូវ​បញ្ជាក់​ពី​អាសយដ្ឋាន​ លេខ​ទូរស័ព្ទ​ និង​អ៊ីមែល​ឲ្យ​​បាន​ច្បាស់​លាស់ ​ដើម្បី​ងាយ​ស្រួល​​គណៈកម្មការ​រៀបចំ​ធ្វើ​ការ​​ទាក់ទង។ ស្នាដៃ​ប្រកួត​​​នឹង​បន្ត​ទទួល​​​រហូត​ដល់​ថ្ងៃទី ​៣១ ខែ ​ឧសភា ឆ្នាំ ​​២០២០​»។​

លោក​​ ស សុខនី បាន​បន្ត​ថា៖ «វិទ្យាស្ថាន​ពុទ្ធ​សាសនបណ្ឌិត្យ​បាន​រៀបចំ​ការ​​ប្រកួត​ប្រជែង​តែង​និពន្ធ​​អក្សរ​សិល្ប៍​លើ​ផ្នែក​រឿង​​ខ្លី និង​​​​កំណាព្យ​​​​នេះ ​នៅ​​​​ក្នុង​​គោល​​បំណង​​លើក​តម្កើង​ស្នាដៃ​​​​អក្សរសាស្ត្រ​ខ្មែរ​​ឡើង​វិញ។ ​សម្រាប់​ជយលាភី​រឿង​ខ្លី​ នឹង​​ផ្តល់​ចំណាត់​ថ្នាក់​​​លេខ ១ លេខ ​២ និង​លេខ ​៣​ ខណៈ​​​​ជយលាភី​ផ្នែក​​កំណាព្យ​វិញ​​នោះ ក៏​​មាន​​ផ្តល់​ចំណាត់​ថ្នាក់​លេខ ​១ លេខ ​២ និង​លេខ ៣​ ផង​ដែរ»។​​

លោក ស សុខនី ជាប្រធាន​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​។ រូបថត សហ​ការី

គួរ​រំឭក​ដែរ​ថា ការ​ប្រកួត​ប្រជែង​ពាន​​រង្វាន់​អក្សរសិល្ប៍​ពុទ្ធ​សាសនបណ្ឌិត្យ​លើក​ទី១​ ប្រចាំ​ឆ្នាំ ២០១៨​ ផ្នែក​​​រឿង​ខ្លី និង​កំណាព្យ​​​ ក្រោម​​ប្រធានបទ​ថា ​«សុខដុមនីយកម្ម​ក្នុង​សង្គម​តាមរយៈ​សាសនា»​ ហើយ​សម្រាប់​​អ្នក​​​​​ឈ្នះ​​​​ក្នុង​ការ​ប្រកួត​នេះ​​ លេខ ​១ ​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​ ៥ ​​លាន​​​​រៀល​ លេខ​ ​២ ទទួល​បាន​ទឹក​​ប្រាក់​ចំនួន ៣​ លាន​រៀល ​និង​​លេខ ​៣​ ទទួល​បាន​ទឹក​​​ប្រាក់​ចំនួន​ ២ ​លាន​រៀល។​ ចំពោះ​​បេក្ខជន​បេក្ខនារី​ ដែល​ទទួល​​ជយលាភី​​នៃ​ពាន​រង្វាន់​អក្សរសិល្ប៍​ពុទ្ធ​សាសនបណ្ឌិត្យ​​​លើក​ទី១ ឆ្នាំ ២០១៨​ ​មាន​លេខ ​១​ ​អ្នក​​និពន្ធ រ៉េត សារ៉ុន លេខ ​២ អ្នក​និពន្ធ រ៉ា ឡៃហួរ លេខ ​៣ អ្នក​និពន្ធ ហុង វ៉ាន់សុធីរ។​ ​​

ចំណែក​ជយលាភី​ពាន​រង្វាន់​អក្សរ​​សិល្ប៍​ពុទ្ធ​សាសនបណ្ឌិត្យ​លើក​ទី​២ ឆ្នាំ ២០១៩ រួម​មាន​លេខ ​១ អ្នក​និពន្ធ ​ទៀង ពិសិដ្ឋ​​ លេខ ​២​ អ្នក​និពន្ធ លីម ដារ៉ា លេខ ​៣ អ្នក​និពន្ធ លឹម ផាន់ណា និង​កំណាព្យ​​លេខ ​១ អ្នក​និពន្ធ សាម សុនិត លេខ ២ អ្នក​និពន្ធ រ៉េត សារ៉ុន និង​​​លេខ ​៣ អ្នក​និពន្ធ ទី លីឈៀង​។​

ប្រធាន​​​​វិទ្យាស្ថាន​ពុទ្ធ​សាសនបណ្ឌិត្យ​​លោក​ ស សុខនី ក៏​បាន​ឲ្យ​​​ដឹង​​​​ដែរ​​​ថា​ កម្ពុជា​បាន​​ខកខាន​​នូវ​ការ​រៀបចំ​កម្មវិធី​ប្រកួត​ប្រជែង​អក្សរសិល្ប៍​ប្រលោម​លោក​​ពាន​រង្វាន់​អក្សរសិល្ប៍​ពុទ្ធសាសនបណ្ឌិត្យ​នេះ​ ចាប់​តាំង​ពី​​ឆ្នាំ ​១៩៩៣​ មក​​ ខណៈ​ការ​ចាប់​ផ្តើម​​​ឡើង​​​វិញ ​លើក​ទី​១​ បាន​ប្រារព្ធ​​ធ្វើ​នៅ​ឆ្នាំ ​២០១៨ ​​កន្លង​មក​នេះ​៕