ភ្នំពេញៈ ក្រោយពី​បាន​រកឃើញ​នូវ​ម្ចាស់​ជយលាភី​ពី​ការប្រកួតប្រជែង​ទេពកោសល្យ​គំនូរ​ប្រចាំ​ឆ្នាំ​ ២០១៨ រួចមក​នោះ រដូវកាល​ប្រកួត​ថ្មី​ក៏​ដល់​វេលា​ចាប់ផ្តើម​ទទួល​យក​ស្នាដៃ​របស់​ក្រុម​វិចិត្រករ​នានា​បណ្តើរៗ​ហើយ​។ ខណៈ​ថ្ងៃទី​ ២៨ ខែ​មិថុនា ឆ្នាំ​ ២០១៩ ចុង​សប្តាហ៍​នេះ​នឹង​មាន​ការបង្ហាញ​ស្នាដៃ​សិល្បៈ​គំនូរ​ដែល​នឹង​មាន​ការគូរ​បង្ហាញ​ភ្លាមៗ​របស់​ក្រុម​វិចិត្រករ​ល្បីៗ​មាន​ទាំង​ជំនាន់​មុន និង​ក្រោយ​គឺជា​ការចូលរួម​បើក​យុទ្ធនាការ​នៃ​ការផ្សព្វផ្សាយ​ពី​ការប្រកួតប្រជែង​ទេពកោសល្យ​គំនូរ​រក​ម្ចាស់​ជយលាភី​ប្រចាំ​ឆ្នាំ​​ ២០១៩ តែ​ម្តង​។

ការប្រកួតប្រជែង​ទេពកោសល្យ​គំនូរ​ប្រចាំ​ឆ្នាំ​ ២០១៨ ដែល​បាន​ទទួល​យក​បេក្ខជន​ចំនួន ១០០ ​រូប​ចូលរួម​ប្រកួត​ក្នុង​គោលបំណង​លើកស្ទួយ​តម្លៃ​ស្នាដៃ​របស់​វិចិត្រករ និង​បង្កើន​ការងារ​ផ្នែក​សិល្បៈ​គំនូរ​កាន់តែ​សម្បូរបែប​ដល់​ក្រុម​វិចិត្រករ​ដើម្បី​រក​ម្ចាស់​ជយលាភី​ចុងក្រោយ​មាន ៣ រូប​កាលពី​ឆ្នាំ​​ ២០១៨ ​កន្លងមក​។

ខណៈ​វិចិត្រករ​ជា​ជយលាភី​ទាំង​ ៣ រូប​ដែល​ត្រូវបាន​រកឃើញ​នាពេល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ​គឺ​ទទួល​បាន​ប្រាក់រង្វាន់​លើក​ទឹក​ចិត្ត​ជា​ប្រាក់សុទ្ធ​គឺ​ចំនួន ១០០០ ដុល្លារ​មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ចុះកិច្ចសន្យា​ផ្តល់​ការងារ​រយៈពេល​ ១ ​ឆ្នាំ​ដល់​បេក្ខជន​ជយលាភី សម្រាប់​ការងារ​នៅឯ​វិចិត្រសាល​ទៀត​ផង​។

ក្រុម​វិចិត្រករ​ខ្មែរ និង​បរទេស​ល្បីៗ​នឹង​មាន​វត្តមាន​នៅ​ចុង​សប្តាហ៍​នេះ​។ រូប Kbach Gallery Page

ជាក់ស្តែង​លោក ហួរ សុបិន ដែល​ជា​វិចិត្រករ​ម្នាក់​ក្នុង​ចំណោម​វិចិត្រករ​ជយលាភី​ ៣ ​រូប​ក៏​នឹង​ចូលរួម​ក្នុង​កម្មវិធី​ជា​យុទ្ធនាការ​បើក​ការផ្សព្វផ្សាយ​ពី​ការប្រកួតប្រជែង​ទេពកោសល្យ​គំនូរ​ប្រចាំ​ឆ្នាំ​ ២០១៩ ផង​ដែរ​នៅ​អគារ​ Exchange Square នៅ​ជាន់​ក្រោម​នៃ​ហាង​កាហ្វេ Hard Rock នា​ថ្ងៃ​ទី​ ២៨ ខែ​មិថុនា ឆ្នាំ​ ២០១៩ នាពេល​ល្ងាច​ថ្ងៃ​ចុង​សប្តាហ៍​នេះ​។

វិចិត្រករ ហួរ សុបិន បង្ហើប​ពី​ការ​ឲ្យ​ដឹង​ពី​គោលបំណង​ដែល​ម្ចាស់​វិចិត្រសាល Kbach Gallery គឺ​មាន​លោក តូនី ហ្វ្រង់ស៊ីស (Tony Francis) ដែល​ជា​ម្ចាស់​វិចិត្រសាល Kbach Gallery និង​វិចិត្រសាល​ធំ Factory Phnom Penh ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​អគារ​លេខ ១១៥៩ ផ្លូវជាតិ​លេខ ២ នោះ​ថា​៖ «​ខ្ញុំ​ក៏​ទទួល​អញ្ជើញ​ឲ្យ​ចូលរួម​សម្រាប់​ថ្ងៃទី​ ២៨ ខែ​មិថុនា​ចុង​សប្តាហ៍​នេះ​ដែរ​។ ខណៈ​នេះ​គឺជា​ការជួបជុំ​ដ៏ល្អ​មួយ​សម្រាប់​ក្រុម​វិចិត្រករ​ទាំងចាស់ និង​ក្មេង ដើម្បី​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ពី​ស្នាដៃ​វិចិត្រកម្ម​របស់​ខ្មែរ​យើង​ឲ្យ​មាន​ភាពល្អ​ដូច​ទៅ​ប្រទេស​ដទៃ​»​។

រយៈពេល​ ២ ​ឆ្នាំ​ក្រោយពី​បង្កើត​វិចិត្រសាល​ឈ្មោះ​ថា Kbach Gallery លោក តូនីហ្វ្រង់ស៊ីស ម្ចាស់​វិចិត្រសាល​ក៏​ជំរុញ​ឲ្យ​មាន​រៀបចំ​ការប្រកួតប្រជែង​ទេពកោសល្យ​គំនូរ​លើក​ដំបូង​នៅ​កម្ពុជា ឬ​មាន​ឈ្មោះ​ថា Kbach Artist Competition 2018 ដោយ​បាន​ចាប់ផ្តើម​បើកសម្ពោធ និង​ទទួល​បេក្ខភាព​វិចិត្រករ​ចូលរួម​ប្រកួត​តាំងពី​ថ្ងៃទី​ ២៦ ខែ​ឧសភា និង​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​ ២០១៨ កន្លង​មក​។ ដោយឡែក​ការប្រកួតប្រជែង​ទេពកោសល្យ​គំនូរ​នេះ​ក៏​នឹង​បន្ត​ធ្វើ​ជា​រៀងរាល់​ឆ្នាំ បើ​យោង​តាម​ការអះអាង​ពី​ម្ចាស់​វិចិត្រសាល​គឺ​លោក តូនីហ្វ្រង់ស៊ីស​។

កាលពី​ឆ្នាំ​ទៅ​នោះ​លោក តូនីហ្វ្រង់ស៊ីស ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​របស់​បេក្ខជន​ចូលរួម​ប្រកួត​ដែរ គឺ​មាន​ការកំណត់​យក​ត្រឹម​វ័យ​ចាប់ ១៦ ​ឆ្នាំ ដល់​វ័យ ៣០ ​ឆ្នាំ​ហើយ​ការប្រកួតប្រជែង​នេះ​ពួកគេ​ក៏​ទទួល​បាន​នូវ​ផ្ទាំង​ក្រណាត់​ម្នាក់ ១ ​ផ្ទាំង​ផង​ដែរ​សម្រាប់​គូររូប​ដោយ​ឥតគិតថ្លៃ​នៅ​ថ្ងៃ​បើក​កម្មវិធី​ផ្សព្វផ្សាយ​៕