ភ្នំពេញ៖ ក្រោយ​ពី​ការ​ប្រកួត​បវរកញ្ញា​ភេទ​ទី៣ កម្ពុជា ឆ្នាំ ២០២០ (Miss Queen Cambodia 2020) ទទួល​បាន​ជោគជ័យ​នៃ​ដំណាក់កាល​ប្រកួត​នៅ​ក្នុង​ប្រទេស ដែល​បញ្ចប់​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ រក​ឃើញ​ជយលាភី​កំពូល​ទាំង ៥ (Top5) ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញាឯក​ភេទ​ទី៣ ឈ្មោះ​កញ្ញា សុខ ប៉ូលីន ហៅ Sai Fhon។

ចំពោះ​បវរកញ្ញា​ភេទ​ទី៣ កម្ពុជា​ប្រចាំ​ឆ្នាំ ២០២០ កញ្ញា សុខ ប៉ូលីន ឬ​ហៅ Sai Fhon សព្វថ្ងៃ​មាន​វ័យ ២២ ឆ្នាំ កម្ពស់ ១,៧៧ ម៉ែត្រ ហើយ​ក៏​មាន​មុខរបរ​បើក​គ្លីនិក​ផ្នែក​សម្រស់​មាន​ឈ្មោះថា Queen S Beautiful & Academy ផង​ដែរ។

ជយលាភី​បវរកញ្ញា​ភេទ​ទី៣ កម្ពុជា​ឆ្នាំ ២០២០ ជា​ម្ចាស់​មកុដ​បាន​បាច់ផ្កា​ពិសេស​ពី Jolie Boutique ទទួល​បាន​រង្វាន់​ពី​ក្រុមហ៊ុន Obsidian ពី​ក្រុមហ៊ុន Proda ពី​ក្រុមហ៊ុន Elixir Cambodia ដែល​ជា Voucher ទឹក​ប្រាក់ ៣ ០០០ ដុល្លារ សម្រាប់​ថែរក្សា​សម្រស់​នៅ U2BE បាន​ពាន​កិត្តិយស ខ្សែ​ឆៀង និង​មកុដ​មាន​តម្លៃ ១ ម៉ឺន​ដុល្លារ ​ពី​ហាង​លក់​គ្រឿង​អលង្ការ​ឈ្មោះ CSN.J។ ចំពោះ​តំណែង​រង​ទី១ ទទួល​បាន​បាច់​ផ្កា​ពិសេស​ពី Jolie Boutique ទទួល​បាន​រង្វាន់​ពី​ក្រុមហ៊ុន Obsidian ក្រុមហ៊ុន Proda ក្រុមហ៊ុន Elixir Cambodia បាន​ខ្សែ​ឆៀង និង​បាន​មកុដ​ពី​ហាង​លក់​គ្រឿង​អលង្ការ CSN.J។

កញ្ញា Sai Fhon ជា​​បវរកញ្ញាឯក​ភេទ​​ទី​៣ កម្ពុជា​ឆ្នាំ​ ២០២០។ រូបថត សហ​ការី

ចំណែក​ឯ​តំណែង​រង​ទី២ រង​ទី៣ និង​រង​ទី៤ ទទួល​បាន​បាច់ផ្កា​ពិសេស​ពី ​Jolie Boutique ទទួល​បាន​រង្វាន់​ពី​ក្រុមហ៊ុន Obsidian​ ពី​ក្រុមហ៊ុន Proda និង​ពី​ក្រុមហ៊ុន Elixir Cambodia បាន​ខ្សែ​ឆៀង និង​មកុដ។

ខណៈ​ក្រុម​អ្នក​រៀបចំ​កម្មវិធី Miss Queen Cambodia ក៏​បាន​បង្ហាញ​ពី​ភាព​រីករាយ និង​សប្បាយចិត្ត​ដោយ​ការ​ប្រកួត​បវរកញ្ញា​ភេទ​ទី៣ កម្ពុជា​ដំបូង​ទទួល​បាន​ផ្លែ​ផ្កា​លើស​ពី​ការ​រំពឹង​ទុក​នោះ លោក ម៉ែន និមលរតន៍ អ្នក​រៀបចំ​កម្មវិធី Miss Queen Cambodia បញ្ជាក់​ថា៖ «យើង​មិន​រំពឹងថា អាច​មាន​លទ្ធផល​ខ្ពស់​បែប​នេះ​ទេ ព្រោះ​អី​គ្រាន់​តែ​ប្រកាស​រៀបចំ​ភ្លាម ផ្ទុះ​កូវីដ ១៩ ភ្លែត ធ្វើ​ឱ្យ​ខ្ញុំ​ស្រងាក​ចិត្ត​ជា​ខ្លាំង។

តែ​ទោះយ៉ាង​ណា យើង​ពិត​ជា​សប្បាយ​ចិត្ត​ដោយ​ឃើញ​អ្នក​ឈ្នះ​ក្នុង​កម្មវិធី​នេះ សុទ្ធសឹង​តែ​ជា​អ្នក​មាន​សមត្ថភាព​ខ្ពស់។ ចំពោះ​ការ​រៀបចំ​ការ​ប្រកួត​បវរកញ្ញា​ភេទ​ទី៣ ដំបូង​នេះ ខ្ញុំ​ក៏​ព្រួយបារម្ភ​ដែរ ដោយសារ​ខ្លាច​រង​ការ​រើសអើង​នានា តែ​ទីបំផុត​ការ​រៀបចំ​របស់​យើង​បែរ​ជា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ទៅ​វិញ។ ព្រោះ​ស្ថានភាព​កូវីដ ១៩ នា​ពេល​នេះ ការ​ប្រកួត​អន្តរជាតិ​ក៏​យើង​នៅ​ពុំទាន់​ទទួល​បាន​ការ​កំណត់​ពី​ខាង​អ្នក​រៀបចំ​អន្តរជាតិ​នៅ​ឡើយ​ដែរ»។

ម្ចាស់​ជយលាភី​បវរកញ្ញា​ភេទ​ទី៣ កម្ពុជា ឆ្នាំ ២០២០ ទាំង ៣ រូប គឺ​មាន​ជយលាភី​លេខ ១ បាន​ទៅ​លើ​កញ្ញាឯក​ភេទ​ទី៣ ឈ្មោះ​កញ្ញា Sai Fhon ខណៈ​ជយលាភី​រង​ទី១ កញ្ញា Hani ចំណែក​ជយលាភី​រង​ទី២ កញ្ញា Anna ។ ខណៈ​ជយលាភី​កំពូល​ទាំង ៥ រូប ក៏​នឹង​ចុះ​ហត្ថលេខា​នៅ​លើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន CAMBODIA INTERNATIONALMODELS សម្រាប់​រយៈពេល ២ ឆ្នាំ។

ក្រុម​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៃ​ការ​ប្រកួត​បវរ​កញ្ញាភេទទី​៣​កម្ពុជាឆ្នាំ​២០២០(Miss​ Queen Cambodia 2020) កាលពី​ថ្ងៃទី​ ១៩ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​​​។ សហ​ការី

ក្រោយ​ពី​ការ​រៀបចំ​លើក​ទី១ ឆ្នាំ ២០២០ ដែល​ទើបតែ​បាន​ប្រគល់​ពាន​រង្វាន់​កាលពី​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លង​មក​នោះ កម្មវិធី​ប្រកួត​បវរកញ្ញា​ភេទ​ទី៣ លើក​ទី២ នៅ​ឆ្នាំ ២០២១ ក៏​កំពុងតែ​រៀបចំ​ប្រកាស​ជ្រើសរើស​ទទួល​យក​បេក្ខភាព​នៅ​តាម​តំបន់​ខេត្ត-ក្រុង​នានា​ផង​ដែរ។

អ្នក​រៀបចំ​កម្មវិធី​ប្រកួតប្រជែង Miss Queen Cambodia រូប​នេះ​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ដំណើរការ​ជ្រើសរើស​បេក្ខភាព​នៅ​ក្នុង​រដូវកាល​ទី២ នេះ​ថា៖ «យើង​កំពុង​ចាប់​ផ្តើម​ទទួល​បេក្ខភាព​ជា​បណ្តើរ​ហើយ ខណៈ​គម្រោង​សម្រាប់​ឆ្នាំ ២០២១ នេះ យើង​នឹង​ធ្វើ​តាម​របៀប​រក្សា​គម្លាត​គ្នា ដោយ​ជ្រើស​យក ១០ រូប​ម្តង។

បេក្ខនារី​ភេទ​ទី៣ ទាំង​អស់​នឹង​ត្រូវ​ផូស្ត​រូប បន្ទាប់​ពី​ជ្រើស​វគ្គ​ទី១ តាមរយៈ​រូបថត​ដាក់​ពាក្យ​រួច​ហើយ​ត្រូវ​ឆ្លងកាត់​វគ្គ​ទី២ គឺ​ការ​ប្រកួត​រ៉ូប​លើ ៤ ឈុត​ផ្សេង​គ្នា ដើម្បី Vote តាម Facebook និង​ការ​ដាក់​ពិន្ទុ​ពី​គណ:កម្មការ ទើប​អាច​ជាប់​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ការ​ប្រកួត​ចុង​ក្រោយ​គ្រោង​នឹង​ធ្វើ​នៅ​ចុង​ឆ្នាំ​តែ​ម្តង»។

សម្រាប់​ការ​ទំនាក់ទំនង​ដាក់​ពាក្យ​ប្រកួត​តាម​ឆាត Inbox មក​កាន់ FB Page: Miss Queen Cambodia និង​សាកសួរ​ព័ត៌មាន​មក​តាម​លេខ​ទូរស័ព្ទ ០៧០ ៥៩១ ៧៧៧៕

ក្រុម​​បវរកញ្ញា​ភេទទី៣ កម្ពុជា​ឆ្នាំ​ ២០២០ ពេល​បង្ហាញ​សមត្ថភាពប្រកួត​​​។ រូបថត សហ​ការី

ក្រុម​គណៈកម្មការ​ផ្តល់​ពិន្ទុ​នៃ​ការ​ប្រកួត​បវរ​កញ្ញាភេទទី​៣ ​កម្ពុជាឆ្នាំ​ ២០២០ (Miss​ Queen Cambodia 2020) កាលពី​ថ្ងៃទី​ ១៩ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​​​។ សហ​ការី