ភ្នំពេញ៖ នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​​អ្នក​ថត​​​កីឡា​ អាច​មាន​ឱកាស​​​បង្ហាញ​ថ្វី​ដៃ​ថតរូប​របស់​ខ្លួន តាមរយៈ​​ការ​ដាក់​​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​រូបភាព​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​​ នៅ​ក្នុង​​ប្រទេស​​កម្ពុជា ​ប្រចាំ​ឆ្នាំ ​២០២០ ដែល​​រៀបចំ​ដោយ​​គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា ​(CNCC) សហការ​ជាមួយ​​នឹង​មូលនិធិ​ជប៉ុន​នៃ​មជ្ឈមណ្ឌល​​អាស៊ី ( JFAC-The Japan Foundation)។

ខណៈ​ការ​ប្រកួត​រូបថត​កីឡា​​​ ដែល​រៀបចំ​ដំបូង ​ដោយ​​គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា​​ នឹង​​ផ្តល់​​​រង្វាន់លើកទឹកចិត្តចំនួន ៣ នៃម្ចាស់​ជយលាភី​រូបភាព​ស្អាត​បំផុត​​ ហើយ​ស្នាដៃ​នោះ​ទៀត​សោត​ ក៏​នឹង​ត្រូវ​​យក​ទៅ​ដាក់​តាំង​ពិព័រណ៍​ផង​​ដែរ ក្រោយ​ពី​ប្រកាស​​​លទ្ធផល​​​អ្នក​ទទួល​ជ័យជម្នះ​ពី​ការ​ប្រកួត​។

បើ​តាម​គេហទំព័រ​ផ្លូវ​ការ ​CNCC បាន​ឱ្យ​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​នេះ​​ថា៖ «ចំពោះ​​អ្នក​ថតរូប​ដែល​ចង់​ដាក់​ប្រកួត​នោះ​ត្រូវ​បំពេញ​នូវ​លក្ខខណ្ឌ​​មួយ​​ចំនួន​ ​គឺ​ត្រូវ​ជា​ក្រុម​អ្នក​ថតរូប​ដែល​ផ្តល់​សិទ្ធិ​ ឬ​មាន​កាត​​​​​អ្នក​សារព័ត៌មាន​​​ផ្តល់​ដោយ​ ​CNCC ជា​អ្នក​ថត​រូប​ផ្លូវ​ការ​​​​របស់​ក្លិប​បាល់ទាត់​អាជីព ឬ​​​​របស់​ក្រុម​បាល់ទាត់​ទាំង​​អស់​​​​​នៃ​ក្របខ័ណ្ឌ​​​លីគ​កំពូល​កម្ពុជា ​(​MCL) និង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន ​​(HSC​)​ និង​​ជា​​អ្នក​ថតរូប​ដែល​​​រក​ចំណូល​​​​​​បាន​ដោយ​ការ​ថត​​រូប​កីឡា (Freelancer)​។​ ចំណែក​ឯ​​រូបភាព​ដាក់​ប្រកួត​​វិញ​​​នោះ​ ត្រូវ​មាន​ចំនួន​ ៥​ សន្លឹក​ ដែល​ជា​​​ប្រភេទ​​ File.-​JPG​ ជា​រូប​ពណ៌ (តែ​រូប​​មាន​​ការ​​កែ​​សម្រួល ឬ​រូប​ដាក់​បន្ថែម​​​អ្វី​មិនមែន​ជា​ការ​ពិត​ចូល គឺ​មិន​ទទួល​​យក​​​នោះ​ទេ) ត្រូវ​ធ្វើ​ការ​ដាក់​​​អត្ថន័យ​ឱ្យ​រូប​ទាំង ៥ នោះ ​(មិន​កំណត់​ចំនួន​អក្សរ​នៃ​ការ​សរសេរ​ទេ) តែ​កុំ​ខ្លី​ខ្លាំង​ពេក។ ​អាច​​​ទទួល​​យក​បាន​​នោះ គឺ​ការ​សៀរ៉េ​ទំហំ​ពិត​របស់​រូបថត​​ តែ​​ទោះបី​ជា​​យ៉ាង​ណា​សូម​ធ្វើ​វា​ឱ្យ​បាន​​​ល្អ និង​ធានា​ឱ្យ​​មាន​ភាព​ច្បាស់​​ ឬ​​ក៏​មិនមាន​​ប៉ះពាល់​​​ដល់​គុណភាព​​រូប​ពេល​​​ធ្វើ​ការ​ព្រីន​លើ​ទំហំ​ក្រដាស​ A2 (ជា​​ទំហំ​​រូប​​​​​ដាក់​តាំង​ពិព័រណ៍)»។​ ​

ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន សម្រាប់​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទាត់​ឆ្នាំ ​២០២០​។ហ៊ាន រង្សី

ប្រភព​​​ដដែល​នៃ​គេហទំព័រ ​CNCC ក៏​​បន្ត​ឱ្យ​ដឹង​ទៀត​​ថា៖ «​ចំពោះ​រូបភាព​វិញ ​ត្រូវ​តែ​ថត​ដោយ​​ខ្លួន​ឯង ហើយ​ជា​ការ​ថត​ នា​អំឡុង​​ពេល​​នៃ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ឬ​ពាន​​រង្វាន់​មិត្ត​ហ្វូន ខេមបូឌាន​លីគ ​(MCL) និង​ពាន​​រង្វាន់​សម្តេច​ហ៊ុន​សែន ​ក្នុង​​រដូវកាល​ឆ្នាំ ​២០១៩ និង​ឆ្នាំ ​២០២០»។

ឯ​ការ​ប្រកាស​​លទ្ធផល​​អ្នក​ឈ្នះ​​នឹង​ជូន​ដំណឹង​ទៅ​​ថ្ងៃ​ក្រោយ​ ខណៈ​ការ​ចាប់​ផ្តើម​​ទទួល​​​ពាក្យ​ចូល​រួម​ប្រកួត​វិញ​​ចាប់​តាំង​ពី​​ថ្ងៃ​ទី ៥ ខែ ​វិច្ឆិកា ឆ្នាំ ​២០២០ និង​បន្ត​ទទួល​ពាក្យ​​រហូត​​​ដល់​ថ្ងៃ​ទី ១៩ ខែ​ ​វិច្ឆិកា ឆ្នាំ ​២០២០ ហើយ​អាច​ផ្ញើ​តាមរយៈ​​អ៊ីមែល:​ info.cnccstaff​@​gmail.com៕​

​ក្រុម​កីឡាបាល់ទាត់​វិសាខាឈ្នះពានជើងឯក​ឆ្នាំ ២០២០​​។ហ៊ាន រង្សី