ភ្នំពេញ៖ ដោយសារតែមានគោលបំណងចង់បញ្ជ្រាបការយល់ដឹងពីវប្បធម៌ និងអបអរសាទរបុណ្យប្រពៃណីខ្មែរឆ្នាំថ្មីឆ្នាំជូត ខិតជិតមកដល់ទើបក្រុមហ៊ុន FUN Entertainment រៀបចំឲ្យមានការប្រកួតជ្រើសរើសធីតាឯកសង្រ្កាន្តឆ្នាំ ២០២០ លើកដំបូងដែលមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មានផងដែរ។
បើតាមអ្នកនាង សំណាង ពុទ្ធានី ដែលជាបុគ្គិលផ្នែកទំនាក់ទំនងសាធារណៈ និងសមាជិកនៃគណៈកម្មការប្រកួតជ្រើសធីតាឯកសង្ក្រាន្តឆ្នាំ ២០២០ នេះបង្ហើបថា៖ «ការរៀបចំនេះ មានគោលបំណងធំ ២ យ៉ាង។ ទី១ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំជូត ដែលខិតចូលមកដល់។ ទី២ ចង់បញ្ជ្រាបបន្ថែមពីការយល់ដឹងអំពីវប្បធម៌ទៅដល់កូនខ្មែរជំនាន់ក្រោយឲ្យបានយល់។
តាមប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំ តែងមានការផ្សាយពីដំណើរយាងចុះរបស់ទេពធីតានីមួយៗប្រចាំឆ្នាំតាមថ្ងៃទាំង ៧ ខណៈទេពធីតាទាំងនោះគឺជាបុត្រធីតារបស់កបិលមហាព្រហ្ម»។
ការឈប់ទទួលពាក្យបេក្ខភាពនៅត្រឹមថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២០ ខណៈការជ្រើសរើសដែលអាចឲ្យចូលរួមបាននោះ គឺជាបេក្ខនារីមានវ័យចាប់ពី ១៨ ឆ្នាំដល់ ២៥ ឆ្នាំ មានកម្ពស់ចាប់ពី ១,៦៣ ម៉ែត្រ ឡើងទៅកម្រិតវប្បធម៌កំពុងសិក្សានៅថ្នាក់មធ្យមសិក្សាទុតិយភូមិឡើង មានកាយសម្បទាល្អ និងមានទំនុកចិត្តទៅលើខ្លួនឯង។
អ្នកនាង ពុទ្ធានី ក៏បន្តឲ្យដឹងថា៖ «ការជ្រើសរើសនេះ មាន ៣ ដំណាក់កាល។ ដំបូងចម្រុះចំនួន ៦០ រូប ខណៈវគ្គបន្ទាប់ចម្រាញ់យក ១៥ រូប និងជាចុងក្រោយធ្វើនៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២០ មាន ២ វគ្គ គឺវគ្គដំបូងត្រូវចម្រាញ់យក ៧ រូប ដែលជាចំនួនតំណាងឲ្យបុត្រធីតាទាំង ៧ អង្គរបស់កបិលមហាព្រហ្ម និងវគ្គចុងក្រោយសម្រាំងយកទេពធីតាឯកប្រចាំឆ្នាំ ២០២០»។
សម្រាប់ឈុតថតស្ប៉តផ្សព្វផ្សាយពីការប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្តឆ្នាំ ២០២០ ដែលមានកញ្ញា ដេត ស្រីនាឌ អតីតគឺជាម្ចាស់មកុដ Miss Grand Cambodia 2019 ក៏ត្រូវអ្នកនាង ពុទ្ធានី បញ្ជាក់ថា៖ «ក្រុមហ៊ុន FUN Entertainment យល់ថា ស្រីនាឌ មានលក្ខណសម្បត្តិច្រើនស័ក្តិសម។
ស្រីនាឌ មានរូបសម្បត្តិស្អាត ទឹកមុខស្រស់ញញឹម ចរិយាសម្បត្តិសុភាពរម្យទម ទើបយើងបានសម្រេចជ្រើសថតស្ប៉តនេះ»៕