ភ្នំពេញ៖ ខណៈ​ការ​​ប្រកាស​ជ្រើសរើស​​បេក្ខនារី​​ឲ្យ​ចូលរួម​ការ​​ប្រកួត​​​​សម្រស់​​នារី Miss Grand Cambodia​ ឆ្នាំ ​២០២០ បាន​​ចាប់​ផ្តើម​​​តាំង​ពី​​ចុង​​​ឆ្នាំ ​២០១៩ ​​មក​ហើយ ​​​​មាន​បេក្ខនារី​​​​ដាក់​ពាក្យ​ចូលរួម​​ជាង ​ ៣០០ ​រូប​ តាមរយៈ​​ការ​ប្រកួត​​​ជម្រុះ​​​​ជា​ហូរហែ​​ នៅ​​សល់​​ត្រឹម​​ចំនួន​ ៥០ ​រូប​ ដែល​​​នឹង​ត្រូវ​ប្រកួត​​​​​ប្រជែង​បន្ត​នៅ​​​វគ្គ​ពាក់​កណ្តាល​​​ផ្តាច់ព្រ័ត្រ​នា​​ថ្ងៃទី​ ​១៤ ខែ ​សីហា ឆ្នាំ ​២០២០ ស្អែក​នេះ​។​​

ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ មាន​ភាព​​អស្ចារ្យ ​​ក្នុង​​​ផ្សារ​ទំនើប​អ៊ីអនម៉ល ​២ ​ចាប់​​​ពី​​​​ម៉ោង ​២​ និង ​៣០ ​នាទី​ នា​​​​​​ថ្ងៃ​សុក្រ​ ទី ​១៤ ខែ ​សីហា ឆ្នាំ ​២០២០ ​មាន​​ផ្សាយផ្ទាល់​​ពី​ផេច​​ហ្វេសប៊ុក​ផ្លូវ​ការ​ Miss​ Grand Cambodia និង​អ្វី​កាន់​តែ​ពិសេស​ជាង​នេះ​​​ទៀត​​​ ក៏​​​​​មាន​វត្តមាន​តារា​ចម្រៀង​​​ស្រី​អូរីជីណល ​ដ៏​ល្បី​ឈ្មោះ​ម្ចាស់​​បទ ​«​​​នៅ​​ទីនេះ​​​កំពុង​តែ​មាន​មនុស្ស​ខូចចិត្ត»  អ្នក​នាង​ អេដា ចូលរួម​ញ៊ាំង​កម្មវិធី​កាន់​តែ​សប្បាយ​រីករាយ​ផង​ដែរ​។

បើ​តាម​​​​លោក អ៊ិន សុភិន អគ្គនាយក​​​ផលិតកម្ម​មហាហង្ស​ ដែល​ក្រុមហ៊ុន​របស់​​លោក​ ​ក៏​​ទទួល​បាន​​​សិទ្ធិ​​​​​​រៀបចំ​​កម្មវិធី​ប្រកួត ​Miss Grand Cambodia ​ឆ្នាំ ២០២០ នេះ​ផង​ដែរ ក្រៅ​​ពី​​​សិទ្ធិ​រៀបចំ​​ការ​ប្រកួត​ Miss Supranational ថ្មី​សន្លាង​​​មួយ​​សម្រាប់​​កម្ពុជា​​នោះ​​ បង្ហើប​​ប្រាប់​ថា៖ «​កម្មវិធី ​Miss Grand Cambodia ​ឆ្នាំ ២០២០ ​ដំណើរការ​មក​ដល់​​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់​ព្រ័ត្រ​​ហើយ​ ​ដែល​​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ​១៤ ខែ ​សីហា ឆ្នាំ ២០២០​ ចាប់​ពី​ម៉ោង ២ និង ​៣០ នាទី​រសៀល​ នៅ​ទីតាំង​​ផ្សារ​ទំនើប​​អ៊ីអនម៉ល ​២។ យើង​បាន​ធ្វើ​ការ​ជម្រុះ​យក​បេក្ខនារី​ពី​ចំនួន​​ជាង ​៣០០ រូប​ មក​រហូត​សល់​​ត្រឹម​ចំនួន ៥០ រូប ឲ្យ​បន្ត​ចូលរួម​ប្រកួត​​វគ្គ​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ ហើយ​យើង​នឹង​ចម្រាញ់​យក​​​ចំនួន ​២៥ រូប ដើម្បី​បាន​បេក្ខ​នារី​ជា​តំណាង​​ឲ្យ ២៥​ ខេត្ត​​-ក្រុង​ផង​ដែរ​ សម្រាប់​បើក​​យុទ្ធនាការ​ឲ្យ​​បេក្ខនារី​ជាប់​វគ្គ​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​​នេះ ​ដែល​​ជា​ការ​ប្រកួត​ប្រជែង​សន្សំ​ពិន្ទុ​ ដើម្បី​​ការ​ប្រកួត​ចុង​ក្រោយ​នៅ​វគ្គ​​ផ្តាច់​ព្រ័ត្រ ដែល​យើង​នឹង​ធ្វើ​នៅ​​ចុង​ខែ​កញ្ញា​ ឆ្នាំ ​២០២០​។ ​​ហើយ​សម្រាប់​វគ្គ​​ផ្តាច់​ព្រ័ត្រ​​នោះ យើង​នឹង​ជ្រើសរើស​យក​បេក្ខនារី​​ជយលាភី​ចំនួន​ ​៥ ​រូប ឬ​​​ហៅ​ថា ​​បេក្ខនារី Top5​។ ក្រៅ​​​ពី​នេះ​យើង​ក៏​​​មាន​រៀបចំ​​​ឲ្យ​មាន​​ជយលាភី​ផ្សេងៗ​ទៀត​ដែរ​ ដូច​ជា​បេក្ខនារី​មាន​​ស្នាម​ញញឹម​ស្រស់ បេក្ខនារី​មាន​ដំណើរ​ស្អាត​ ឬ​បេក្ខនារី​មាន​សម្រស់​​ស៊ី​កាមេរ៉ា​​ សម្រាប់​​ការ​ថត​​​​កុន​​​ជា​​ដើម​ ដែល​ទាំង​​នេះ ​គឺ​ជា​​ការ​ធ្វើ​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​​​បេក្ខនារី​ ​​មិន​បាន​​ជាប់​​ក្នុង​​បេក្ខនារី Top5​ នោះ​​»។

លោក អុិន សុភិន ពេលទទួល​​សិទ្ធិ​រៀបចំMiss Grand Cambodia 2020។ ហ្វេសប៊ុក

លោក អ៊ិន សុភិន បាន​បន្ត​​​ឲ្យ​​​ដឹង​ទៀត​ថា៖ «​កម្មវិធី​ Miss Grand Cambodia​ 2020 ​ក្នុង​​ឆ្នាំនេះ ​ជា​ឆ្នាំ​ដែល​អស្ចារ្យ​ ១ ​​​ដែរ ​ដោយ​​កម្មវិធី​មិន​ត្រឹមតែ​ប្រកាស​ស្វែងរក​បេក្ខនារី​ទូទាំង ២៥ ខេត្ត​-ក្រុង​ ទទួល​ពាក្យ​​សុំ​ចូលរួម​ប្រកួត​នោះ​ទេ​ តែ​កម្មវិធី​​​ក៏​បាន​បើក​ឱកាស​ឲ្យ​ប្រជាជន​ខ្មែរ ដែល​មាន​ចំណេះ​ជំនាញ ឬ​​មាន​ទេពកោសល្យ​ផ្នែក​រចនាម៉ូដ ​អាច​មក​ដាក់​ពាក្យ​​​​ចូល​រួម​ប្រកួត​​យក​​​ជយលាភី​​ផង​​ដែរ​។​

សូម​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​​ ថា​តើ​បេក្ខនារី​រូប​ស្រស់ និង​ឈ្លាស​វៃ រូបណា​ដែល​ជា​បេក្ខនារី​​ស័ក្តិ​​សម​បំផុត ​សម្រាប់​​តំណាង​​​ខេត្ត​​របស់​អ្នក​ និង​សូម​រង់ចាំ​មើល​ថា តើ​សម្លៀក​បំពាក់​​តំណាង​ឲ្យ​ខេត្ត សម្លៀក​បំពាក់​ក្នុង​រាត្រី​​សមោសរ​សម្លៀក​​​បំពាក់​បុរាណ​ខ្មែរ និង​សម្លៀក​​​បំពាក់​ផ្សេងៗ​ទៀត ដែល​ទទួល​បាន​​ជយលាភី​នៅ​ក្នុង​កម្មវិធី។​

អ្វី​​​​ដែល​យើង​កំពុង​​តែ​​​​ទន្ទឹង​រង់ចាំ​​​ខ្លាំង​ទៀត​នោះ ថា​​​តើ​បេក្ខនារី​រូប​ណា ដែល​នឹង​ក្លាយ​​ជា​បេក្ខនារី​ដ៏​ស័ក្តិសម​បំផុត​ និង​អាច​គ្រង​​​មកុដ​​​ក្នុង​​កម្មវិធី​ប្រកួត​ ​Miss Grand​ Cambodia 2020 ​នៅ​កម្ពុជា ដែល​​ខ្លួន​នឹង​ត្រៀម​បន្ត​ទៀត​​ ដើម្បី​​បាន​ជា​តំណាង​ប្រទេស​ទៅ​ចូលរួម​​ប្រកួត​នៅ​ក្នុង​​​កម្មវិធី​អន្តរជាតិ ​Miss Grand International ប្រារព្ធ​ធ្វើ្វ​នៅ​​​ប្រទេស​​វេណេស៊ុយអេឡា​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​ប្រកួត​ប្រជែង​រក​ម្ចាស់​មកុដ​ផ្នែក​សម្រស់​ Miss Grand Cambodia 2020 នេះ​ ត្រូវ​ផលិតកម្ម​មហាហង្ស​ភាពយន្ត បាន​​ទិញ​​សិទ្ធិ​​មក​ពី​ប្រទេស​ថៃ និង​​បាន​ប្រកាស​ទទួល​ពាក្យ​បេក្ខនារី​ទូទាំង​​ប្រទេស​ចំនួន​ ២៥ ខេត្ត​-​​​ក្រុង ខណៈ​ពេល​នេះ​បាន​​ឈាន​មក​ដល់​វគ្គ​ពាក់​​កណ្តាល​​​​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ​១៤ ខែ​សីហា នេះ៕​