ភ្នំពេញ៖ ការប្រកួតប្រជែងទេពកោសល្យស្នាដៃសិល្បៈឆ្នាំ ២០១៩ ឬ Kbach Artist Competition 2019 បានរកឃើញនូវម្ចាស់ជយលាភី ៣ ប្រភេទផ្សេងគ្នា ក្រោយពីការប្រកួតប្រជែងចំណោមបេក្ខភាពចូលរួមមាន ១០០ រូប ឬ ១០០ ផ្ទាំង កាលពីចុងសប្តាហ៍កន្លងមក។
បើតាមសេចក្តីជូនដំណឹងពីគេហទំព័រ Kbach Gallery បានប្រកាសដំណឹងលទ្ធផលនៃម្ចាស់ជយលាភីចំនួន ៣ ប្រភេទផ្សេងគ្នា គឺទី១ ប្រភេទគំនូរលើផ្ទាំងក្រណាត់ ទី២ ប្រភេទគំនូរលើជញ្ជាំង និងទី៣ ប្រភេទរូបចម្លាក់ ដោយមានក្រុមគណៈកម្មការវាយតម្លៃនៃការប្រកួត សុទ្ធតែមានបទពិសោធច្រើនឆ្នាំ និងស្នាដៃច្រើនក្នុងវិស័យសិល្បៈវិចិត្រកម្មនេះ គឺមានវិចិត្រករជើងចាស់លោក ឈឹម សុធី វិចិត្រករស្រីឆ្នើម លោកស្រី ឆន ឌីណា និងវិចិត្រករឆ្នើមលោក ឯម រៀម។
គេហទំព័រសិល្បៈក្បាច់បានឲ្យដឹងថា៖ «បេក្ខជនជយលាភីទទួលបានរង្វាន់ជាសាច់ប្រាក់ និងកិច្ចសន្យារយៈពេល ១ ឆ្នាំ ជាមួយវិចិត្រសាលក្បាច់ ដូច្នេះពួកគាត់អាចអភិវឌ្ឍជំនាញ និងធ្វើការជាមួយក្រុមសិល្បករអន្តរជាតិផងដែរ។
ពិតជាមោទនភាពចំពោះអ្នកដែលចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំនេះ ហើយនឹងអាចរង់ចាំមើលការរីកចម្រើនរបស់ពួកគេសម្រាប់ថ្ងៃខាងមុខ។ បេក្ខជនជយលាភីនោះ មានម្ចាស់ជយលាភីគំនូរលើផ្ទាំងក្រណាត់ បានទៅលើវិចិត្រករ មឿន អូន ម្ចាស់ជយលាភីគំនូរលើជញ្ជាំងបានទៅវិចិត្រ យាន សុខហេង និងម្ចាស់ជយលាភីរូបចម្លាក់ គឺលោក រៀម មុនីស៊ីឡុង»។
ខណៈប្រភេទគំនូរលើផ្ទាំងក្រណាត់របស់លោក មឿន អូន មានចំណងជើងថា «មនុស្សជើង ៣» ត្រូវបានវិចិត្ររូបនេះបញ្ជាក់ថា៖ «មនុស្សជើង ៣ គឺខ្ញុំចង់សំដៅលើមនុស្សមានវ័យភាពចាស់ និងវ័យមួយដែលពួកយើងទាំងអស់គ្នា ត្រូវឆ្លងកាត់ ហើយមនុស្សខ្លះ ក៏មិនបានឆ្លងកាត់ ដោយសារមានបញ្ហាជាច្រើនកើតឡើងចំពោះជីវិត ដោយមិននឹកស្មានថា នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក។
មនុស្សជើង ៣ នេះដែរ គឺប្រៀបដូចជាជីវិតមួយ ដែលបានបាត់បង់នូវរសជាតិជីវិត ដែលខ្លួនធ្លាប់មានកាលពីវ័យក្មេង ដែលជាវ័យពោរពេញដោយកម្លាំង និងមានឱកាសបង្ហាញនូវអ្វីដែលខ្លួនចង់ធ្វើដើម្បីអ្វីមួយ ឬច្រើនយ៉ាង។ តែមនុស្សខ្លះ ក៏ស្ទើរតែគ្មានឱកាស សម្រាប់ជីវិតខ្លួននៅក្នុងការបង្កើត និងបង្ហាញអ្វី ដែលខ្លួនមាន ព្រមទាំងអ្វីដែលខ្លួនប្រាថ្នា តែបែរជាគ្មានន័យទៅវិញ។
វិចិត្ររូបនេះបន្តថា៖ «ភាពចាស់ ជាវេលាមួយ ដែលមនុស្សបាត់បង់នូវថាមពល បាត់បង់សម្រស់ ចិត្តគំនិតស្នាមញញឹម សេចក្តីសុខ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់របស់មនុស្សជុំវិញខ្លួន ហើយក៏ជាវេលាមួយ ដែលទ្រុឌទ្រោម ដោយសារជំងឺចាស់ ជំងឺឆាប់ភ្លេច និងជំងឺផ្សេងៗ ដែលវាអាចកើតឡើងបាន មិនថាជំងឺដោយមេរោគ ជំងឺចាស់ជរា និងសង្គមនោះទេ។ ដូច្នេះក្នុងវ័យដែលពោរពេញដោយកម្លាំង ស្នាមញញឹម សម្រស់សេចក្តីស្រឡាញ់ ភាពក្លាហាន និងឱកាស គឺយើងគួរតែប្រើប្រាស់វាឲ្យមានតម្លៃសម្រាប់ខ្លួន និងសង្គមជាតិ ហើយឲ្យដឹងហើយថា ជីវិតរបស់មនុស្សគ្រប់រូបគឺយើងមិនអាចកំណត់ដោយខ្លួនឯងបានឡើយ ក៏ប៉ុន្តែមានចំណុចខ្លះគឺយើងអាចធ្វើវាបានដោយការកំណត់គោលនយោបាយនៃអនាគតរបស់ខ្លួនអ្នកថា តើអ្នកនឹងត្រូវធ្វើអ្វីខ្លះនៅពេលដែលអ្នកពោរពេញទៅដោយថាមពលដើម្បីខ្លួនឯង សង្គមជាតិ និងមជ្ឈដ្ឋាននៅព័ទ្ធជុំវិញនោះ»៕