ភ្នំពេញៈ ការ​បណ្តុះ​ពន្លក​តារា​កម្ពុជា តាមរយៈ​កម្មវិធី​ប្រកួត​ប្រជែង​រើស​រក​ស្រី​ស្អាត និង​ប្រុស​ស្អាត ឬ Freshie Girls & Boys នោះ​បាន​ឈាន​មក​ដល់​រដូវ​កាល​ជំនាន់​ទី ១៧ ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ​ក្រោម​ការ​រៀបចំ​ដោយ​ក្រុមហ៊ុន BKA ENTERTAINMENT បាន​ចម្រាញ់ និង​ជម្រុះ​ជ្រើស​រក​ឃើញ​បេក្ខជន-បេក្ខនារី ដើម្បី​ត្រៀម​បណ្តុះ​នូវ​គ្រាប់​ពូជ​សិល្បករ-សិល្បការិនី​ជំនាន់​ក្រោយ។

កម្មវិធី​ប្រកួតប្រជែង​រើស​រក​ស្រី​ស្អាត និង​ប្រុស​ស្អាត ឬ Freshie Girls & Boys ជំនា​ន់ទី ១៧ នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ​មាន​លក្ខណ​ពិសេស​ជាង​ឆ្នាំមុ​នៗ ដោយសារ​តែ​មាន​ការ​បន្ថែម​នូវ​កម្មវិធី ២ ផ្សេង​ទៀត​គឺ​កម្មវិធី​ប្រកួត Khmer Super Model ជំនា​ន់ទី ៩ និង​កម្មវិធី Mister Cambodia ជំនា​ន់ទី ២។

ថ្លែងប្រាប់​នៅ​ចំពោះមុខ​បណ្តា​អ្នក​សារ​ព័ត៌មាន​ជាច្រើន​នា​ថ្ងៃ​កម្មវិធី​បើក​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី ៩ ខែ​មេសា ឆ្នាំ ២០១៨ នៅ​ឯ​សណ្ឋាគារ​ជូលីណា លោក ប៊ុនកើដ អាំង​អាំនួយ​សិរី ជា​ម្ចាស់​គម្រោង​នៃ​កម្មវិធី Freshie Girls & Boys កម្មវិធី Khmer Super Model កម្មវិធី Mister Cambodia និង​កម្មវិធី​ប្រកួត Miss Grand Cambodia និង​អ្នក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន BKA ENTERTAINMENT បាន​ឲ្យ​ដឹង​ថា៖ «យើង​សូម​ថ្លែង​អំណរគុណ​ជា​ពន្លឹក ដោយ​ថ្នាក់​ដឹកនាំ តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​កម្ពុជា បាន​ផ្តល់​នូវ​អាជ្ញាប័ណ្ណ ក៏​ដូចជា​ការ​មើល​ខុសត្រូវ ចង្អុល​បង្ហាញ​ជាទី​ប្រឹក្សា ផ្តល់​នូវ​ក្រុម​សាស្ត្រាចារ្យ​ជំនាញ​ហ្វឹកហាត់ ផ្ទេរ​ចំណេះដឹង​ផ្នែក​សិល្បៈ​ខ្មែរ សម្រាប់​បេក្ខជន-បេក្ខនារី នៅ​គ្រប់​កម្មវិធី​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ។ តាមរយៈកម្មវិធី​នេះ​ដែរ​ក៏​ជា​ថ្នាល ឬ​មាគ៌ា​មួយ​ក្នុង​ការ​ចម្លង​ក្តី​ស្រមៃ​នៃ​យុវជន យុវតី​ខ្មែរ​បាន​សម្រេច​នូវ​គោលដៅ និង​ក្តី​បំណង​ប្រាថ្នា​របស់​ពួកគេ​នៅ​ក្នុង​សង្គម​សិល្បៈ ដោយ​បាន​ក្លាយជា​សិល្បករ និង​សិល្បការិនី ឆ្នើម​នៅ​លើ​វិថី​សិល្បៈ​កម្ពុជា​នាពេល​អនាគត»។

បេក្ខនារី​ ដែលបាន​​ចម្រាញ់​ចុង​ក្រោយនៅ​ក្នុង​ការ​ប្រកួត​ Freshie Gilrs & Boys ជំនាន់ទី ​១៧​។ហេង ជីវ័ន

លោក​បន្តថា៖ «ឆ្នាំ ២០១៨ នេះ ជា​លើក​ទី ១ ដែល​រៀបចំ​កម្មវិធី ៣ ក្នុង​ថ្ងៃ​តែមួយ ដើម្បី​ជា​វេទិកា​កិត្តិយស​មួយ​ទុក​ឲ្យ​យុវជន យុវតី​កម្ពុជា អាច​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​របស់​ពួកគេ ជាមួយ​នឹង​រូប​សម្បត្តិ​ស្រស់​សោភា និង​ស្រស់​សង្ហា»។

កម្មវិធី ៣ រួមគ្នា ដែលមាន​កម្មវិធី Freshie Girls & Boys ជំនា​ន់ទី ១៧ កម្មវិធី Khmer Super Model ជំនាន់ទី ៩ និង​កម្មវិធី Mister Cambodia ជំនា​ន់ទី ២ មាន​បេក្ខជន និង​បេក្ខនារី​ចូលរួម​ដាក់​ពាក្យ​ប្រកួត​សរុប​ចំនួន ៣០០០ នាក់ មក​ពី​បណ្តា​វិទ្យាល័យ និង​មហាវិទ្យាល័យ​នានា​ទូទាំង​ប្រទេស​កម្ពុជា ក្រោយ​ពី​ជ្រើសរើស​មក​កម្មវិធី Freshie Girls & Boys រក​ឃើញ​ស្រី​ស្អាត ២៥ រូប និង​បេក្ខជន ១៦ រូប ខណៈ​បេក្ខនារី​នៃ​កម្មវិធី Khmer Super Model បាន ១២ រូប និង Mister Cambodia បាន​បេក្ខជន ១០ រូប។

ការប្រកាស​ម្ចាស់​ជយលាភី​ទាំង ៣ នឹងធ្វើ​នៅក្នុង​ខែ​កក្កដា ឆ្នាំ ២០១៨ ខាងមុខ ខណៈ​កម្មវិធី Freshie Girls & Boys នឹង​ចាក់​ផ្សាយ​នៅ​បុស្តិ៍ MyTv ថ្ងៃទី ២០ ខែ​មេសា នេះ៕