ក្រុង​ឡូសអេនជឺលេស៖ ការ​ដាក់​នុយ​សាច់​ជ្រូក​ ៣ ជាន់ និង​នំ​ដូណាត់ ទាក់ទាញ​ខ្លា​ឃ្មុំ ការ​ប្រើ​ភ្លើង​ហ្វា​បញ្ចាំង​ភ្នែក​ និង​ការ​ប្រមាញ់​កូន​ចចក​ដល់​ទី​ជម្រក ក្លាយ​ជា​ទង្វើ​ស្រប​ច្បាប់​នៅ​ទូទាំង​រដ្ឋ​អាឡាស្កា ក្រោម​​ច្បាប់​សហព័ន្ធ​ថ្មី​ ក្រោយ​​​ដក​បម្រាម​ដែល​ធ្លាប់​តែ​​ខុស​ច្បាប់​​ក្នុង​របប​ដឹកនាំ​របស់​លោក​ បារ៉ាក់ អូបាម៉ា​។

ទិចនិក​ប្រមាញ់​សត្វ​ព្រៃ​ដ៏​ចម្រូង​ចម្រាស ​រួម​ទាំង​ការ​ប្រើ​ឆ្កែ​តាម​ដាន​ខ្លា​ឃ្មុំ និង​ប្រមាញ់​ក្ដាន់​ហែល​ទឹក​ពី​លើ​ម៉ូតូ​ទឹក​ រង​នូវ​ការ​រិះគន់​ដោយ​ក្រុម​បរិស្ថាន​​និយម តែ​ត្រូវ​បាន​សាទរ​ដោយ​​​កុលសម្ព័ន្ធ​​ប្រមាញ់​​សត្វ​​​ដ៏​សម្បូរ​បែប​ជា​អាហារ​។​

ក្រោយ​ទីភ្នាក់ងារ​​សេវាកម្ម​ឧទ្យាន​ជាតិ​របស់​អតីត​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ក្នុង​ឆ្នាំ ​២០១៥ បាន​ហាម​ឃាត់​ដល់​ការ​​បរបាញ់​​ ​សម្រាប់​ទុក​អភិរក្ស​​ក្នុង​រដ្ឋ​អាឡាស្កា​។

អ្នក​ប្រមាញ់​នៅ​អាឡាស្កា និង​មន្ដ្រី​មូលដ្ឋាន​បាន​ប្រឆាំង​នឹង​បម្រាម​នេះ ដោយ​ចាត់​ទុក​ជា​ការ​បង្កើន​ឱកាស​ឲ្យ​សត្វ​ព្រៃ​អាច​ឈ្លាន​ពាន​ដែន​ដី​មនុស្ស និង​ប៉ះពាល់​សន្ដិសុខ​ស្បៀង​។

លោក អេដឌី ក្រាសសឺ នាយក​អង្គការ​អភិរក្ស​សត្វ​ព្រៃ​នៅ​នាយកដ្ឋាន​ជលផល​​រដ្ឋ​អាឡាស្កា បាន​ប្រាប់ New York Times មុន​នេះ​ថា​៖ «ការ​​រស់នៅ​ដាច់​ពី​ដី​គោក គឺ​ជា​​កត្តា​ដ៏​ងាយ​រងគ្រោះ​​សម្រាប់​​អ្នក​​ជន​បទ​អាឡាស្កា​»។

ប៉ុន្ដែ​ក្រុម​ធម្មជាតិ​និយម​ និង​អង្គការ​សិទ្ធិ​សត្វ បាន​រិះគន់​ការ​សម្រេច​របស់​រដ្ឋ​បាល​លោក ត្រាំ ក្នុង​ការ​លើក​បម្រាម​ចាស់​ ដោយ​ចោទ​ប្រកាន់​សេតវិមាន ពី​ការ​បង្ហិន​បង្ហោច​សត្វ​ព្រៃ​ជា​ថ្នូរ​នឹង​សេដ្ឋកិច្ច​ និង​បម្រើ​​ចំណូល​ចិត្ដ​នៃ​ការ​ប្រមាញ់​។

ពលរដ្ឋ​​ខ្លះ​លើកឡើងថា ​ការប្រមាញ់​ជារឿងចាំបាច់​កុំ​ឲ្យ​សត្វ​ព្រៃឈ្លានពាន​ជម្រក​។ រូបថត AFP

លោក ចេមី រ៉េផាផត ក្លាក ​ប្រធាន និង​អគ្គនាយក​អង្គការ Defenders of Wildlife បាន​និយាយ​ថា​៖ «​រដ្ឋបាល​លោក ត្រាំ បាន​ដើរ​ថយ​ក្រោយ​ចំពោះ​ការ​អភិរក្ស​សត្វ​ព្រៃ​»។

លោក​បន្ត​ថា៖ «​ការ​អនុញ្ញាត​​ឲ្យ​មាន​ការ​ប្រមាញ់​កូន​ខ្លា​ឃ្មុំ និង​កូន​ចចក ក្នុង​ដែន​ជម្រក ពិត​ជា​ទង្វើ​អមនុស្ស​ធម៌​ និង​ឃោរឃៅ​»។

សភា​អាមេរិក​កាល​ពី​ខែ​មេសា ឆ្នាំ ​២០១៧ បាន​ដក​បម្រាម​លើ​ការ​បរបាញ់​ខ្លា​ឃ្មុំ​ពី​ឧទ្ធម្ភាគចក្រ​ ឬ​យន្ដហោះ​ ក្នុង​រដ្ឋ​អាឡាស្កា។ កូន​ប្រុស​ច្បង​របស់​លោក ដូណាល់ ត្រាំ ឈ្មោះ ដូណាល់ ជេអ គឺ​ជា​អ្នក​​បាន​ធ្វើ​ដំណើរ​ប្រមាញ់​សត្វ​​ទៅ​កាន់​អាឡាស្កា​ជា​ច្រើន​លើក​ច្រើន​សា។

កាល​ពី​ដើម​ឆ្នាំ Safari Club​ជាអ្នក​គាំទ្រ​ការ​បរបាញ់​សត្វ​ព្រៃ មាន​មូលដ្ឋាន​នៅ​អាមេរិក​ ដែល​ធ្វើ​យុទ្ធនាការ​ឲ្យ​ដក​បម្រាម​នេះ បាន​បង្កើត​ឆ្នោត​រៃ​អង្គាស​ប្រាក់ ​ដើម្បី​ធ្វើ​ជា​រង្វាន់​ធំ​ ដែល​​រ៉ាប់​រង​ការ​ចំណាយ​លើ​ការ​បរបាញ់​ជាមួយ​​កូន​ប្រុស​របស់​លោក ត្រាំ​៕ AFP/HR