ភ្នំពេញៈ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​រួម​សហការ​ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ទី​ ១១ ឬ​ជា​ការប្រឡង​ផលិត​រឿង​ខ្លី​សម្រាប់​សិស្ស​វិទ្យាល័យ​ឆ្នាំ​ ២០១៩ ក្រោម​ប្រធានបទ​ថា «​តើ​អ្នក​យល់​យ៉ាងណា​ចំពោះ​ការបង្ក​បញ្ហា​ដល់​អ្នកដទៃ​? តើ​ត្រឹមត្រូវ​ទេ​សម្រាប់តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​? ​តើ​អ្នក​អាច​គិត​ដល់​អ្នកដទៃ​ដែរ​ឬ​ទេ​?»​។

ការប្រឡង​ផលិត​រឿង​ខ្លី​សម្រាប់​សិស្ស​កំពុងតែ​រៀន​នៅ​វិទ្យាល័យ​នានា តាមរយៈ​កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​អាស៊ី​លើក​ទី​​ ១១ ប្រចាំ​ឆ្នាំ​ ២០១៩ នេះ​បាន​ចាប់ផ្តើម​ទទួល​ពាក្យ​បេក្ខភាព​ចូលរួម​ប្រកួត​ហើយ ដើម្បី​ជ្រើសរើស​ក្រុម​សិស្ស​ដែល​មាន​ស្នាដៃ​ផលិត​រឿង​ល្អ​ចំនួន ៣ ក្រុម​ទៅ​ចូលរួម​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ឆ្នាំ​ ២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ៧ ខែ​ធ្នូ ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​មីណាមីអាវ៉ាជី ខេត្ត​ហ្យូហ្គុ ប្រទេស​ជប៉ុន​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​បាន​ជូន​ដំណឹង​ថា​៖ «​សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​ ១០ និង​ថ្នាក់​ទី ១១ ជា​ទីមេត្រី តោះ​ចូលរួម​ការប្រឡង​ផលិត​រឿង​ខ្លី ដើម្បី​ចូលរួម​ការប្រកួត​ថ្នាក់​តំបន់​នៅ​ប្រទេស​ជប៉ុន​!​ការដាក់​ពាក្យ​លើ​ការប្រឡង​ផលិត​រឿង​ខ្លី សម្រាប់​សិស្ស​វិទ្យាល័យ​។ នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ប្រទេស​កម្ពុជា​លើក​ទី​ ១១ ​នឹង​ចាប់ផ្តើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​ ៨ ខែ​កក្កដា​នេះ​រហូត​ដល់​ថ្ងៃ​ទី​ ២៣ ខែ​សីហា ឆ្នាំ​ ២០១៩​។ សូម​អញ្ជើញ​សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​ ១០ និង ទី​ ១១ ទាំងអស់​ចូលរួម​ការប្រឡង​កុំបីខាន​។ ដោយឡែក​ក៏​មាន​ការធ្វើ​បទបង្ហាញ​ណែនាំ​ចូលរួម​ប្រកួត​ផលិត​រឿង​ខ្លី​សម្រាប់​សិស្ស​វិទ្យាល័យ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី ១៤ ខែ​កក្កដា ឆ្នាំ​ ២០១៩ ដែរ​នៅ​វេលា​ម៉ោង ១៤-១៥ នៅ​បន្ទប់​លេខ​ ៩ នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)»​។

ក្រុម​គណៈកម្មការ និង​សិស្សានុសិស្ស​ចូលរួម​ការប្រកួត​ឆ្នាំ​ ២០១៨​។ រូបថត សហការី

គួរ​រំឭក​ដែរ​ថា​ការប្រឡង​ផលិត​រឿង​ខ្លី​សម្រាប់​សិស្ស​វិទ្យាល័យ​ឆ្នាំ​ ២០១៨ ក្រោម​ប្រធានបទ​ថា «​ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន (Self-resposibility)» កម្មវិធី​ប្រកួត​តម្រូវ​ឲ្យ​មាន​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​គឺ​សុទ្ធ​តែ​ជា​ក្រុម​សិស្សានុសិស្ស​កំពុង​តែ​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​ដែល​រៀន​ថ្នាក់​ទី ១០ និង​ថ្នាក់​ទី ១១ ខណៈ​ការទទួល​ពាក្យ​ចូលរួម​ប្រកួត​ឆ្នាំ​នេះ​ត្រូវដាក់​ពាក្យ​នៅឯ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​។

ចំណែក​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​មហោស្រព​ភាពយន្ត​អាស៊ី​អន្តរជាតិ​លើក​ទី ១១ នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ១៦ ខែ​កញ្ញា ឆ្នាំ​ ២០១៩ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) វេលា​ម៉ោង ២ រសៀល និង​ក្រោយ​មក​ជ្រើសរើស​យក​ចំនួន ៣ ​ក្រុម​ដើម្បី​យក​ទៅ​ចូលរួម​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ឆ្នាំ​ ២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ៧ ខែ​ធ្នូ ឆ្នាំ​ ២០១៩ នៅ​ទីក្រុង​មីណាមីអាវ៉ាជី​នៃ​ខេត្ត​ហ្យូហ្គុ​ប្រទេស​ជប៉ុន​។

កម្មវិធី​ប្រកួត​តម្រូវ​ឲ្យ​មាន​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​គឺ​សុទ្ធតែ​ជា​ក្រុម​សិស្សានុសិស្ស​កំពុង​តែ​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​ដែល​រៀន​ថ្នាក់​ទី ១០ និង​ថ្នាក់​ទី​ ១១ ខណៈ​ការទទួល​ពាក្យ ដើម្បី​ចូលរួម​ប្រឡង​ផលិត​រឿង​ខ្លី​នេះ​គឺ​អាច​រក​បាន​តាមរយៈ​គេហទំព័រ​ស្ថានទូត​ជប៉ុន​៖ https://www.kh.emb-japan.go.jp/itpr_en/00_000145.html៕