ភ្នំពេញ: ដោយ​យក​លំនាំ​តាម​តន្ដ្រី​កាបារ៉េត និង​សៀវភៅ Berlin Stries របស់​កវី Christopher Isherwood គួបផ្សំ​នឹង​រូបភាព​ផ្ទៃ​ក្រោយ​អាណានិគម​ជប៉ុន ក្រុម Phnom Penh Players នឹង​រៀបចំ​ការសម្ដែង Shanghai Cabaret នៅ​ភោជនីយដ្ឋាន ផ្ទះ​ចិន (Chinese House) និង​បរិច្ចាគ​ប្រាក់ចំណូល​ដល់​គ្លីនិក​ក្នុង​ស្រុក​មួយ​ដើម្បី​គាំពារ​ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុង​ការជោះ​ឈាម​រក​មេរោគ​ហ៊ីវ និង​សេវា​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​។

Shanghai Cabaret សម្ដែង​ដោយ​ក្រុម Phnom Penh Players ដែល​តែងតែ​ធ្វើការ​សម្ដែង​តាម​សាច់​រឿង​ជាច្រើន​រៀងរាល់​ឆ្នាំ និង​បាន​បរិច្ចាគ​ប្រាក់​ជា​អំពើ​មនុស្សធម៌​សង្គម និង​ធ្វើការ​បរិច្ចាគ​ដល់​គ្លីនិក ឈូកស សម្រាប់​ថ្លៃ​ជួស​ឈាម និង​ព្យាបាល​ក្រុម​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​ផ្ទុកមេរោគ​ហ៊ីវ​។

លោក ឆាស ហាមីតតុន ជា​នា​យក​ Phnom Penh Players បាន​និយាយ​ថា​៖ «​យើង​មាន​មោទនភាព​ដែល​បាន​យក​សិល្បៈ​បង្កើត​សកម្មភាព​មនុស្សធម៌​។ ក្រុម​បុរស​វ័យក្មេង​ស្រឡាញ់​ភេទ​ដូចគ្នា​ទៅ​ធ្វើ​តេស្ដ​ឈាម​នៅ​គ្លីនិក​មាន​ចំនួន ១៥ ភាគរយ​ដែល​យោង​តាម​ទិន្នន័យ​ពី​គ្លីនិក​ឈូកស​។ ប្រាក់​ចំណូល​ពី​ការសម្ដែង​នឹង​អាច​ជួយ​គ្លីនិក​ផ្ដល់​សេវាកម្ម​ជូន​ពួកគេ​ដោយ​ឥត​គិតថ្លៃ​»​។

សហគមន៍​ពាណិជ្ជកម្ម LGBT ក្នុង​ស្រុក​មាន​បំណង​ចង់​ឧបត្ថម្ភ​កម្មវិធី​សម្ដែង និង​បង្ហាញ​ការគាំទ្រ​ដល់​សេវាកម្ម​តេស្ដ​ឈាម​រក​មេរោគ​ហ៊ីវ និង​សុខភាព​ផ្លូវភេទ​ផង​ដែរ​។

ការហាត់​សម​សម្រាប់ Shanghai Cabaret ដែល​នឹង​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន ផ្ទះ​ចិន​។ រូបថត Phnom Penh Players

ក្នុង​នាម​ជា​ក្រុម​សម្ដែង​ក្រៅ​ផ្លូវការ​ដែល​រីករាយ​រួម​គ្នា​ក្នុង​ការផលិត​ទម្រង់​សិល្បៈ​នានា Phnom Penh Players តែងតែ​សម្លឹង​រក​ក្រុម​សម្ដែង​អ្នក​រៀបចំ​ឆាក តន្ដ្រីករ អ្នក​រៃអង្គាសប្រាក់ អ្នក​ជួល​សម្លៀកបំពាក់​ និង​ក្រុម​ការងារ​ផ្សេងៗ​ដោយសារ​អ្នក​សម្ដែង​ក៏​អាច​ក្លាយ​ជា​ទស្សនិកជន​ដោយ​ទុក​ឱកាស​ឲ្យ​តួ​ថ្មី​មក​បន្ត​។

តាំងពី​ដើម​មក Phnom Penh Players ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ចំណោម​សហគមន៍​ជនបរទេស​ជា​ជាង​ពលរដ្ឋ​ខ្មែរ រមែង​រៃអង្គាស​ប្រាក់​ជួយ​ក្នុង​ទង្វើ​មនុស្សធម៌​ជា​ហូរហែ​នៅ​កម្ពុជា​។

រយៈពេល​ជាង ៧០ ឆ្នាំ​តាំងពី​បង្កើត​តន្ដ្រី Shanghai Cabaret ដំបូង​ហើយ​ក្រុម Phnom Penh Players បាន​លើក​យក​មក​សម្ដែង​ដើម្បី​នាំ​អារម្មណ៍​ទស្សនិកជន​វិល​ទៅ​កាន់​ទសវត្សរ៍​ឆ្នាំ ១៩៤០ កាល​គ្រា​ក្រុង​ស៊ាងហៃ​ស្ថិត​ក្រោម​នឹម​ត្រួតត្រា​ជប៉ុន ដោយ​លោក ឆាស ហាមីតតុន បាន​ឲ្យ​ដឹង​ថា​៖ «​វា​ជា​អវសាន​នៃ​រជ្ជកាល​រឿងរ៉ាវ​ស្នេហា​»​។

ទោះ​ស្ថិត​ក្រោម​អាណានិគម​ជប៉ុន ទីក្រុង​ស៊ាងហៃ​ជា​តំបន់​អន្ដរជាតិ ដែល​មាន​សេរី និង​ឯករាជ្យ តែ​ក្រោយ​មក​វា​បាន​ដល់​ទីបញ្ចប់​ក្រោយពី​ការវាយប្រហារ​កំពង់ផែ​គជ់ (Pearl Harbor)​។

ពិភពលោក​រាត្រី​បែប​ស្រើបស្រាល​ក្នុង​ទីក្រុង​ត្រូវ​បាន​បញ្ចប់​ពេល​ជប៉ុន​គ្រប់គ្រង​តំបន់​អន្ដរជាតិ​ទាំង​ស្រុង​ក្នុង​ឆ្នាំ​ ១៩៤១​។ នោះ​ជា​ទីអវសាន​នៃ​រជ្ជកាល​ស្នេហា​រោលរាល​។

ការសម្ដែង Shanghai Cabaret បើក​សម្ពោធ​នៅ​ថ្ងៃទី ១៣ ខែ​មីនា​ដែល​មាន​រយៈពេល ៤ រាត្រី​នៅ​ភោជនីយដ្ឋាន ផ្ទះ​ចិន រាជធានី​ភ្នំពេញ​។

ចំពោះ​ព័ត៌មាន​លម្អិត​អ្នក​អាច​ទាក់ទង​ក្រុម​ការងារ Phnom Penh Players តាមរយៈ​អ៊ីមែល arttu.karppanen@gmail.com៕