ភ្នំពេញៈ នា​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២០ ​ខាងមុខនេះ នឹង​មាន​ការបង្ហាញ​ពី​ការសម្តែង​របាំ​សហ​សម័យមួយ ក្រោម​ប្រធានបទ​ថា «​កំណប់​បំបាំង​ភ្នែក​» ដែល​បកស្រាយ​ពី​អត្ថន័យ ដោយ​នាដកា កញ្ញា ជុំវណ្ណ សូដាជីរី ហៅ​កញ្ញា Belle ដែល​រៀបចំ​ដោយ​កម្មវិធី TEDxRUPP 2020​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គេហទំព័រ​ឈ្មោះ TEDx RUPP បាន​បង្ហោះ​សារ​ឱ្យដឹងថា​៖ «​ឆ្លងកាត់​បទពិសោធ​ជា​អ្នករបាំ​ដ៏ល្បី និង​ជោគជ័យ​ម្នាក់​កញ្ញា Belle នឹង​ឡើងមក​ពន្យល់​ទស្សនិកជន​អ្នក​ស្តាប់​ឱ្យ​ស្គាល់ និង​យល់​កាន់តែ​ច្បាស់​ពី​គុណប្រយោជន៍​របស់​របាំ និង​របាំ​សហ​សម័យ​។

ក្រោម​ប្រធានបទ​ «​កំណប់​បំបាំងភ្នែក​» របស់​កម្មវិធី TEDxRUPP 2020 របស់​យើង កញ្ញា ជុំវណ្ណ សូដាជីវី នឹង​បកស្រាយ​អំពី «​ការវិវត្ត​របាំ​ខ្មែរ និង​ស្ត្រី​ជា​នាដកា (From Traditional to Contemporary Dance Form) ផងដែរ​»​។

កញ្ញា ជុំវណ្ណ សូដាជីរី សាស្ត្រាចារ្យ​របាំ​ប្រពៃណី​ខ្មែរ និង​សហ​សម័យ​។ រូប សហការី

តាម​គេហទំព័រ​នេះ​ដដែល​បាន​បន្ត​រំឭក​ឱ្យដឹង​អំពី​ប្រវត្តិ​នាដក​ខ្មែរ​រូបនេះ​ថា គាត់​បានចាប់ផ្តើម​ហ្វឹកហាត់ រាំ​របាំ​ព្រះរាជទ្រព្យ​តាំងពី​អាយុ ៩ ឆ្នាំ​មក​។ ​តែ​ពេល​គាត់​មាន​អាយុ ១៦ ​ឆ្នាំ​គាត់​បាន​ស្វែងយល់ និង​ស្គាល់​ពី​ទម្រង់​នៃ​របាំ​សហសម័យ ជាមួយ​នឹង​ភាពងាយស្រួល​ក្នុង​ការកែច្នៃ​របាំ​ច្រើន​។ ដោយសារតែ​ជាការ​ស្រឡាញ់ និង​ចង់​អភិវឌ្ឍភាព​ច្នៃប្រឌិត​ផ្នែក​របាំ​សហ​សម័យ​នោះ កញ្ញា Belle ត្រូវ​បានទទួល​ឱ្យចូល​សិក្សា​សម្រាប់​កម្មវិធី​មួយ​ឈ្មោះ Robert Wilson''s Watermill Center 2006 International Summer Arts Program ដែល​បាន​ដឹកនាំ​ដោយ​អង្គការ Amrita Performing Arts របស់​កម្ពុជា​។

ចាប់តាំងពី​ពេលនោះ​មក កញ្ញា Belle បាន​ក្លាយទៅជា​អ្នកបង្កើត​ក្បាច់​រាំ​ម្នាក់ និង​បាន​ចូលរួម​សិក្ខាសាលា​របាំ​សហសម័យ ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។​ ក្នុង​ដំណើរ​ជា​អ្នករបាំ​របស់គាត់ កញ្ញា Belle បាន​បង្កើត និង​អភិវឌ្ឍ​ក្បាច់​រាំ​ជាច្រើន​ដែល​លើសពីនេះ​ទៅទៀត​នោះ កញ្ញា Belle ក៏បាន​បង្កើត​ក្រុម​របាំ​ផ្ទាល់ខ្លួន​មួយ​មាន​ឈ្មោះថា «SilverBell» នៅ​ឆ្នាំ​ ២០០៣ ដែលជា​ស្នាដៃ​ផ្ទាល់ខ្លួន​របស់គាត់​ផងដែរ​។ បច្ចុប្បន្ន​គាត់​ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំ​ប្រពៃណី​ខ្មែរ និង​របាំ​សហសម័យ​នៃ​មហាវិទ្យាល័យ​នាដ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។

សម្រាប់​ការទស្សនា​សម្តែង​របាំ​សហសម័យ​នា​ថ្ងៃទី​ ២៧ ខែធ្នូ ឆ្នាំ​ ២០២០ ​នាពេល​ចុងក្រោយ​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង ១ ​រសៀល​ដល់​ទៅ​ម៉ោង ៥ ​ល្ងាច​ខណៈ​សំបុត្រ ១ ​សន្លឹក តម្លៃ ៧ ​ដុល្លារ​សម្រាប់​សិស្សនិស្សិត​សំបុត្រ ១ ​សន្លឹក ១០ ដុល្លារ សម្រាប់​សាធារណជន និង​ ១ ​សន្លឹក​ ៣ ​ដុល្លារ សម្រាប់​អ្នកទស្សនា​តាម​ប្រព័ន្ធ​អនឡាញ​ដែល​អាច​ចូលរួម​តាម​តំណ​របស់​កម្មវិធី​នេះ​បាន​គឺ bit.ly/35poSZI៕

កញ្ញា ជុំវណ្ណ សូដាជីរី សាស្ត្រាចារ្យ​របាំ​ប្រពៃណី​ខ្មែរ និង​សហ​សម័យ​។ រូប សហការី