ភ្នំពេញ : ឈាន​ជើង​ចូល​ហាង​កាហ្វេ​មួយ​នៅ​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​ ២០១៧ លោក ស្វាពនីល ដេសមុខ ជា​បុគ្គលិក​ធនាគារ​ម្នាក់​ត្រូវ​បាន​អ្នករត់​តុ​ម្នាក់​គ្រាន់តែ​ហុច​តារាង​ភេសជ្ជៈ​ជាមួយ​ប៊ិក​ ១ ​ដើម និង​ក្រដាស​តូច​ ១ ​សន្លឹក ដោយ​អត់​និយាយ​ស្ដី​អ្វី​ ១ ​ម៉ាត់​។

លោក ដេសមុខ បាន​និយាយ​ថា​៖ «​ខ្ញុំ​អត់​ដឹងថា ពួកគេ​សុទ្ធតែ​ជា​មនុស្ស​គថ្លង់​នោះ​ទេ ហើយ​ខ្ញុំ​នៅតែ​សាកសួរ​ពួកគេ​ពី​ទីកន្លែង​ត្រូវ​អង្គុយ និង​កុម្ម៉ង់​ភេសជ្ជៈ​ទទួលទាន តែ​ពួកគេ​អត់​និយាយ​អ្វី​សោះ ដោយ​គ្រាន់​តែ​ធ្វើ​សញ្ញា​កាយវិការ​តប​ប៉ុណ្ណោះ​។ បន្ទាប់​មក​ខ្ញុំ​អាន​លើ​តារាង​ភេសជ្ជៈ​ដែល​សរសេរ​ថា បុគ្គលិក​ទាំងអស់​សុទ្ធ​តែ​គថ្លង់​។ លោកអ្នក​អាច​គូស និង​សរសេរ​នូវ​ការ​កុម្ម៉ង់​បាន​»​។

បទពិសោធ​ដែល​លោក​គិត​ថា វា​អាច​យក​មក​អនុវត្ដ​នៅ​កម្ពុជា និង​បាន​ធ្វើការ​ស្រាវជ្រាវ​នៅ​ប្រទេស​សិង្ហបុរី និង​អូស្ដ្រាលី​ដោយ​ប្រទេស​ទាំងនេះ​មាន​ជួល​បុគ្គលិក​ពិការ​មក​ធ្វើ​ការងារ ដោយ​ខ្លះ​ជា​បុគ្គលិក​គថ្លង់ ខ្លះ​ជា​បុគ្គលិក​ពិការ​ជើង មាន​តែ​ដៃ និង​អាច​និយាយ​បាន និង​ខ្លះ​ទៀត​ជា​មនុស្ស​ពិការភ្នែក​។

ទោះ​ជា​លោក ស្វាពនីល ដេសមុខ មិន​ចេះ​អ្វី​សោះ​អំពី​មុខរបរ​បើក​ហាង​កាហ្វេ​នេះ​ក៏​បុរស​ឥណ្ឌា​អាយុ ៣៦ ឆ្នាំ រូប​នេះ​ហ៊ាន​សម្រេច​ចិត្ដ​លាឈប់​ពី​ការងារ និង​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​ដើម្បី​សិក្សា​ពី​ជំនាញ​ថ្មី​នេះ​។

លោក​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ចាប់ផ្ដើម​ស្វែងរក​ទីតាំង​នៅ​ម្ដុំ​បឹងកេងកង និង​ទួលទំពូង ដែល​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃៗ​។ បើ​ខ្ញុំ​ព្យាយាម​ដើរ​តាម​ហាង​កាហ្វេ​ធំៗ ដូចជា Brown និង Starbucks ខ្ញុំ​ប្រាកដ​ជា​បរាជ័យ​។ ពួកគេ​ជា​ក្រុមហ៊ុន​យក្ស​ល្បីៗ​ស្រាប់​ហើយ​ខ្ញុំ​គ្រាន់​តែ​ជា​ក្រុមហ៊ុន​ដំណើរការ​ដោយ​ខ្ញុំ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​។ ខ្ញុំ​ក៏​ចាប់ផ្ដើម​ស្វែងរក​ដៃគូ​ជាមួយ​ធនាគារ ភ្នំពេញ ពាណិជ្ជ​»​។

លោក ដេសមុខ និង​បុគ្គលិក​ហាង​កាហ្វេ Socials​។ ផា លីណា

ហាង​កាហ្វេ Socials Coffee and Humanity ជា​សហគ្រាស​សង្គម​ថ្មី​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​បំណង​ផ្ដល់​ឱកាស​ការងារ​ដល់​មនុស្ស​គថ្លង់​ត្រូវ​បាន​បើក​សម្ពោធ​សាខា​ដំបូង​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ និង​សាខា​ទី​ ២ ​ក្នុង​ខែ​ធ្នូ ឆ្នាំ​ ២០១៨​។

សាខា​ទាំង​ ២ ​ស្ថិត​នៅ​ក្នុង​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​លើ​មហាវិធី​ព្រះមុនីវង្ស និង នៅ​ធនាគារ​សាខា អូរឫស្សី ហើយ​សាខា​ទី​ ៣ នឹង​បើក​នៅក្នុង​ខែ​កុម្ភៈ​ខាង​មុខ ដោយ​មាន​បុគ្គលិក​ ៧ ​នាក់​ដែល​ ៣ ​នាក់​ជា​មនុស្ស​គថ្លង់​។

រស់នៅ​ក្នុង​សភាព​គថ្លង់​ពី​កំណើត​លោក ម៉េង ហ៊ួយ អាយុ ២៨ ​ឆ្នាំ​មកពី​ខេត្ដ​ត្បូងឃ្មុំ ជា​បុគ្គលិក​ម្នាក់​ក្នុង​ចំណោម ៣ ​នាក់​ដែល ២ ​នាក់​មកពី​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​គថ្លង់ (DDP) និង​ម្នាក់​មកពី​អង្គការ​គ្រួសារ​ថ្មី​។

លោក ម៉េង ហ៊ួយ បាន​និយាយ​តាម​ភាសា​កាយវិការ​ដែល​ត្រូវ​បាន​បកប្រែ​ថា លោក​មាន​ក្ដី​រីករាយ​យ៉ាងខ្លាំង​ដែល​អាច​ធ្វើការ​ក្នុង​ហាង​កាហ្វេ​ដូច​មនុស្ស​ទូទៅ​ដែរ​។

លោក ដេសមុខ បាន​ឲ្យ​ដឹង​ថា​៖ «​មនុស្ស​គថ្លង់​មិន​ត្រឹមតែ​ត្រូវការ​ក្ដី​អាណិតអាសូរ​ប៉ុណ្ណោះ​ទេ តែ​ជា​ឱកាស​ការងារ​ស្មើភាព​។ ជាក់ស្ដែង​យើង​ចង់​ឲ្យ​បណ្ដា​ហាង​កាហ្វេ និង​ក្រុមហ៊ុន​ជំនួញ​ដទៃ​ទៀត​ជួល​ពួកគេ​ធ្វើការ​ផងដែរ​»​។

ភេសជ្ជៈ​ពេញនិយម​បំផុត​នៅ Socials គឺ កាហ្វេ​ឡាតេ​ទឹកដូង​ទឹកកក កាហ្វេ​ខ្លាំង​អេស្ពេសូ លាយប៊័រ ឬ​កាហ្វេ​ឡាតេ​ហាហ្សេលណាត់​ទឹកកក​ជាដើម​។ ភេសជ្ជៈ​ទាំងអស់​ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ ៥០ ភាគរយ​។

សាខា​ទាំង​ ២ ​របស់ Socials បើក​ទ្វារ​សា្វគមន៍​ភ្ញៀវ​អំឡុង​ម៉ោង​ប្រតិបត្ដិការ​ធនាគារ​ចាប់ពី​ម៉ោង ៨​ ព្រឹក​ដល់​ម៉ោង ៤ ​រសៀល​រៀងរាល់​ថ្ងៃ​ធ្វើការ​។ ព័ត៌មាន​បន្ថែម​មាន​នៅ​ទំព័រ​ហ្វេសប៊ុក @ilovesocials និង​លេខ​ទូរស័ព្ទ ០១៦ ៨៨៨ ២១៦៕