ភ្នំពេញ៖ ការប្រាព្ធពិធីអបអរខួប ២ ឆ្នាំ នៃហាងកាហ្វេផ្ដល់ការងារដល់មនុស្សគថ្លង់ មិនមានការជួបជុំអធិកអធមរវាងអ្នកនិយមកាហ្វេ សហគ្រិនសង្គម និងបុគ្គលិក ដែលស្ដាប់មិនឮ និងមិនអាចនិយាយស្ដី តែមានស្នាមញញឹមរួសរាយរាក់ទាក់នោះទេ។
ជំនួសឲ្យកម្មវិធីជួបជុំ ហាងកាហ្វេ Socials Coffee អបអរដំណើរការ ២ ឆ្នាំរបស់ខ្លួនជាមួយសកម្មភាពសប្បុរសធម៌ជួយដល់អង្គការភ្នែក។
ក្នុងឱកាសអបអរខួប ២ ឆ្នាំនៃហាងកាហ្វេសហគ្រាសសង្គម អតិថិជនត្រូវបានផ្ដល់ជូននូវកាហ្វេដោយឥតគិតថ្លៃជាថ្នូរនឹងយុទ្ធនាការមួយហៅថា «បង់ប្រាក់តាមចិត្ដចង់» ខណៈប្រាក់ចំណូលបានពីការបរិច្ចាគរបស់អតិថិជន ត្រូវបានប្រគល់ជូនអង្គការមូលនិធិចក្ខុខ្មែរ។
លោក Swapnil Deshmukh ស្ថាបនិកហាងកាហ្វេ Socials Coffee ដែលបានបោះបង់ការងារជាអ្នកគ្រប់គ្រងធនាគារមកបើកហាងកាហ្វេដោយជួលបុគ្គលិកគថ្លង់កម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខួបឆ្នាំទី ២ នេះ យើងចង់ចែករំលែកភាពរីករាយអំឡុងពេលជួបវិបត្ដិនេះ។ នៅតាមហាងកាហ្វេនានាគេបានបញ្ចុះតម្លៃ តែយើងគិតថា វាជាគំនិតល្អដែលយើងចែករំលែកអ្វីដែលយើងរកបានមកទៅកាន់អ្នកត្រូវការវា»។
ស្ថាបនិកសហគ្រិនសង្គមរូបនេះ បានបន្ដថា៖ «ដូច្នេះ យើងនឹកឃើញយុទ្ធនាការ ''Pay as you wish'' ជាអ្វីដែលបានជូនអតិថិជននូវភេសជ្ជៈឥតគិតថ្លៃ ហើយពួកគេបង់ប្រាក់ទៅ តាមចិត្ដចង់ ពីព្រោះទឹកប្រាក់ដែលទទួលបានទាំងអស់ ចំនួន ២ ៥០០ ដុល្លារ យើងបរិច្ចាគទៅកាន់អង្គការ មូលនិធិចក្ខុខ្មែរ»។
ក្រៅពីជម្រើសកាហ្វេទូទៅ ហាង Socials Coffee មានបម្រើភេសជ្ជៈ Golden Milk ទឹកសូកូឡាក្រឡុកផ្លែប៊័រ ផ្លែប៊័រក្រឡុកកាហ្វេខ្មៅ និងភេសជ្ជៈច្នៃប្រឌិតជាច្រើនមុខទៀត រយៈពេល ២ សប្ដាហ៍ ចាប់ថ្ងៃទី ២២ ខែឧសភា ដល់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ហាង Socials Coffee ទាំង ៤ សាខា បានបើកយុទ្ធនាការផ្ដល់ភាពរីករាយដល់អតិថិជន ខណៈពួកគេអាចចែករំលែកនូវវិភាគទានទៅតាមសន្ដានចិត្ដ ដើម្បីជួយដល់អ្នកជំងឺភ្នែក។
លោក Swapnil Deshmukh ដែលបុគ្គលិកហាងកាហ្វរបស់លោកភាគច្រើនជាយុវជនមានបញ្ហាគថ្លង់ បានឲ្យដឹងថា៖ «អតិថិជនបានចូលរួមចំណែកនូវចំនួនទឹកប្រាក់ខុសៗគ្នា។ តិចតួចដែលចំណាយប្រាក់ ១ ដុល្លារ ដោយភាគច្រើនបង់ប្រាក់ត្រឹមតម្លៃភេសជ្ជៈ ដែលពួកគេទទួល។ ប៉ុន្ដែមានអតិថិជនខ្លះក៏ចំណាយប្រាក់ ២០ ដុល្លារ សម្រាប់ភេសជ្ជៈ ១ កែវ។ មានភ្ញៀវម្នាក់បានផ្ដល់ប្រាក់ ១០០ ដុល្លារ ហើយគាត់និយាយថា វាធ្វើឲ្យគាត់មានអារម្មណ៍ស្រឡះចិត្ដពេលបានចូលរួមយុទ្ធនាការនេះ»។
ដោយហាងកាហ្វេស្ទួយជីវភាពយុវជនគថ្លង់នេះបោះទីតាំងនៅក្នុងធនាគារ PPCBank និងទទួលបានការបង្ហើបពីអគ្គនាយកធនាគារអំពីសេចក្ដីត្រូវការរបស់អង្គការ ដែលជួយលើពលរដ្ឋក្រីក្រក្នុងការព្យាបាលជំងឺភ្នែក លោក Deshmukh ក៏សម្រេចចិត្ដជ្រើសរើសអង្គការមូលនិធិចក្ខុខ្មែរក្នុងការទទួលប្រាក់ឧបត្ថម្ភដែលទទួលបានពីអតិថិជនរបស់ហាង Socials Coffee។
លោកនិយាយថា៖ «យើងជាសហគ្រាសសង្គម បំណងជួយយុវជនគថ្លង់ ហើយយើងចង់ជួយសង្គម។ ខ្ញុំបានឮអង្គការមូលនិធិចក្ខុខ្មែរ ពីលោក ចាង មូស៊ីន អគ្គនាយក PPCBank។ អង្គការផ្ដល់ការថែទាំ និងព្យាបាលជំងឺភ្នែកដល់ពលរដ្ឋក្រីក្រនៅកម្ពុជា។ ដូច្នេះ យើងបានសម្រេចចិត្ដផ្ដល់ប្រាក់វិភាគទានទាំងអស់ពីយុទ្ធនាការដល់អង្គការមូលនិធិចក្ខុខ្មែរ»។
គួររំឭកថា លោកបានរំលេចរូបរាងហាងកាហ្វេ Socials Coffee សាខាដំបូងក្នុងខែឧសភា ឆ្នាំ ២០១៨ ក្នុងបំណងជួយផ្ដល់ឱកាសការងារដល់មនុស្សគថ្លង់។
គំនិតបើកហាងកាហ្វេនេះ ត្រូវបានស្ថាបនិក Swapnil Deshmukh ផ្ដួចផ្ដើមឡើងក្រោយពីលោកបានចូលហាងកាហ្វេមានបុគ្គលិកគថ្លង់នៅប្រទេសវៀតណាម កាលពីឆ្នាំ ២០១៧។ លោកបានធ្វើការស្រាវជ្រាវនៅប្រទេសសិង្ហបុរី និងអូស្ដ្រាលី ដោយប្រទេសទាំងនេះមានការជួលបុគ្គលិកពិការគថ្លង់ ពិការជើង មានតែដៃ និងអាចនិយាយបាន និងខ្លះទៀតជាមនុស្សពិការភ្នែក។
ហាងកាហ្វេ Socials Coffee បើកដំណើរការពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀលរៀងរាល់ថ្ងៃធ្វើការ។
ព័ត៌មានបន្ថែមសុំចូលទៅកាន់ទំព័រហ្វេសប៊ុក @ilovesocials ឬលេខទូរស័ព្ទ ០១០ ២៣ ៥០ ៨៨៕