ក្រុងប៉ារីស: ហាង​កាហ្វេ​បារាំង​បែប​បុរាណ​ជា​ទី​ជំនួប​រវាង​មនុស្សម្នា​មកពី​គ្រប់​ជាតិ​សាសន៍​កំពុងតែ​ក្លាយ​ជា​ទិដ្ឋភាព​ដ៏កម្រ​ក្នុង​ភូមិឋាន​នានា តែ​បុរស​ម្នាក់​ជាមួយ​រថយន្ដ​វ៉ែន និង​កាន់​អាជ្ញាប័ណ្ណ​លក់​ភេសជ្ជៈ​បាន​ដុតដៃ​ដុតជើង​ជួយ​ស្រោចស្រង់​ប្រពៃណី​អ្នក​ជនបទ​នេះ​ឲ្យ​រស់​ឡើង​វិញ​។

គ្រា​ដ៏មមាញឹក​កាលពី​ថ្ងៃ​សុក្រ​លោក សេបាស្ទែន ឈើរីយើរ ជា​អតីត​បុគ្គលិក​ផ្នែក​អប់រំ​អាយុ ៤៤ ​ឆ្នាំ​កំពុង​បម្រើ​ភេសជ្ជៈ និង​បង្ហាញ​ភាពរួសរាយ​រាក់ទាក់​ពីក្រោយ​បារ៍ «Bar Truck» ក្នុង​ឃុំ Villequiers ដែល​មាន​ប្រជាជន ៤៨៣ នាក់​។

មេឃុំ V llequiers លោកប៉ា​ស្កាល់ មែរូ ដែល​ជា​គ្រូបង្រៀន​ម្នាក់​ក្នុង​ភូមិ​ផង​នោះ​បាន​និយាយ​ថា​៖ «​ហាង​កាហ្វេ​ចុងក្រោយ​នៅ​ទី​នេះ​បាន​បិទទ្វារ​កាលពី​ជាង​ ១ ​ឆ្នាំ​មុន តែ​ហាង​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ​ ១៩៨៥ យើង​ឃើញ​មាន​តែ ៤ ប៉ុណ្ណោះ​»​។

រថយន្ត​មាន​តង់​សំចត​បម្រើ​ភេសជ្ជៈ ផ្ដល់​ឱកាស​ឲ្យ​អតិថិជន​ជជែក​គ្នា​។ រូបថត AFP

ទំនោរ​នេះ​បាន​ចូលរួម​ចំណែក​បំបែក​គម្លាត​កាន់តែ​ដាច់​ឆ្ងាយ​រវាង​ក្រុង​ប៉ារីស និង​ទីក្រុង​នានា​។ បារាំង​មាន​ហាង​កាហ្វេ​ប្រមាណ ២០ ​ម៉ឺន​ទីតាំង​ក្នុង​ឆាំ្ន​ ១៩៦០ ដែល​រមែង​មាន​មុខងារ​ជា​មជ្ឈមណ្ឌល​តំបន់​ប្រជុំជន​ទូទាំង​ប្រទេស តែ​នៅ​ឆ្នាំ​ ២០១៥ ចំនួន​ហាង​កាហ្វេ​បាន​ធ្លាក់​ចុះមក​ត្រឹម ៣៦ ០០០ ដោយ​ភាគច្រើន​បិទទ្វារ​នៅ​តាម​ទីជនបទ​។

សិប្បករ​អាយុ​ខ្ទង់ ៥០ អូលីវើ រស់នៅ​ក្នុង​ឃុំ Villequiers បាន​និយាយ​ថា​៖ «​មនុស្សម្នា​នាំ​គ្នា​ជក់​ចិត្ដ​នឹង​ទូរទស្សន៍ ថេប្ល៊ិត​ និង​ទូរស័ព្ទដៃ​។ លែង​មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​តទល់​ដូច​មុន​ទៀត ហើយ​ក៏​មិន​សូវ​សម្បូរ​​ទីកន្លែង​ជជែក​គ្នា​ដែរ​»​។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​អនុញ្ញាត​ឲ្យ​អតិថិជន​ដឹង​អំពី​ទីកន្លែង​លោក សំចតបារ៍​រថយន្ត ដើម្បី​ប្រោស​ឲ្យ​វប្បធម៌​កាហ្វេ​បារាំង និង​ការសន្ទនា​សហគមន៍​រស់​ឡើង​វិញ​៕ HR