ភ្នំពេញ: ទិដ្ឋភាព​ខាងមុខ​ជា​ហាង​កាហ្វេ ដែល​មានតែ​រទេះ​តូច​មួយ​ដ៏​សាមញ្ញ តែ​ក្រឡេក​មើល​ទៅ​ក្រោយ រួច​ឈាន​ជើង​ចូល​ក្នុង​បន្ដិច អ្នក​នឹង​ឃើញ​មនុស្ស​ម្នា​កំពុង​មមាញឹក​ចងក្បិន ពាក់​ឆៀង​បែប​ប្រពៃណី ហាក់​ដូចជា​ក្រុម​របាំ​ត្រៀម​ឡើង​សម្ដែង​ដូច្នោះ​ដែរ។

ហាង​កាហ្វេ​វប្បធម៌ ដូច​តាម​ឈ្មោះ ជាទី​កន្លែង​បង្ហាញ​ពី​ទម្រង់​សម្លៀកបំពាក់​សម័យ​បុរាណ ដែល​ប្រជាជន​ខ្មែរ​គ្រង​ជា​ប្រចាំ​តាំង​ពី​សតវត្សរ៍​ទី ១៦ និង ១៧ ដល់​កូន​ខ្មែរ​ជំនាន់​ថ្មី​នេះ​ឲ្យ​បាន​ស្គាល់ និង​ទទួល​បទ​ពិសោធ​ពី​ការ​ស្លៀកពាក់ ព្រមទាំង​ថតរូប​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម។ សម្លៀក​បំពាក់​សម័យ​លង្វែក និង​ឧដុង្គ ដែល​មាន​រាជធានី​ក្រុង​លង្វែក និង​ឧដុង្គ​មានជ័យ ស្ថិត​ក្នុង​ខេត្ដ​កំពង់ស្ពឺ ចម្ងាយ​ប្រមាណ​ជាង ៤០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន។

ជាមួយ​ការបើក​សម្ពោធ ១០ ខែ​មុន អ្នកស្រី ស្រា​ន់ វ៉ាន់ណេត ជា​អ្នកគ្រប់គ្រង និង​ប្អូនស្រី​អាចារ្យ​ធំ ម្ចាស់​ហាង​កាហ្វេ​វប្បធម៌ បាន​និយាយ​ប្រាប់​ថា៖ «នៅ​ទីនេះ យើង​មាន​លក់​កាហ្វេ និង​ភេសជ្ជៈ​ដទៃ​ទៀត ជា​ពិសេស​ការ​ស្លៀក​ពាក់​បែប​បុរាណ សម្រាប់​បងប្អូន​មាន​ចំណាប់​អារម្មណ៍​សម្លៀក​បំពាក់​សម័យ​កាល​លង្វែក ឧដុង្គ ប្រមាណ ៣០ ឈុត និង​ឈុត​អប្សរា​មួយ ព្រម​ទាំង​សម្ភារ​តាំង​បង្ហាញ​បែប​បុរាណ​ផ្សេងៗ​ទៀត»។

​​​សិស្សនិស្សិតត្រូវ​បង់​មូលនិធិ​តែ ៥ ពាន់រៀល​​​។ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ដោយ​មើលឃើញ​ការគាំទ្រ​ពិសេស​ពី​សិស្ស​និស្សិត អ្នក​គ្រប់គ្រង​រូបនេះ​បន្ដថា៖ «តាម​ខ្ញុំ​ស៊ើបសួរ​មតិ​យុវវ័យ ពួក​គាត់​ក៏​ចង់​ស្លៀកពាក់​បែប​បុរាណ​នេះ​ពី​មុនៗ​មក​ដែរ ប៉ុន្ដែ​ពេល​ខ្លះ គាត់​អត់​ដឹង​ទៅ​រក​នៅ​ឯណា។ ដល់​ពេល ពួក​គាត់​ឃើញ​យើង​បង្ហោះ​ក្នុង​វេបសាយ គាត់​ក៏មាន​ការ​ចាប់​អារម្មណ៍»។

កំពុងតែ​គ្រង​ឈុត​សម័យ​លង្វែក យុវតី ផេង ឆដា រៀន​ថ្នាក់​ទី ១១ បាន​ប្រាប់ថា៖ «ខ្ញុំ​ចូល​ចិត្ដ​ឈុត​បែប​បុរាណ ពី​ព្រោះ​ខ្ញុំ​មិន​ចង់​បាត់បង់​សម្លៀក​បំពាក់​ដូនតា​យើង។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ក្រោយៗ​ដឹង​ថា សម្លៀក​បំពាក់​ខ្មែរ​មាន​រចនាប័ទ្ម​របៀប​ម៉េច។ ខ្ញុំ​សប្បាយ​ចិត្ដ និង​រំភើប ព្រោះ​អី​ខ្ញុំ​ចង់​ស្លៀក​ពាក់​បែប​នេះ​យូរ​ហើយ»។

ឆ្លើយតប​នឹង​យុវវ័យ​មួយចំនួន ដែល​បាន​ហៅ​សម្លៀកបំពាក់​បុរាណ​ខ្មែរ​ជា​ឈុត «ការ​កេត» ជា​ឈ្មោះ​តួ​សម្ដែង​ល្ខោន​ភាគ​ថៃ អ្នក​ស្រី វ៉ាន់ណេត បាន​ពន្យល់​ថា៖ «ខ្ញុំ​និយាយ​ថា វា​មិន​មែន​ទេ។ កុំ​និយាយ​អ៊ីចឹង វា​មិន​មែន​ជា​របស់​ថៃ​ទេ។ វា​ជា​របស់​ខ្មែរ។ ថៃ​គេ​ផ្សព្វផ្សាយ​ជា​រឿង​របស់​គេ តែ​សម្លៀក​បំពាក់​ដែល​យើង​កំពុង​តែ​គ្រង​នេះ​គឺ​សម្លៀក​បំពាក់​សម័យកាល​លង្វែក»។

ទិដ្ឋភាព​ខាងក្រៅ​ហាងកាហ្វេវប្បធម៌​​​។ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកស្រី​ទទូចថា៖ «ខ្ញុំ​តែង​សំណូមពរ​ថា ចង់​ឲ្យ​ប្រជាជន​ខ្មែរ​យើង​ស្គាល់​ខ្មែរ​ឲ្យ​ច្បាស់ នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​យើង។ កុំ​ប្រៀប​ធៀប​ថា យើង​ដូចនេះ​ដូច​នោះ។ តាម​ការ​ពិត​វា​ជា​របស់​យើង​ទេ តែ​យើង​អត់​ទាន់​ស្គាល់​ខ្លួន​ឯង»។

ចំពោះ​ការ​ស្លៀក​សម្លៀកបំពាក់​សម័យបុរាណ សមាជិក​ហាង​កាហ្វេ​វប្បធម៌​ជួយ​ស្លៀកពាក់ និង​ថតរូប​អនុស្សាវរីយ៍​ពី​កាមេរ៉ា​ឌីជីថល​ជូន​ភ្ញៀវ។ ភ្ញៀវ ទូទៅ ត្រូវ​ចំណាយ​ថ្លៃ​មូលនិធិ ៥ ពាន់​រៀល​ម្នាក់ និង ២ ម៉ឺន​រៀល​សម្រាប់​ការ​គ្រង​ឈុត​បុរាណ រួម​ទាំង​ការ​ថត​រូប។ សម្រាប់​សិស្ស និស្សិត ពួកគេ​គ្រាន់​តែ​ជួយ​ផ្ដល់​ប្រាក់​មូលនិធិ ៥ ពាន់​រៀល ដើម្បី​ជួយ​លើ​សកម្មភាព​មនុស្ស​ធម៌ និង​ការ​អភិវឌ្ឍ​ហាង​កាហ្វេ​វប្បធម៌។

កាហ្វេ​វប្បធម៌ ស្ថិតនៅ​ផ្ទះ​លេខ ២២២៨ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឫស្សីកែវ ឬ​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៦៩ ៨៣៨ ៩៨៩៕