ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ ​កុមារី​ជា​​តារា​ចម្រៀង ​សម្តែង​ជាប់​​សែ​ស្រឡាយ​រាជវង្ស​ព្រះនាង​តូច នរោត្តម ​ជេនណា​ កំពុង​តែ​មាន​រាសី​ឡើង​ក្រឺតៗ​ ក្តោប​បាន​ឱកាស​ច្រើន​នៅ​លើ​វិថី​​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​ក្នុង​ប្រទេស​រយៈពេល​ជិត​ ១ ​ឆ្នាំ ​ចុង​ក្រោយ​នេះ ក៏​ទទួល​លាភ​ធំ​ថ្មី​ប្រចាំ​ឆ្នាំ ២០២០ ដោយសារ​ក្រុម​តារា​ចម្រៀង ​K-pop និង​​តារា​សម្តែង​កូរ៉េ​ប្រុស​រូប​សង្ហា​លោក លី មិនហូ មាន​គម្រោង​រៀបចំ​ការ​ប្រគំ​តន្រ្តី​អន្តរជាតិ​រវាង​ប្រទេស​ទាំង ​២​ នៅ​កម្ពុជា​ទៀត​ផង។

កុមារី​ជា​តារា​ចម្រៀង​ពន្លក​ថ្មី​ ទើប​​មាន​ព្រះជន្ម​ ៨ ឆ្នាំ ដែល​ទើប​​តែ​បាន​ក្លាយជា​ទូត​សុច្ឆន្ទៈ​វ័យ​ក្មេង​របស់​ក្រុមហ៊ុន​ទូរស័ព្ទ ​Cellcard និង​លេច​វត្តមាន​​ថតកុន​ភាគ​បុរាណ​រឿង​ «ទេព​ធីតា​ព្កុល​មាស»​ របស់​ទ្រង់​សម្តែង សម្រាប់​ចាក់​បញ្ចាំង​​​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ស៊ីធីអ៊ិន​នោះ ​ក៏​កំពុង​តែ​ត្រៀម​យាង​ចេញ​ដំណើរ​ ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដើម្បី​ជួប​​ជាមួយ​​ក្រុម​តារា​ចម្រៀង ​K-pop ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​ទ្រង់​សព្វ​ព្រះទ័យ​គាំទ្រ​ផង​ដែរ ក្រោយ​ពី​ទ្រង់​បង្ហើប​ពី​ក្រុម​នានា​ទាំង​នោះ​រួម​មាន​ដូចជា ​ក្រុម​ Momo Land ក្រុម ​Twice ក្រុម ​Black ​Pink និង​តារា​សម្តែង​ប្រុស​​ល្បី​លោក Lee Min Ho។

នេះ​បើ​យោង​តាម​កញ្ញា ហ៊ុយ ជេន្នី ​ជា​សមាជិក​ក្រុម​ការងារ​រៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ ថ្លែង​ប្រាប់​បណ្តាញ​សារ​ព័ត៌មាន​នៅ​ក្នុង​ស្រុក​មួយ​ កាល​​​​ពី​ពេល​ថ្មីៗ​នេះ​ថា តារា​ចម្រៀង​​ព្រះនាង​តូច នរោត្តម ជេនណា នឹង​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២៩ ខែ ​កញ្ញា ឆ្នាំ ២០២០។

សមិទ្ធផល​ដែល​កើត​ចេញ​​ពី​ការ​មើល​ឃើញ​ទេពកោសល្យ​សិល្បៈ​ល្អ​របស់​ព្រះនាង​តូច នរោត្តម ជេនណា កំពុង​តែ​ក្លាយ​​ជា​ភ្នាក់ងារ​ភ្ជាប់​ទំនាក់ទំនង​​នៃ​វប្បធម៌​សិល្បៈ​រវាង​​ប្រទេស​ទាំង ​២ គឺ​កម្ពុជា និង​កូរ៉េ​ខាង​​ត្បូង​ នេះ​ក៏​ត្រូវ​បាន​​បណ្តាញ​​សារ​ព័ត៌មាន​ប្រទេស​កូរ៉េ www.nbnnews.co.kr ចុះផ្សាយ​ផង​ដែរ កាល​ពី​ថ្មីៗ​កន្លង​មក​នេះ។ ​

សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​ថា វត្តមាន​ព្រះនាង​តូច​ខ្មែរ​​ដែល​មាន​ព្រះជន្ម ៨ ឆ្នាំ នរោត្តម ជេនណា កំពុង​តែ​ធ្វើ​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​តាមរយៈ​បណ្តាញ​សង្គម​ជាមួយ​អ្នក​ភ្ជាប់​​ទំនាក់ទំនង​ចំនួន​ ៨០ ម៉ឺន​នាក់ (800 000 followers) និង​​ចំនួន​អ្នក​ចូល​មើល​ក្នុង​​បណ្តាញ​​សង្គម​យូធូប ​គឺ​មាន​ចំនួន​ ៦ លាន​នាក់(6 million YouTube views)។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​ឆ្នាំ ​២០១៩ ក៏​មាន​ការ​បង្កើត​នូវ​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​យូធូប ​ជាមួយ​នឹង​​ទឹក​ដម​សំនៀង​យ៉ាង​ពីរោះ​ ស្រទន់​ធ្ងន់ បក​ស្រាយ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា «​ដួង​ចន្ទ» របស់​កុមារី នរោត្តម ជេនណា ខណៈ​ពេល​ដែល​ទ្រង់​ទើប​​តែ​មាន​វ័យ ៧ ​ឆ្នាំ ​ជាប់​សែ​ស្រឡាយ​​រាជវង្ស​ខ្មែរ ដែល​ទ្រង់​​គឺ​ជា​បុត្រី​ទី២​ អ្នក​អង្គម្ចាស់ នរោត្តម បុប្ផារី​ និង​ត្រូវ​ជា​​ចៅ​ស្រី​​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រពង្ស់។

សម្រាប់​ព្រះនាង​តូច ​នរោត្តម ជេនណា ទ្រង់​មាន​ទេពកោសល្យ និង​ដុង​ពី​កំណើត​លើ​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​​សម័យ ហើយ​ទ្រង់​ក៏​ចេះ​និយាយ​​​ដល់ ​៥ ភាសា​ឯ​ណោះ​​បាន​​​បញ្ចេញ​សូរសៀង​នៃ​បទ​ចម្រៀង​​ថ្មី​ដំបូង​មាន​ចំណង​​ជើង​​ថា «​ដួង​ចន្ទ​» ​ដែល​ជា​ការ​និពន្ធ​បទ​ភ្លេង​ដោយ​​លោក ​ណាំ ប៉ុណ្ណារ័ត្ន និង​អ្នក​តែង​ទំនុក​ច្រៀង​វិញ​ដោយ Kelly នៅ​ផលិតកម្ម 7G​ Entertainment។​ ខណៈ​ក្រោយៗ​មក​គេ​ឃើញ​មាន​បទ​ «​កន្ទ្រឹម​​ខែ​ចេត្រ» បទ «ក្តៅ​ណាស់» និង​​ពេល​ថ្មីៗ​​នេះ​ ក៏​ផ្ទុះ​មាន​ការ​គាំទ្រ​លើ​បទ​​ចម្រៀង​មួយ​​ដែល​មាន​ចំណង​ជើង​​ថា «វាសនា​ធីតា​ព្កុលមាស» ​ដែល​ជា​បទ​ចម្រៀង​ថ្មី​ សម្រាប់​​​ការ​ចាក់​ក្នុង​ខ្សែ​ភាពយន្ត​​បុរាណ​រឿង «ទេព​ធីតា​ព្កុល​មាស»​ នោះ​ក្នុង​ឆ្នាំ ​២០២០ នេះ៕​