ក្រុង​អ៊ីស្លាម៉ាបាដ៖ មូហាមេដ អ៊ិក្រាម ដែល​កើត​មក​អត់​មាន​ដៃ ចូល​ក្លិប​លេង​ស្នុកឃ័រ​ ដោយ​ប្រើ​ចង្កា​ជា​មធ្យោបាយ​បុក​គ្រាប់​ឃ្លី​ពណ៌​ស​បញ្ជូន​ទៅ​រុញ​គ្រាប់​​​ក្រហម​ឲ្យ​​ចូល​រន្ធ​។

កីឡា​បែប​នេះ​ហាក់​មិន​សម​​នឹង​​​បុរស​​អាយុ ៣២ ​ឆ្នាំ​នោះ​ទេ តែ​កីឡាករ​ប៉ាគីស្ថាន​រូប​នេះ បាន​ចំណាយ​ពេល​​ជា​ច្រើន​ឆ្នាំ​សំលៀង​​ជំនាញ​​របស់​ខ្លួន រហូត​ដល់​អ្នក​ខ្លះ​ប្រចាំ​ភូមិ​អស់​លុយ​ពី​ហោប៉ាវ​មិន​តិច​ទេ​។

លោក អ៊ិក្រាម បាន​ប្រាប់​ AFP អំឡុង​ពេល​ចូល​លេង​ស្នុកឃ័រ​ក្នុង​ក្រុង​សាមុនទ្រី ខេត្ដ​ពុនចាប​ ភាគ​ខាង​ជើង​ប្រទេស​ថា​៖ «​វា​ជា​ការងារ​ដ៏​លំបាក​ដែល​ទាមទារ​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​។ បើ​មាន​អ្នក​លេង​ដូច​រូប​ខ្ញុំ ខ្ញុំ​ត្រៀម​ខ្លួន​ប្រយុទ្ធ​​ជា​ស្រេច​»។

កើត​​ក្នុង​គ្រួសារ​ក្រីក្រ លោក និង​បងប្អូន​ ៨ ​នាក់​ ​របស់​លោក​មិន​អាច​ចូល​​សាលារៀន​នោះ​ទេ ហើយ​លោក​​ចំណាយ​ពេល​កុមារភាព​រស់​នៅ​យ៉ាង​​ឯកា​។ ជា​យុវជន​ម្នាក់ លោក​ចាប់​ផ្ដើម​ឈរ​មើល​មិត្ដភក្ដិ​លេង​ស្នុកឃ័រ​ និង​មាន​បំណង​ចង់​លួច​សាកល្បង​លេង​​ស្ងាត់ៗ​។

កីឡាករ​​ស្នុកឃ័រ​អត់​មានដៃតែ​មានជំនឿចិត្ត​ដើរ​ចូល​ក្លិប​។ រូបថត AFP

លោក អ៊ិក្រាម និយាយ​ថា​៖ «​ដំបូង ខ្ញុំ​ធ្លាប់​វាយ​គ្រាប់​ឃ្លី​ស្នុក​ឃ័រ​ម្នាក់​ឯង​នៅ​លើ​តាប​ទទេ​។ បន្ទាប់​មក ខ្ញុំ​អភិវឌ្ឍ​ខ្លួន​បន្ដិច​ម្ដងៗ​ រួច​ក៏​ផ្ដើម​លេង​ជាមួយ​​គូ​ប្រកួត​»។

លោក អ៊ិក្រាម អាច​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ខ្លាំងៗ​ប្រចាំ​ក្រុង​ថែម​ទៀត​។ លោក​មាន​សមត្ថភាព​រុញ​គ្រាប់​ឃ្លី​បញ្ចូល​​រន្ធ​ ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មហាជន​ជា​ច្រើន​។

ពេល​កីឡាករ​អត់​ដៃ លោក អ៊ិក្រាម វាយ​មិន​ចូល​រន្ធ​អ្នក​ឈរ​​មើល​ម្នាក់​បាន​បន្លឺ​សំឡេង​ឡើង​​ថា​៖ «​ខាត់​ចង្កា​មួយ​សិន​ទៅ​»។

ដោយ​បារម្ភ​ថា លោក​អាច​ធ្វើ​ឲ្យ​របួស​ខ្លួន​ឯង​ ឪពុក​ម្ដាយ​របស់​លោក អ៊ិក្រាម តែងតែ​រារ៉ាំង​​លោក​ពី​ល្បែង​​ស្នុកឃ័រ​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​កាល​ពី​ឆ្នាំ​មុន​ ពួកគេ​ព្រម​ឲ្យ​បុរស​អត់​ដៃ​ទាំង​គូ​រូប​នេះ​ចូល​លេង​ឡើង​វិញ​។

ជំនាញ​ស្នុកឃ័រ​របស់​លោក​បាន​រុញ​ច្រាន​​ប្រជាប្រិយភាព​លើ​អនឡាញ​ក្នុង​ចំណោម​ជើង​ខ្លាំង​ប៉ាគីស្ថាន​ដទៃ​ទៀត​។

លោក អ៊ិក្រាម ត្រូវ​ការ​ជំនួយ​បញ្ចុកទឹក​ពេល​ប្រកួត​។ រូបថត AFP

លោក អ៊ិក្រាម បាន​និយាយ​ថា​៖ «​ខ្ញុំ​កាន់​តែ​ល្បី​»។

ល្បែង​ស្នុកឃ័រ​​ត្រូវ​បាន​​នាំ​មក​កាន់​ប៉ាគីស្ថាន​ដោយ​​មន្ដ្រី​ចក្រភព​អង់គ្លេស នា​សម័យ​អាណានិគម​និយម​លើ​ឧប​ទ្វីប​ឥណ្ឌា ហើយ​ស្ថាបនិក​ជនជាតិ​ប៉ាគីស្ថាន លោក មូហាមេដ អាលី ជីនណា ក៏​ជា​អ្នក​លេង​ស្នុកឃ័រ​​ពូកែ​ម្នាក់​ផង​ដែរ​។

ប៉ាគីស្ថាន​មិន​​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ថិតិ​លើ​អ្នក​មាន​ពិការភាព​នោះ​ទេ តែ​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ប៉ាន់​ប្រមាណ​​ថា មាន​ចំនួន​ជាង ៣០ ​លាន​នាក់​លើ​ប្រជាជន​សរុប​ ២២០ ​លាន​នាក់​៕ AFP/HR