ភ្នំពេញ៖ ដោយ​មាន​បរិវេណ​នៃ​ទីលាន​ធំ​ជាង និង​ហ្គោល​ស្រដៀង​នឹង​បាល់ទាត់ ដែល​មាន​សំណាញ់​ខុស​ពី​ប្រភេទ​កីឡា​បាល់ឱប មាន​តែ​បង្គោល ២ ខ្ពស់ បាល់​លេង​បែប​សេរី​ហ្គែលីក ឬ​ក៏ Gaelic Football ជា​កីឡា​ច្របាច់​បញ្ចូល​គ្នា​រវាង​បាល់ទាត់ និង​បាល់​ឱប ដែល​អាច​ប្រើ​បាន​ទាំង​ដៃ និង​ជើង​រួមគ្នា។

ស្រដៀង​នឹង​ទីលាន Gaelic Football ហើយ​ឧបករណ៍​លេង​ប្រហាក់ប្រហែល​នឹង​កីឡា​ហុក​គី កីឡា​ប្រពៃណី​អៀរឡង់ ១ ប្រភេទ​ទៀត គឺ Hurling ដែល​កីឡាករ​ទាំង​សង​ខាង​ប្រើ​ទំពក់​ឈើ​វាយ​បាល់​មូល​តូច។

Gaelic Football និង Hurling ត្រូវ​បាន​នាំ​យក​មក​កម្ពុជា​ដោយ​ក្លិប Cairde Khmer GAA Club - Cambodia ក្នុង​ឆ្នាំ ២០១៧ ដោយ​ជនជាតិ​អៀរឡង់ ៣ នាក់ រួម​ទាំង​លោក ផេតដ្រេក ខែមប៊ែល (Padraig Campbell) និង​មាន​សមាជិក​ចម្រុះ​ជាតិ​សាសន៍។

លោក រ៉ូណាន់ ស្ហ៊ីហាន់ ជា​ប្រធាន​ក្លិប​ពេល​បច្ចុប្បន្ន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា៖ «សមាជិក​ដែល​បាន​ចូលរួម​ក្លិប​មិន​ទាមទារ​អ្វី​ច្រើន​ទេ។ សំណូមពរ​របស់​យើង ​គឺ​សូម​ឱ្យ​តែ​ពួក​គាត់​រីករាយ។ គ្រប់គ្នា​មិន​ចាំបាច់​មាន​ការ​ព្រួយ​បារម្ភ​ពី​សមត្ថភាព​ខ្លួន​ឯង​ទេ ពួក​យើង​មាន​គ្រប់​កម្រិត»។

លោក​បាន​បន្ដ​ថា៖ «គ្រប់គ្នា​សុទ្ធ​តែ​អាច​ចូលរួម​បាន​ដោយ​រាល់​ការ​ហាត់​សម​តម្រូវ​ឱ្យ​បង់​តែ​ម្នាក់ ៣ ដុល្លារ។ សម្រាប់​កីឡាករ​ខ្មែរ​គឺ លេង​ដោយ​ឥតគិត​ថ្លៃ ហើយ​យើង​ទទួល​ខុស​ត្រូវ​លើ​ថ្លៃ​ធ្វើ​ដំណើរ និង​ការ​ស្នាក់នៅ​របស់​ពួក​គេ​នៅពេល​យើង​លេង​ក្រៅ​ប្រទេស ឬ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស»។

សមាជិក​ក្លិប​បំពេញ​បេសកកម្ម​រើសសំរាម និង​សម្អាត​សហគមន៍​។ រូបថត សហ​ការី

បើ​ទោះបី​ជា​កីឡា​ប្រពៃណី​អៀរឡង់ Gaelic Football ទាមទារ​កាយ​សម្បទា​រឹងមាំ ការ​ហ្វឹកហាត់ និង​ភាព​ប៉ិន​ប្រសប់​នៅ​លើ​ទីលាន​យ៉ាង​ណាក៏​ដោយ ក៏​វា​ផ្ដោត​ចម្បង​លើ​សាមគ្គីភាព​មិត្ដភាព និង​ជួយ​យក​អាសា​គ្នា។

លោក រ៉ូណាន់ បន្ដ​ថា ចំណុច​សំខាន់​នៃ​កីឡា Gaelic Football ជា​កន្លែង​បង្កើត​មិត្តភាព​ជា​កន្លែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ចំណាយ​ពេល​ជាមួយ​គ្នា ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ក៏​ដូចជា​អ្នក​ដែល​មិនមែន​ជា​កីឡាករ ដែល​អាច​បង្កើត​ទំនាក់ទំនង​តាមរយៈ​ការ​ជួយ​គាំទ្រ​គ្នា។

«Cairde Khmer» ជា​ពាក្យ​បញ្ចូល​គ្នា​រវាង​ភាសា​អៀរឡង់ និង​ខ្មែរ​មាន​ន័យ​ថា «មិត្ដ​សម្លាញ់​កម្ពុជា» ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​កម្ពុជា​ពិសេស​ស្ដ្រី​ខ្មែរ។

ឈិត កានីកា ជា​កីឡាការិនី​ម្នាក់​ធ្លាប់​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ក្រោយ​ក្លិប​បង្កើត​បាន ១ ឆ្នាំ​ថា កញ្ញា​ដឹង​ការ​បង្កើត​ក្លិប​តាមរយៈ​មិត្ដភក្ដិ​ម្នាក់ ដែល​ពេល​នោះ ខ្លួន​មិន​ដឹង​ថា អ្វី​ទៅ​ជា ​Gaelic Football។

កញ្ញា​និយាយ​ថា៖ «វា​ពិត​ជា​អស្ចារ្យ​ណាស់ ដោយសារ​តែ​យើង​ត្រូវ​ប្រើ​ជំនាញ​ទាំង ២ គឺ​បាល់ទាត់ និង​បាល់ឱប​ក្នុង​កីឡា​នេះ​តែ។ ពេល​ហាត់​ដំបូង ខ្ញុំ​ហាក់​មាន​អារម្មណ៍​ប្លែក និង​ងាយ​ស្រួល​លេង»។

ជា​សហគមន៍​ដែល​បោះ​បាន​ទីតាំង​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ និង​មូលដ្ឋាន​នៅ​សៀមរាប ក្លិប​មិត្ដ​សម្លាញ់​កម្ពុជា ដែល​បាន​សាង​កេរ្ដិ៍ឈ្មោះ​ដ៏​ល្អ​នៅ​លើ​ឆាក​អន្ដរជាតិ​តាំង​ពី​ចាប់​កំណើត​ភ្លាមៗ​បាន​បង្កើត​កម្មវិធី​មនុស្សធម៌​ជា​ហូរហែ​ក្នុង​ការ​ចូលរួម​ជួយ​សង្គម។

សមាជិក​ក្លិបទាំងឡាយ​​តែង​តែ​ធ្វើការ​បរិច្ចាគ​ឈាម​​តាម​កាលវិភាគទៀងទាត់​។ រូបថត សហ​ការី

លោក រ៉ូណាន់ វ័យ ៣៤ ឆ្នាំ ឱ្យ​ដឹង​ថា៖ «យើង​បាន​បរិច្ចាគ​ឈាម​ជាមួយ​អង្គការ​សប្បុរសធម៌ Voice ចូលរួម​ជួយ​សម្អាត​សំរាម​តាម​សហគមន៍​ជាមួយ Gogreen Cambodia និង​ផ្តល់​សិក្ខាសាលា​សម្រាប់​សាលារៀន អង្គការ​សង្គ្រោះ​កុមារ​ក្រីក្រ​នៅ​អាស៊ី (SCAO) អង្គការ​ SCOOP ជា​ដៃគូ​យើង។ មិន​ត្រឹមតែ​ជា​កីឡា​ក្លិប​បង្ហាញ​ពី​របៀប​រស់នៅ​បង្រៀន​ទាំង​ការ​ផ្ដល់​ឱ្យ និង​ការ​ទទួល»។

ដោយសារ​តែ​វិបត្ដិ​កូវីដ​ក្នុង​ប្រទេស​សកម្មភាព​ផ្សេងៗ​ត្រូវ​បាន​ផ្អាក​សមាជិក​ចម្រុះ​ជាតិ​សាសន៍ រួម​មាន​ខ្មែរ​អៀរឡង់ អង់គ្លេស កូឡុំប៊ី ប៉ូឡូញ អាមេរិក កាណាដា និង​អូស្ត្រាលី នៅ​តែ​អាច​រក្សា​ទំនាក់ទំនង និង​បន្ដ​ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ។

ប្រធាន​ក្លិប​រូប​នេះ និយាយ​ថា៖ «យើង​នឹង​ធ្វើ​ដំណើរ​ប្រកួត​ជា​អន្តរជាតិ​ពេល​ដំណើរ​ការ​បើក​ឡើង​វិញ។ យើង​នឹង​ព្យាយាម​ហាត់​ឱ្យ​បាន​កាន់​តែ​ល្អ ហើយ​សង្ឃឹម​ថា យើង​អាច​នាំ​ពាន​រង្វាន់​មក​កម្ពុជា​វិញ»។

លោក​នៅ​បន្ដ​លើក​ទឹក​ចិត្ដ​ឱ្យ​មាន​អ្នក​ចូលរួម​ហ្វឹកហាត់​កីឡា​ទាំង ២ នេះ​ឱ្យ​បាន​ច្រើន ដោយ​កុំ​បារម្ភ​ពី​ជាតិ​សាសន៍ ទំហំ​មាឌ និង​សមត្ថភាព។

លោក​អះអាង​ថា៖ «អ្នក​នឹង​បង្កើត​មិត្តភាព និង​ការ​ចងចាំ​ដ៏​ល្អ។ វា​ប្រៀប​ដូចជា​ការ​នាំ​ឱ្យ​យើង​ស្គាល់​មនុស្ស​ថ្មី វប្បធម៌ និង​អរិយធម៌​ថ្មី»។

សម្រាប់​ពត៌មាន​លម្អិត សុំ​ចូល​ទៅ​កាន់​ទំព័រ​ហេ្វសប៊ុក @CairdeKhmer៕

សកម្មភាព​ប្រកួត​ Hurling ជាមួយ​ក្លិប​​សៃហ្គន នៅ​​​ភ្នំពេញ កាលពីឆ្នាំ ២០១៨។ រូបថត សហ​ការី