ភ្នំពេញៈ​ ក្រោយ​ពី​បាន​ចំណាយ​​ពេល​ជាង​ ១ ឆ្នាំ ​​ក្នុង​ការ​ផលិត​ខ្សែ​​ភាព​យន្ត​ថ្មីរឿង​ «The Clock ឬ នាឡិកា​​ដាស់​វិញ្ញាណ»​​​​ និង​ចាយ​ទុន​អស់​ជាង​ ៤០ ម៉ឺន​ដុល្លារ ដែល​ត្រៀមនឹង​​ចាក់​បញ្ចាំង​នៅ​គ្រប់​​រោង​ភាព​​​​យន្ត​លេជេនក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ថ្ងៃ​ ២១ ខែ វិច្ឆិកានេះ​​ និង​នាំ​ទៅ​ចាក់​បញ្ចាំង​ក្រៅ​ប្រទេស​នា​បណ្តា​ប្រទេស​​អាស៊ានចំនួន​ ៦ ផង​ដែរ​។​

ជំនួប​ក្នុង​ថ្ងៃ​ធ្វើ​សន្និសិទ​កាសែត​ជា​ផ្លូវ​ការ​នៃ​ខ្សែភាព​យន្ត​ខ្នាត​ធំ​រឿង ​ «The Clock -នាឡិកា​ដាស់​វិញ្ញាណ» លោក​ លៀក​ លីដា​ ចាងហ្វាង​ផលិត​កម្ម​ LD Picture​ ថ្លែង​មក​ភ្នំពេញ​ប៉ុស្តិ៍​ពីដំណើរ​​ការ​ផលិត​ខ្សែ​ភាព​យន្ត​ថ្មី​នេះ​ថា​៖​«​ខ្ញុំ​ធ្លាប់​បាន​ផលិត​ខ្សែភាព​យន្ត​មក​ជិត​ ៣០ រឿងមក​ហើយ ប៉ុន្តែ​រឿង​ The Clock (នាឡិកា ដាស់​វិញ្ញាណ​) ខ្ញុំ​បាន​ចំណាយ​ថវិកា​ ដែល​​សន្សំ​ទុក​តាំង​ពី​រឿង​ចាស់​ៗមក​ផលិត​ទាំង​អស់​ ដើម្បី​​ផ​លិត​ភា​ព​យន្ត​នេះ​ឲ្យ​ល្អ​ អាច​ប្រកួត​ប្រជែង​ទី​ផ្សារ​ក្រៅ​ស្រុក​បាន​ ហើយ​ចំពោះ​ការចំណាយ​ក៏​អស់​​​ច្រើន​ដូច​គ្នា​ គឺ​ចំណាយ​ជាង​ ៤០ ម៉ឺនដុល្លារ ដោយ​ខ្ញុំ​ក៏​មិន​ច្បាស់​ថា​ជាង​ប៉ុន្មាន​ដែរ»​។​

ខ្សែភាព​យន្ត​ថ្មីរបស់​ផលិត​កម្ម​ LD Picture បាន​បង្ហាញ​ពី​ជីវិត​គ្រួសារ​មួយ​ ដែល​បាន​បែក​បាក់​រវាង​ឪពុក​ម្តាយ​ បាន​​បន្សល់​នូវ​ភាព​ឈឺ​ចាប់​ដល់​កូន​ស្រី រហូតដល់​កើត​មាន​នូវ​ជំងឺ​ផ្លូវ​ចិត្ត​ ដែល​អាច​ឲ្យ​វិញ្ញាណ​ខ្មោច​គ្រប់​គ្រង​បាន។ តាម​រយៈ​សាច់​រឿង​នេះ​ហើយ​​ ដែល​ជា​មូល​ហេតុ​ធ្វើឲ្យ​អ្នក​ទស្សនា ​​មាន​ការ​សង្ស័យ​ថា​ដូច​ជា​ជីវិត​នៃ​ម្ចាស់​ផលិត​កម្ម​រូប​នេះ​ផ្ទាល់។

លោក លៀក លីដា ចាង​ហ្វាង​ផលិត​កម្ម​LD Picture។​រូបភាព សហការី

​ដោយ​មិន​ចង់​ឲ្យ​មាន​ការ​យល់​ច្រឡំ​ទាក់​ទង​នឹង​រឿង​នេះ​លោក លៀក​​ លីដា​ បាន​បរិយាយ​ដូច្នេះ​ថា​៖​ ​«​មិន​ដូច​ជា​ជីវិត​​​ខ្ញុំ​នោះ​ទេ​ គឺ​ខុស​ស្រឡះ​តែ​ម្តង​ ព្រោះ​ថា​ក្នុង​សាច់​រឿង​ យើង​បាន​ផ្តោត​ទៅ​លើ​សម្ពាធ​ផ្លូវ​ផ្លូវ​ចិត្ត​របស់​ក្មេង​ក្រោយ​​មាន​ការ​បែក​បាក់​របស់​ឪ​ពុក​ម្តាយ​ ហើយ​មួយ​ទៀត​យើង​ចង់​បង្ហាញ​ពី​មនុស្ស​ ២ នាក់ គឺ​ម្តាយ​ចុង​ដែល​បាន​ធ្វើ​បាប​កូន​ដើម​ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​បាន​ស្លាប់​ទៅ​ ក៏​ត្រូវ​ប្រពន្ធ​ដើម​មក​រស់​នៅ​ជា​មួយ​កូន​របស់​គាត់​វិញ​ ចឹង​ប្រពន្ធ​ដើម​ក៏​ត្រូវ​ក្លាយ​ជា​ម្តាយ​ចុង​របស់​កូន​ប្រពន្ធ​ចុង​ ប៉ុន្តែ​គាត់​បែរ​ជា​ចិត្ត​ល្អ​ដាក់​កូន​ចុង​នោះ​ យើង​ក៏​ចង់​មាន​ន័យ​​ថា​អាក្រក់​ល្អ​នៅ​លើ​មនុស្ស​មិន​ស្ថិត​នៅ​លើ​ចុង​ ឬ​ដើម​នោះ​ទេ។​ បើ​សាច់​រឿង​ខ្ញុំ​គឺ​ដូច​ទៅ​នឹង​បទ​ចម្រៀង​«Gloomy Sunday ​ជា​បទ​ដែល​ស្រ្តី​ជន​ជាតិ​បារាំង​គាត់​បាន​ស្តាប់​នៅ​ក្នុង​រឿងពេល​ធ្វើ​អត្តឃាដ​ច្រើន​ជាង»។​​

ផ្ទះ​​ដែលជា​និមិត្តរូប​សម័យ​កាល​បារាំង​ ថត​ក្នុង​រឿង​ «The Clock-នាឡិកាដាស់វិញ្ញាណ»។​រូបភាព សហការី

ម្ចាស់​ផលិត​កម្ម​រូប​នេះ​ ក៏​បង្ហើប​ឲ្យ​ដឹង​ពី​ការ​​ត្រៀម​នាំ​យក​ភាព​យន្ត​ខ្នាតធំ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​​ប្រទេស​កម្ពុជាគឺ​មាន​​ចំនួន​ ៦ ប្រទេស​នៃតំបន់​អាស៊ាន​នោះ​ដែរ​ ដូច​ជា​ប្រទេស​ថៃ ឡាវ មីយ៉ានម៉ា ម៉ាឡេស៊ី សឹង្ហបុរី និង​ប្រ៊ុយណេ នោះ​ថា​៖​ «​ប្រសិន​បើ​ ​ជា​រឿង​នេះ ​ចាក់​បញ្ចាំង​តែ​ក្នុង​ស្រុក ​ខ្ញុំ​ប្រាកដ​​ចិត្ត​ណាស់​ថា វា​​នឹង​ខាត​​ចូល​​ពាក់​កណ្តាល​ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​បាន​យក​ទៅ​ចាក់​នៅ​​ក្រៅ​ប្រទេស​ដែរ។​ ដោយសារ​​នៅ​ស្រុក​ក្រៅ ​មិន​ពិបាក​ក្នុង​ការ​យក​​ទៅ​​ឲ្យ​គេ​ចាក់​ផ្សាយ​​នោះ​ទេ អាស្រ័យ​លើ​រឿង​របស់​យើង​​មាន​គុណ​ភាព​ ឬ​អត់​។ ទោះ​បី​ជា​ខាត​ច្រើន​ក៏​ដោយ​ ហើយ​​ត្រូវ​អស់​លុយ​ច្រើន​ក៏​ដោយ​ តែ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​​ដែល​បាន​ផលិត​ខ្សែភាព​យន្ត​ ដែល​មាន​គុណ​ភាព​បែប​នេះ​។ ខ្ញុំ​នៅ​​តែ​បន្ត​ធ្វើ​កុន​បែប​នេះ​ទៀត ប៉ុន្តែ​មិន​ប្រាកដ​ថា​​ពេល​ណា​នោះ​ទេ ចាំ​មើល​សន្សំ​លុយ​បាន​ពេល​ណា​ក៏​ចាប់​​ផ្តើម​​ធ្វើ​ពេល​​នោះ​ទេ​»​៕

តួស្រី និង​តួ​ប្រុស​ក្នុង​រឿង​ «The Clock-នាឡិកាដាស់វិញ្ញាណ»។​រូបភាព សហការី

ផលិត​កម្ម​LD Picture បាន​ធ្វើស្និសីទ​សារព័ត៌មានពី​ការ​ត្រៀម​ចាក់​បញ្ចាំង​​រឿង​ «The Clock-នាឡិកាដាស់វិញ្ញាណ»។​រូបភាព សហការី