ភ្នំពេញៈ ទីបំផុតកុនខ្មែរខ្នាតធំ និងស្តង់ដាអន្តរជាតិរឿង «តន្រ្តីជីវិត» ដែលឆ្លុះបញ្ចាំងពីខ្សែជីវិតគ្រួសារមួយឆ្លងកាត់ ៣ ជំនាន់នោះ ត្រូវបានជ្រើសយកទៅប្រកួតពានរង្វាន់អន្តរជាតិអូស្ការលើកទី៩២ ដែលគ្រោងធ្វើនៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីក្រុងឡូសអេនជេលេស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
ភាពយន្តនេះ ផលិតដោយកូនខ្មែរ ២ រូប ដែលមានរយៈពេល ៩២ នាទី ហើយសាច់រឿងរៀបរាប់ពីរសជាតិជីវិតក្រុមគ្រួសារមួយ តាមរយៈបទចម្រៀងសម័យដើមរបស់អតីតអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត គឺបទ «ចម្ប៉ាបាត់ដំបង» ជាការសហការផលិតដោយលោក សុខ វិសាល និង សូ ខេលី ជាកូនខ្មែរកាត់អាមេរិក។
ភាពយន្តនេះត្រូវបានជ្រើសយកទៅចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអាស៊ីប៉ាស៊ីហ្វិក កាលពីខែ ឧសភា ឆ្នាំ ២០១៨ ក្រុងឡូសអេនជេលេស រដ្ឋកាលីហ្វ័រនីញ៉ា នៃមហោស្រពភាពយន្តអាស៊ី (The Bangkok ASEAN Film Festival 2018) នៃទីក្រុងបាងកកកាលឆ្នាំ ២០១៨ និងបានពានរង្វាន់ពីកម្មវិធី Philadelphia Asian American Film Festival (PAAFF) ផ្នែកភាពយន្តប្រភេទ Audience Choice Narrative Feature នៅទីក្រុង Philadelphia សហរដ្ឋអាមេរិកផងដែរ។
លោក សុខ វិសាល ជាសហដឹកនាំការសម្តែងនៃកុននេះ បកស្រាយន័យថា៖ «តន្រ្តីតែងតែមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ហើយគ្រប់គ្នាបាននិយាយថា តន្រ្តីគឺជាព្រលឹងរបស់ប្រជាជនខ្មែរ។ ក្នុងនាមខ្ញុំជាផលិតករខ្មែរម្នាក់ ខ្ញុំគិតថា ភាពយន្តនេះពិតជាស្តីពីព្រលឹងខ្មែរ និងអ្វីៗដែលពួកគាត់បានឆ្លងកាត់រយៈពេល ៤០ ឆ្នាំកន្លងមកមែន។
តាមរយៈកុននេះ គឺប្រៀបដូចជាចម្រៀង ១ បទ ថ្លែងពីបទពិសោធប្រជាជនកម្ពុជាបានឆ្លងកាត់ ទាំងសេចក្តីសប្បាយ និងក្តីសង្ឃឹមនៅចំណុចចាប់ផ្តើម។ ចំណែកពាក់កណ្តាលរឿង បង្ហាញពីភាពក្រៀមក្រំ និងទុក្ខសោកប្រជាជនខ្មែរ ខណៈទីបញ្ចប់នៃរឿងបង្ហាញពីភាពអត់ធន់ ការប្តេជ្ញាចិត្តឆ្ពោះទៅមុខ ដោយមិនបំភ្លេចរឿងអតីតកាល»។
កញ្ញា សូ ខេលី អ្នកនិពន្ធ និងដឹកនាំរឿងបានថ្លែងដែរថា៖ «តន្រ្តីអាចឲ្យយើងឆ្លងឧបសគ្គ ឆ្លងពេលវេលា ហើយបញ្ជូនយើង និងភ្ជាប់យើងឡើងវិញ។ ខ្ញុំដឹងថា ទោះបីជាអ្នកជំនាន់ក្រោយមិនបានយល់ពីន័យចម្រៀងនោះក្តី តែបន្ទាប់ពីបានស្តាប់រួចទៅគឺពិតជាចង់ស្វែងយល់ពីអត្ថន័យរបស់បទនេះផងដែរ»។
លោកស្រី Mariam Arthur ជាប្រធានគណៈកម្មាធិការអូស្ការខេមបូឌា (COSC) បានមានប្រសាសន៍ថា «ឆ្នាំនេះមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់សមាជិកគណៈកម្មាធិការ ដែលត្រូវបោះឆ្នោត រវាងខ្សែភាពយន្ត ចំនួនពីរ។ ខ្សែភាពយន្តទាំង២ ដែលបានដាក់ជូនគណៈកម្មាធិការដោយកំណត់ត្រឹមថ្ងៃទី ១៥ ខែកក្កដា គឺនៅក្នុងនោះមានរឿង «តន្ដ្រីជីវិត» ដែលដឹកនាំដោយ លោកស្រី ខេលី សូ និងលោក សុខ វិសាល និងរឿង «បោកចំបាប់» ដឹកនាំដោយ លោកម៉ានីស សាមា។ យើងទទួលស្គាល់ថា ខ្សែភាពយន្តទាំងពីរ មានភាពស័ក្ដិសមដើម្បីតំណាងឲ្យប្រទេសកម្ពុជា ប៉ុន្តែយើងអាចបញ្ជូនបានត្រឹមតែខ្សែភាពយន្តមួយប៉ុណ្ណោះ»៕