ភ្នំពេញៈ ខណៈដែលតារាចម្រៀងប្រុសស្រីទាំងថ្មីទាំងចាស់នៅទ្រនំហង្សមាស មានឱកាសស្រវាបានជាតួសម្តែងភាពយន្តជាហូរហែមកហើយនោះ ចម្លែកអីតែតារាចម្រៀងស្រីកំពុងឡើងកូដនៅទ្រនំនេះដែរគឺកញ្ញា សួស វីសា ហាក់ដូចជាស្ងាត់ជ្រងំសម្រាប់អាជីពបន្ថែមនៅលើទ្រនំថ្មីគួរឲ្យងឿងឆ្ងល់។
តារាចម្រៀងស្រីមានស្រុកកំណើតមកពីខេត្តស្វាយរៀងកញ្ញា សួស វីសា ដែលធ្លាប់ប្រឡងជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធីតន្ត្រីសម័យបុរាណរបស់ស្ថានីយទូរទស្សន៍បាយ័នកាលពីឆ្នាំ ២០០៨ ហើយផ្តើមអាជីពជាតារាចម្រៀងនៅផលិតកម្មរ៉ុកក្នុងឆ្នាំ ២០០៩ ក៏បានបង្ហើបប្រាប់ថា៖ «ចាសបង!តាមពិតទៅការថតកុននោះមិនមែនខ្ញុំអត់មានឱកាសនោះទេ តែដោយសារខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់សម្តែងឲ្យគេថតកុន។ តែនាងខ្ញុំក៏បានថតកុនភាគដំបូងរបស់នាងខ្ញុំចប់ហើយដែរ ខណៈពេលវេលាចាក់បញ្ចាំងក៏ជិតដែរ។ កុនដំបូងដែលខ្ញុំសម្តែងនោះគឺរឿង «រាជបុត្រកង្កែប» ដែលមានប្រមាណជាង ២០ ភាគដោយសម្តែងជាតួឯកស្រីក្នុងចំណោមតួឯកស្រី ២ នាក់ក្នុងរឿងនៃផលិតកម្មហង្សមាស។ ក្រោយមកក៏ខាងផលិតកម្មហៅឲ្យថតកុន ២-៣ រឿងទៀតផងដែរ តែនាងខ្ញុំមិនទទួលព្រោះតែខ្ញុំរវល់នឹងការងារសិល្បៈចម្រៀងច្រើនពេក ហើយម្យ៉ាងទៀតការថតកុនភាគទាមទារប្រើពេលវេលាច្រើន ដូចជាកុនដំបូងរបស់នាងខ្ញុំថតនេះអ៊ីចឹងគឺខ្ញុំត្រូវប្រើពេលដល់ ១ ឆ្នាំ ឯណោះទៅថតនោះ»។
កញ្ញា សួស វីសា ដែលបានផ្ទុះភាពល្បីដំបូងតាមរយៈបទចម្រៀងមានចំណងជើងថា «វាសនាបុប្ផាស្វាយរៀង» ខណៈបច្ចុប្បន្នកំពុងតែស្រូបបានការគាំទ្រខ្លាំងពីប្រិយមិត្តបានបន្តទៀតថា៖ «កុនដែលនាងខ្ញុំថតនោះនឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ហង្សមាសក្រោយពីកុនភាគរឿង «រាជិនីភូមិគ្រឹះ» បញ្ចាំងចប់»។
ទន្ទឹមនឹងប្រជាប្រិយភាពហក់ឡើងក្រឺតៗដែលទាញបានការចាប់អារម្មណ៍ខ្លាំងពីបទថ្មីៗ និងស្ទីលតែងខ្លួនមានច្នៃប្រឌិតប្លែកភ្នែកនោះ តារាចម្រៀងសាច់សខ្ចីសម្ផស្សស្រស់សោភា កញ្ញា សួស វីសា ក៏ឆក់បានឱកាសក្នុងតំណែងជាគ្រូបង្វឹកម្នាក់ជំនួសកន្លែងរបស់អ្នកនាង សុគន្ធ នីសា ផងដែរនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia នារដូវកាលទី ២ នៅទ្រនំផលិតកម្មហង្សមាស។
ក្រៅពីសិល្បៈក៏កំពុងតែរងការបោកបក់ដោយខ្យល់ព័ត៌មានចចាមអារ៉ាមមិនស្ងប់ទៅនឹងដំណឹងមានស្នេហ៍រួមដំបូលនឹងតារាប្រុសវ័យក្មេងឈ្មោះ ថមមី និងចុងក្រោយគឺដំណឹងនាងជិតចូលរោងការទៀតផង។
តែទោះជាយ៉ាងណាស្រីស្រស់សោភា តារាចម្រៀងមានទឹកដមក្រអួនកញ្ញា សួស វីសា ក៏មិនបង្អង់ឲ្យរលករឿងអាស្រូវបោកបក់មកលើជីវិតរបស់នាងយូរទៀតឡើយ ដោយនាងធ្លាប់បានទម្លាយសារដើម្បីលាងជម្រះនូវរឿងមន្ទិលស្នេហា និងពាក្យចចាមអារ៉ាមទាំងឡាយនោះភ្លាមៗផងដែរ។
តារាចម្រៀងរូបសម្ផស្សទាក់ទាញកញ្ញា សួស វីសា បានបរិយាយសារយ៉ាងវែងអន្លាយថា៖ «ជម្រាបសួរបងប្អូនទាំងអស់គ្នានឹងសូមជម្រាបសួរដល់បងៗគ្រប់បណ្តាសារព័ត៌មានទាំងអស់។ ពេលនេះនាងខ្ញុំមានរឿងខ្លះចង់បកស្រាយ នឹងចង់សួរទៅបងៗអ្នកសារព័ត៌មាន។ ខ្ញុំចង់សួរថា ថ្មីៗនេះ បងៗចេញព័ត៌មានថាខ្ញុំពិតជាត្រៀមចូលរោងការយ៉ាងប្រាកដ ១០០ ភាគរយក្នុងរយៈពេលឆាប់ៗខាងមុខនេះ តើបងដឹងតាមរយៈណា? ខ្ញុំជាម្ចាស់ខ្លួន និងក្រុមគ្រួសារមិនបានដឹងអីនោះឡើយសូម្បីតែបន្តិច»៕