The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កុន​រឿង «កុំ​ងាក​ក្រោយ» វណ្ណកម្ម​ដំបូង​របស់​ផលិតករ​វ័យ​ក្មេង ​ផលិតកម្ម​កាឡាក់ស៊ី​

កុន​រឿង «កុំ​ងាក​ក្រោយ» វណ្ណកម្ម​ដំបូង​របស់​ផលិតករ​វ័យ​ក្មេង ​ផលិតកម្ម​កាឡាក់ស៊ី​

Content image - Phnom Penh Post
លោក ចាន់ណា រ៉ូណាន (ស្តាំ) ផលិតករ​វ័យ​ក្មេង​។ រូបថត សហ​ការី

កុន​រឿង «កុំ​ងាក​ក្រោយ» វណ្ណកម្ម​ដំបូង​របស់​ផលិតករ​វ័យ​ក្មេង ​ផលិតកម្ម​កាឡាក់ស៊ី​

ភ្នំពេញ៖ អតីត​តារា​ចម្រៀង​​ដែល​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​តារា​សម្តែង​ និង​​ផលិតករ​វ័យ​ក្មេង​ ចាន់ណា​ ​រ៉ូណាន​ ដែល​​តែង​តែ​បង្ហាញ​ស្នាដៃ​ផលិត​កុន​ខ្មោច​​ព្រាយ ​ទាក់ទង​រឿង​ជំនឿ​នោះ​ទទួល​​បាន​​ឱកាស​បញ្ចេញ​ស្នាដៃ​ដឹកនាំ​​រឿង​ថ្មី​នៅ​ចុង​ឆ្នាំ ​២០១៩ ក្នុង​ផលិតកម្ម​កាឡាក់​ស៊ីណាវ៉ាត់ត្រា ដោយ​​តម្រូវ​ឲ្យ​​តួ​សម្តែង​ផ្លាស់ប្តូរ​ចរិត ធ្វើ​ឲ្យ​​អ្នក​ទស្សនា​ផ្ទុះ​ការ​សសើរ។

ពេល​ជួប​នៅ​​ក្នុង​ថ្ងៃ​សម្ពោធ​កុន​រឿង​​ «​កុំ​ងាក​ក្រោយ» កាល​ពី​​​ថ្ងៃទី ២៤ ខែ ​ធ្នូ ឆ្នាំ ​២០១៩ កន្លង​មក​​ ​ធ្វើ​នៅ​​អេដិនហ្គាដិន លោក ចាន់ណា រ៉ូណាន ដែល​ជា​ផលិតករ​វ័យ​ក្មេង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍៍​ថា​៖ ​«​ខាង​យើង​បាន​ជ្រើសរើស​តួ​ថ្មី​ច្រើន​ ដោយ​ចង់​ផ្តល់​ឱកាស​​ទៅ​អ្នក​ថ្មី​ដែល​​មាន​ទេពកោសល្យ​ តែ​មិន​ទាន់​បាន​​បញ្ចេញ​សមត្ថភាព។​ ចំណែក​​​ឯ​សាច់​រឿង​ក៏​ប្លែក​ ព្រោះ​ខ្ញុំ​បាន​​និពន្ធ​ឡើង​មក​ បែប​មាន​អាថ៌​កំបាំង​ ធ្វើ​ឲ្យ​អ្នក​​ទស្សនា​មិន​អាច​ទាយ​ដឹង​មុន​​រហូត​​​ដល់​ចុង​បញ្ចប់​នៃ​រឿង​ទើប​អាច​​ដឹង​ការ​ពិត និយាយ​ទៅ​ប្លែក​ទាំង​អ្នក​សម្តែង​ និង​អ្នក​ទស្សនា ដូច​ជា​លោក​ ជា លាងឈែ គាត់​ធ្លាប់​តែ​សម្តែង​បែប​ស្រងូត​ស្រងាត់ ប៉ុន្តែ​រឿង​នេះ ​គាត់​សម្តែង​ជា​ភេទ​ទី ​៣ ​លាក់​ចរិត»។

សម្រាប់​កុន​នេះ​ដែរ ផលិតករ​វ័យ​ក្មេង​​​​រូប​សង្ហា ដែល​អតីត​ជា​ប្រធាន​ក្រុម​​​ De5inite បាន​បញ្ជាក់​ថា​ ចង់​បង្ហាញ​ពី​ទឹក​ចិត្ត​អ្នក​ម្តាយ​គ្រប់​រូប​​ដែល​​បាន​ស្រឡាញ់​កូន​ ហើយ​បាន​ព្យាយាម​លាក់​បាំង​រឿង​គ្រប់​យ៉ាង និង​សុខ​ចិត្ត​ដើរ​តួ​ជា​មនុស្ស​អាក្រក់​ ដើម្បី​ធ្វើ​ឲ្យ​កូន​ជា​ទី​ស្រឡាញ់​មាន​ក្តី​សុខ​​ រហូត​​ដល់​បាត់បង់​ជីវិត​ខ្លួន​ឯង​»។

Content image - Phnom Penh Post
ក្រុម​តួសម្តែង និង​ផលិត​ករ នាឱកាស​បើក​សម្ពោធ​កុន​រឿង​ «កុំ​ងាកក្រោយ»​ នៅ​រោង​កុន​អេដិន​ហ្គាឌិន។ រូបថត សហ​ការី

គួរ​បញ្ជាក់​ដែរ​ថា​ ខ្សែ​ភាពយន្ត​ខ្នាត​ធំ​រឿង ​«កុំ​ងាក​ក្រោយ​» ​គឺ​ជា​វណ្ណកម្ម​​ទី ​៨ របស់​​លោក​ ចាន់ណា រ៉ូណាន​ ដែល​ត្រូវ​បាន​​ផលិតកម្ម​កាឡាក់​ស៊ី​ណាវ៉ាត់ត្រា​ របស់​ចាងហ្វាង​ផលិតកម្ម​លោក​ ឡេង ណាវ៉ាត់ត្រា បាន​ថត​នៅ​​ក្នុង​ខេត្ត​បាត់ដំបង ដែល​បាន​ជ្រើសរើស​យក​ផ្ទះ​បុរាណ មាន​អាយុ​កាល​​ជាង ​១០០ ឆ្នាំ ព្រម​ទាំង​មាន​អបិយ​ជំនឿ​ថា មាន​អ្នក​ថែរក្សា​ផ្ទះ​នោះ​ទៀត​ផង។

កញ្ញា ឆាយ​ នីតា ដែល​ជា​តារា​សម្តែង​ថ្មី និង​ជា​កញ្ញា​ឯក​កម្ពុជា​ ​​លេខ ​៣ ឆ្នាំ ​២០១៦​ នោះ​ បាន​ប្រាប់​ផង​​ដែរ​ថា​៖​ «នេះ​គឺ​​ជា​កុន​ដំបូង​របស់​ខ្ញុំ​ ហើយ​​ត្រូវ​សម្តែង​ជា​តួអង្គ ​ដែល​ត្រូវ​ផ្លាស់ប្តូរ​ចរិត ​២ ​ផ្សេង​គ្នា ម្តង​ជាតួ​ល្អ​ ម្តង​ជាតួ​​អាក្រក់ ហើយ​នៅ​មាន​សម្តែង​ជា​​តួ​​ធ្មប់​ចូល​ទៀត វា​មាន​ភាព​លំបាក​ដែរ ក៏​ប៉ុន្តែ​ដោយសារ​ការ​តាំង​ចិត្ត​ និង​មាន​ការ​ផ្តល់​យោបល់​ពី​បងៗ​ក៏​អាច​ដំណើរការ​បាន​យ៉ាង​ល្អ»។

ចំណែក​លោក​ ចាន់ណា​ រ៉ូណាន ក៏​បាន​​បង្ហើប​ពី​ការ​និពន្ធ​ខ្សែ​ភាពយន្ត​ដែល​​​កំពុង​មាន​ការ​គាំទ្រ​ពី​បណ្តា​អ្នក​គាំទ្រ​ «កុំ​ងាក​ក្រោយ» យ៉ាង​ដូច្នេះ​ដែរ​ថា​៖​ «​​​ខ្ញុំ​បាន​និពន្ធ​រឿង​នេះ ប្រើ​ពេល​ ​៣ ឆ្នាំ​មក​ហើយ​ ទើប​ខាង​ផលិតកម្ម​កាឡាក់​ស៊ីណាវ៉ាត់ត្រា​បាន​ទាក់ទង​​មក​ថា ​ចង់​ផលិត​រឿង​នេះ ​(កុំ​ងាក​ក្រោយ)។ រឿង​នេះ​ដែរ ខ្ញុំ​មិន​បាន​សរសេរ​បែប​ស្រមើស្រមៃ​ទេ គឺ​ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​ជីវិត​ពិត​របស់​គ្រួសារ​មួយ​ ​ដែល​មាន​កូន​ប្រុស​បាន​ធ្វើ​ចំណាក​​ស្រុក ​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស ​កូរ៉េ​ ដោយសារ​ជីវភាព​ក្រីក្រ»៕​

អត្ថបទគួរចាប់អារម្មណ៍