ភ្នំពេញៈ ចាងហ្វាង​ផលិតកម្ម​មាតុ​ចក្រហ្វីម និង​ជា​ផលិតករ​ដែល​ទទួល​បាន​ភាព​ល្បី​នៃ​ការផលិត​កុន​រឿង​ «​វិកលចរិត​» និង​រឿង «​ធ្មប់​» លោក ហ៊ុយ យ៉ាឡេង មាន​នូវ​ក្តី​រំពឹង​ខ្ពស់​ទទួល​បាន​ការគាំទ្រ​ពី​ទស្សនិកជន​ខ្មែរ​ទៅ​នឹង​វណ្ណកម្ម​ថ្មី​គឺ​រឿង​ «​ទារុណកម្ម​ខ្មោច​» ខណៈ​រឿង​នេះ​ត្រៀម​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នា​ថ្ងៃទី​ ២៨ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​។

លោក ហ៊ុយ យ៉ាឡេង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​រឿង​នេះ​គឺ​ពិបាក​ថត​ណាស់ តាំងពី​ដើម​ដល់​ចប់ ជាពិសេស​គឺ​ខ្ញុំ​ដែល​ត្រូវ​ដើរតួ​ត្រូវ​គេ​ធ្វើ​ទារុណកម្ម និង​ត្រូវ​លះបង់​ខ្លួន​ពិតៗ​។ ទី​ ១ ខ្ញុំ​ត្រូវ​អត់បាយ សម្រក​គីឡូ​ជាង ១ ​ខែ​ហូប​តែ​បបរ​ឲ្យ​ស្គម​ដូច​អ្វី​ដែល​គេ​ធ្វើ​ទារុណកម្ម​មែនទែន និង​ទី​ ២ គឺ​ការធ្វើ​ទារុណកម្ម​របស់​ខ្មែរក្រហម​ដោយ​គេ​ថតរូប ហើយ​គេ​ចាក់​ដោត​លើ​សាច់​គឺ​ខ្ញុំ​ត្រូវ​បាន​គេ​ដោត​មែនទែន​នៅ​លើ​ត្រចៀក​របស់​ខ្ញុំ​។ ទី​ ៣ គឺ​ការចង​ព្យួរ​ជ្រមុជ​ទឹក​គឺ​ខ្ញុំ​ធ្វើ​មែន​!»​។

ភាពយន្ត​មួយ​នេះ​ត្រូវ​បាន​ចំណាយ​ពេលវេលា​សរសេរ​ប្រមាណ​ជិត​ ៣ ​ខែ​ដោយ​មិន​ចម្លង​ពី​អ្នកដទៃ និង​បាន​ផ្សារភ្ជាប់​នូវ​សារ​បែប​អប់រំ និង​បានបង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ខ្មែរ​ដោយ​ការឆ្លុះបញ្ចាំង​នូវ​សម័យកាល ២ រួម​គ្នា​គឺ​របប​ខ្មែរក្រហម និង​សម័យ​បច្ចុប្បន្ន​ក្នុង​គោលបំណង​ឲ្យ​យុវវ័យ​ខ្មែរ​បាន​ស្គាល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឯង​។

លោក ហ៊ុយ យ៉ាឡេង បន្ត​ឲ្យ​ដឹង​ពី​ការចំណាយ​ផង​ដែរ​ថា​៖ «​រឿង​ទារុណកម្ម​ខ្មោច​បាន​ចំណាយ​ទុន​ប្រមាណ ៧ ម៉ឺន​ដុល្លារ​ច្រើន​ជាង​រឿង «​ធ្មប់​» ​ដែល​ទទួល​បាន​ជោគជ័យ​នោះ ខណៈ​ការចំណាយ​ត្រឹម​តែ ៥ ម៉ឺន​ដុល្លារ​។ រឿង​នេះ​គឺ​មាន​លក្ខណៈ​ប្លែក​ពី​រឿង​ដទៃ​ដោយសារ​ទាក់ទង​នឹង​របប​ខ្មែរក្រហម ហើយ​ជា​រឿង​ខ្មោច​បែប​រន្ធត់​គឺ​ថា​មាន​ឈុតឆាក​បែប កម្សត់ សប្បាយ និង​ភ័យខ្លាច​ព្រឺ​សម្បុរ​ទៀត​ផង​»​។

ជាមួយ​គ្នា​នេះ​លោក ទិត្យ ថារិទ្ធ ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ក៏​ទទូច​ឲ្យ​យុវជន​ខ្មែរ​ងាក​មក​គាំទ្រ​ជ្រោមជ្រែង ដើម្បី​លើកស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​ផង​ដែរ ជាពិសេស​នោះ​គឺ​ខ្សែភាពយន្ត ព្រោះ​ថា​ភាពយន្ត​ខ្មែរ​អាច​រីកចម្រើន​បាន​គឺ​អាស្រ័យ​ទៅ​លើ​ការគាំទ្រ​របស់​ប្រជាជន​ទាំងអស់​គ្នា ហើយ​នេះ​ក៏​ជា​ការលើក​ទឹកចិត្ត​ដល់​អ្នក​ផលិត​កុន​ក្នុង​ស្រុក​ទាំងអស់​ឲ្យ​ពួកគាត់​អាច​បន្ត​ការងារ​របស់​ខ្លួន​តទៅ​មុខ​ទៀត​បើទោះបី​ជា​ភាពយន្ត​ខ្មែរ​យើង​ហាក់​នៅ​មាន​កម្រិត​ក៏ដោយ​។

គួរ​បញ្ជាក់​ដែរ​ថា​ភាពយន្ត​រឿង «​ទារុណកម្ម​ខ្មោច​» បាន​បើក​សម្ពោធ​នៅ​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ និង​គ្រោង​លក់​សំបុត្រ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២៨ កុម្ភ:​ខាង​មុខ​នេះ​។

ខណៈ​កាលពី​ថ្ងៃទី​ ២២ ខែ​កុម្ភ: ឆ្នាំ​ ២០១៩ ក្នុង​ពិធី​ចាក់​បញ្ចាំង​រឿង «​ទារុណកម្ម​ខ្មោច​» ក្រោម​អធិបតីភាព​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល អង្គទូត​ និង​ឥស្សរជន​មួយ​ចំនួន​បាន​ទស្សនា​នា​មុន​កាលកំណត់​ផង​ដែរ​៕