ភ្នំពេញ៖ ​​ភាពយន្ត​​ឯកសារ​​​រយៈពេល ​៩០ នាទី ស្តីពី​ក្មេង​​ប្រុស​​​ខ្មែរ​​​អ្នក​លេង​សៀក​​ ២ រូប ដែល​​ផលិតករ​អាមេរិក លោក Joel Gershon​ ថត​​នៅ​​អំឡុង​ឆ្នាំ ​២០១១-២០១៨​ ត្រូវ​បាន​​​គេ​ជ្រើស​យក​ទៅ​ចាក់​បញ្ចាំង​ក្នុង​កម្មវិធី​​មហោស្រព​​ភាពយន្ត​​នៃ​​សមាគម​អង្គការ​សហប្រជាជាតិ​ ឬ​ ​United Nations Association Film Festival​ ថ្ងៃទី ​២១ ខែ ​តុលា ឆ្នាំ ​២០២០ ​នេះ​តែ​ម្តង​។

នេះ​​បើ​តាម​សេចក្តី​ប្រកាស​ចេញ​ពី​គេហទំព័រ​របស់​សាលា​​ហ្វារពន្លឺ​សិល្បៈ​ បង្ហោះ​ឱ្យ​ដឹង​កាល​​​​ពី​ម្សិលមិញ​នេះ​​ថា៖​ «ខ្សែ​ភាពយន្ត​​ឯកសារ​​រយៈពេល​ ៩០ នាទី មាន​ចំណង​​​ជើង​​ថា «Cirque du Cambodia»​ដែល​​រៀប​រាប់​ពី​ជីវិត​តស៊ូ​របស់​សិល្បករ​សៀក​វ័យ​ក្មេង​ខ្មែរ​ចំនួន ២ រូប ​ត្រូវ​​ចាក់​បញ្ចាំង​​​ជា​សកល​​នៅ​​ក្នុង​កម្មវិធី​មហោស្រព​​​​ភាពយន្ត​របស់​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី ២១ ខែ ​​តុលា ឆ្នាំ ​២០២០​ នេះ​​។​ ភាពយន្ត​នេះ ចំណាយ​ពេល ​៨ ឆ្នាំ ដើម្បី​ថត​នៅ​ក្នុង​ប្រទេស​ចំនួន ​៤​។ អ្នក​​ផលិត​​​លោក​ Joe​l Gershon និយាយ​ពី​រឿងរ៉ាវ​​ក្មេង​ជំទង់​ខ្មែរ ២ ​នាក់​ មក​ពី​ភូមិ​ជនបទ​​ក្នុង​ប្រទេស​​កម្ពុជា ​ដែល​ជីវិត​​​ពួក​​​​គេ​​ត្រូវ​បាន​​​ផ្លាស់ប្តូរ​ បន្ទាប់​ពី​បាន​ចូល​រៀន​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ ​​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង​»។

ដំណើរ​​រឿង​​នេះ ​ផលិតករ​លោក Joel Gershon បាន​បង្ហាញ​​​សាច់​រឿង​ស្តីពី​ក្មេង​ជំទង់​ខ្មែរ ២ នាក់​ ​មាន​ឈ្មោះ សុខ ឌីណា ​និង​ ណែម​ សុផា ដែល​​មក​ពី​ភូមិ​ជនបទ​មួយ​​ ហើយ​ជីវិត​​ពួក​គេ​ត្រូវ​បាន​ផ្លាស់ប្តូរ បន្ទាប់​​​​ពី​​​​បាន​​ចូលរួម​ «​ចលនា​សៀក​សង្គម» នៅ​សាលា​​ហ្វារពន្លឺ​សិល្បៈ​។ កុន​រឿង Cirque du Cambodia ​ដែល​​​ចាក់​បញ្ចាំង​ជា​​លើក​ដំបូង​នៅ​​​ថ្ងៃទី ២១ តុលា ឆ្នាំ ​២០២០ ​នៅ​​មហោស្រព​ភាពយន្ត​នៃ​សមាគម​អង្គការ​សហប្រជាជាតិ ឬ United Nations Association Film Festival ​នេះ​​គឺ​ជា​ខ្សែ​ភាពយន្ត​​ដំបូង​មិន​ធ្លាប់​​មាន​ពី​មុន​ផង​ដែរ​​។​

ផលិត​ករ​លោក Joe​l Gershon (កណ្តាល) និង​តួ​អង្គក្មេងប្រុសខ្មែរទាំង២។ រូបថត សហ​ការី

បើ​​​តាម​លោក ហួត តារា​ ​នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​សង្គម​ហ្វារ​បាន​ឱ្យ​ដឹង​ក្នុង​កិច្ច​សម្ភាសន៍​របស់​ VOA ខ្មែរ​​ថា​៖​ «សុផា​ និង ​ឌីណា ដំបូង​​ចូល​រៀន​​នៅ​អង្គការហ្វារ​​ពន្លឺ​សិល្បៈ​ជា​អង្គការ​​ក្រៅ​រដ្ឋាភិបាល ​​​ដែល​ផ្តល់​ក្តី​សង្ឃឹម​​ដល់​​កុមារ​ក្រីក្រ​រាប់​ពាន់​នាក់​​ ដែល​មាន​បញ្ហា​​ផ្នែក​សង្គម ​និង​បញ្ហា​​ហិរញ្ញវត្ថុ​​​ក្នុង​គ្រួសារ​​ពួក​គេ។ ​គេ​ទាំង ​២ នាក់ ​មាន​ឱកាស​សិក្សា​ និង​ធ្វើ​ការ​​នៅ​អង្គការ​ហ្វារ ​ពេល​​​ពួក​​គេ​ធំ​ដឹង​​​ក្តី។ ពួក​គេ​មាន​ទេពកោសល្យ ​និង​រៀន​សូត្រ​​អ្វី​ឆាប់​ចេះ ហើយ​កត្តា​នេះ​​ហើយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​​បាន​ទៅ​រៀន​បន្ត​នៅ​ឯ​​ទីក្រុង Montreal​ ប្រទេស​​កាណាដា​ កាល​ពី​ឆ្នាំ ២០១៦»។

ប្រសិន​បើ​​​ចង់​ទស្សនា​​វីដេ​អូ​នេះ​​ អាច​ចូល​​ទៅ​កាន់​តំណ​ភ្ជាប់​ ​https://bit.ly/3k5wZki​ ដើម្បី​​មើល​ខ្សែ​​ភាពយន្ត​ឯកសារ​​រឿង «Cirque du Cambodia​»៕​