ខេត្តត្បូងឃ្មុំ៖​ ​បច្ចុប្បន្ន​​​នេះ​មាន​សិស្សានុសិស្ស​ក្រីក្រ និង​​ខ្វះ​​​​ឱកាស​​​បាន​ការ​អប់រំ​​​សរុប​​​ប្រមាណ ៣០០ នាក់​ មក​ពី​ភូមិ​ចំនួន ​៩ ​ក្នុង​ឃុំ​ជីរោទ៍​ទី១ ស្រុក​ និង​ខេត្ត​ត្បូង​ឃ្មុំ​ កំពុង​តែ​ទទួល​​បាន​​ការ​បណ្តុះបណ្តាល​​​​បំណិន​ជីវិត​ឥតគិត​ថ្លៃ​​ពី​អង្គការ​​​​បណ្តុះ​​បណ្តាល​​​ថ្នាក់​​មូលដ្ឋាន ​​(OBT)​​ ហើយ​ក៏​​មាន​អ្នក​​​ចេញ​​ធ្វើ​​ការងារ​​ចិញ្ចឹម​​​ជីវិត​​ខ្លួន​ចំនួន ៤៦ នាក់​ផង​ដែរ ក្រោយ​​ពី​បាន​បង្កើត​តាំង​​ពី​ឆ្នាំ ​២០០៩ ​មក​។

លោក ប៉ត សុផល វ័យ​ ៤៦ ឆ្នាំ ជា​ស្ថាបនិក​​អង្គការ​​​បណ្តុះបណ្តាល​​​ថ្នាក់​​មូលដ្ឋាន ​​ដែល​បាន​​​​បង្កើត​តាំង​ពី​ឆ្នាំ ​២០០៩ មក​នៅ​ក្នុង​ភូមិ​ជីរោទ៍​ក្រោម​​​ ២ ឃុំ​ជីរោទ៍​ទី១ ​ស្រុក​​​​​​ និង​ខេត្ត​ត្បូង​ឃ្មុំ នៅ​លើ​ផ្ទៃ​ដី​​ជាង ១​ ហិកតា។ ខណៈ​គោល​​បំណង​​​ដ៏​សំខាន់​ផ្តល់​​ការ​​អប់រំ ​​ចំណេះ​ដឹង​​​​​​បំណិន​ជីវិត​ និង​​ផ្សព្វផ្សាយ​​ការ​យល់ដឹង​​​ពី​បរិស្ថាន​ទៅ​ដល់​​សិស្ស​តាំង​ពី​កម្រិត​ថ្នាក់​បឋម​​សិក្សា​​ដល់​ថ្នាក់​​វិទ្យាល័យ​​សម្រាប់​​សិស្ស​ក្រីក្រ ទៅ​តាម​​​​គម្រោង​​​​ផ្សេងៗ​ ខណៈ​អង្គការ​​នេះ ទើប​​តែ​ត្រូវ​​មជ្ឈដ្ឋាន​​​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ទំនុក​​​ចិត្ត និង​​​ទទួល​​​​ស្គាល់​​នៅ​ឆ្នាំ​ ​២០១៤។ បច្ចុប្បន្ន​ អង្គការ​​ OBT​ ក៏​មាន​កម្មវិធី​សិក្សា​ជា​គោល​​ផ្ទាល់​ខ្លួន ​ដើម្បី​​បង្រៀន​សិស្ស​នូវ​ជំនាញ​នានា​ដូចជា​​ភាសា​អង់គ្លេស​​ ភាសា​ខ្មែរ ចំណេះ​​បំណិន​ជីវិត និង​​​បន្ថែម​កម្មវិធី​ថ្មី​មួយ​ទៀត​​ថ្នាក់​ត្រៀម​​សាលា​ជំនាញ​​ ដែល​​​​​មាន​ដៃគូ​សហការ​​​ច្រើន​​​នៅ​ខេត្ត​សៀមរាប​។

សិស្សានុសិស្ស​ក្រី​ក្រ ពេល​មក​រៀន​ភាសាអង់គ្លេស​នៅ​អង្គការ OBT​​។ រូបថត សហ​ការី

ស្ថាបនិក​អង្គការ​លោក ប៉ត សុផល ​​​​ឲ្យ​​ដឹង​ថា​៖ «​កម្មវិធី​​នេះ ជួយ​​​សិស្ស​​ពី​វ័យ​ ១៧ ឆ្នាំ ដល់​ ២៤ ឆ្នាំ ​មាន​ឱកាស​​​​​​ទទួល​​​ការ​បណ្តុះបណ្តាល​​បន្ថែម​សម្រាប់​​អាជីព ​​ដែល​យើង​មាន​​​ដៃគូ​ចំនួន ​៥ ​​សហការ​គ្នា​នៅ​​​​​ខេត្ត​​សៀមរាប​​។ ដោយ​ឡែក​​ចាប់​តាំង​​​​ពី​ឆ្នាំ ​២០០៩​ មក​ដល់​ឆ្នាំ ​២០២០ នេះ ​មាន​សិស្ស​ចេះ​​ជំនាញ​បំណិន​​ជីវិត​​​នៅ​​អង្គការ​ ​OBT​ និង​​មាន​ការងារ​​ធ្វើ​តាម​​ក្រុមហ៊ុន ឬ​ទីកន្លែង​​នានា​ មាន​ចំនួន​ ៤៦ នាក់​​ហើយ​​​​​»។​​

លោក​បន្ត​​​ថា៖ «​ចំពោះ​កម្មវិធី​អប់រំ​​នៅ​អង្គការ​យើង​ប្រចាំ​ថ្ងៃ​នោះ​ ​គឺ​មាន​បង្រៀន​ភាសា​អង់គ្លេស​​ចំនួន ២ ថ្ងៃ សិល្បៈ​ភាសា​​ខ្មែរ​ចំនួន ២ ថ្ងៃ និង​​​​រៀន​ពី​​​បំណិន​ជីវិត​​​ ​១​ ថ្ងៃ ​នៅ​ក្នុង ​១ ​សប្តាហ៍ ខណៈ​​​ឯ​ថ្នាក់​ត្រៀម​​​សាលា​​​​ជំនាញ​ យើង​គ្រោង​នឹង​​បង្រៀន​​​នៅ​ថ្ងៃ​​សៅរ៍-​អាទិត្យ​ ដែល​​នឹង​​ចាប់​ផ្តើម​នៅ​​​​ក្នុង​កម្មវិធី​​​​សិក្សា​ប្រចាំ​ឆ្នាំ​ ២០២០​ តែ​​ម្តង​ដោយ​មិន​គិត​ថ្លៃ​ពី​ពួក​គេ​ឡើយ​។ ទន្ទឹម​​​នឹង​ការ​ផ្តល់​​​ការ​​អប់រំ​ជំនាញ​នានា​​​ដល់​សិស្ស​នោះ​ យើង​ក៏​ត្រូវ​ការ​​​ពី​ពួក​គាត់​​​មក​​វិញ​​ដែរ​ គឺ​សុំ​សំរាម​ប្លាស្ទិក​​ពី​ពួក​គាត់​»។​

សិស្សានុសិស្ស​ក្រី​ក្រ ពេល​មក​រៀនជំនាញកុំព្យូទ័រនៅ​អង្គការ OBT​។ រូបថត សហ​ការី

អង្គការ​ OBT​ ​​កំពុង​តែ​បន្ត​​​​សក្ដានុពល​​​ខ្លួន ​ក្នុង​នាម​ជា​​អង្គការ​ក្រៅ​​រដ្ឋាភិបាល​​ ដែល​មាន​ស្ថាបនិក​ជា​​​ខ្មែរ និង​​អាច​ផ្គត់ផ្គង់​ខ្លួន​​ឯង​​​​​ចន្លោះ ​៧០-៨០ ភាគរយ​​ ដោយ​គ្រាន់​តែ​ទទួល​ជំនួយ​​​ក្រៅ​ត្រឹម​តែ ២០-៣០ ភាគរយ​ ដើម្បី​ចាត់​ចែង​នៅ​អង្គការ​ និង​ផ្សព្វផ្សាយ​ការ​​យល់​ដឹង​ពី​បរិស្ថាន​ដល់​សិស្ស​មាន​​​បុគ្គលិក​​​ចំនួន ១៤ រូប ខណៈ​សិក្ខាកាម​​​មក​​ហាត់​រៀន​​​ធ្វើ​ការងារ​ចំនួន ៤ ​រូប។​ ​

លោក ប៉ត សុផល ពន្យល់​លម្អិត​​​​​​ថា៖ «រាល់​គម្រោង​​នានា​រួម​​មាន​ដូចជា​គម្រោង​ទឹក​ស្អាត​ ដំណាំ​សុវត្ថិភាព​ ឬសិប្បកម្ម​ជាដើម ដែល​​​ជា​ប្រភព​រក​​​ប្រាក់​ចំណូល​សម្រាប់​​​​ផ្គត់ផ្គង់​និរន្តរភាព​​អង្គការ​។ ខណៈ​ថ្មីៗ​នេះ យើង​​ក៏​មាន​គម្រោង​ច្នៃ​​ប្រេង​ម៉ាស៊ូត​ ចេញ​ពី​សំរាម​ប្លាស្ទិក ដោយ​​​មាន​លោក​ ឃុន ស៊ីវ ជា​​​អ្នក​​បង្កើត​គម្រោង​នេះ​​។ ហើយ​យើង​​ក៏​គ្រោង​ពង្រីក​ឲ្យ​ធំ​ជាង​​មុន​ ដើម្បី​​បង្កើតនូ​វ​​ផលិត​​ផល​លក់​។ ​យើង​​ក៏​មាន​សេវាកម្ម-​​ទេសចរណ៍​​​​ដែរ​គឺ​ជា​​ផ្ទះ​ស្នាក់ និង​​បាង​ហ្គាឡូ ដោយ​យើង​​​​មាន​ដៃ​គូ​សហការ​​ភ្នាក់ងារ​ទេសចរណ៍​មួយ​ចំនួន នាំ​ភ្ញៀវ​​បរទេស​​​មក​កម្សាន្ត ឬ​ទស្សនា​សហគមន៍​យើង​ គឺ​ភាគ​ច្រើន​សម្បូរ​​ភ្ញៀវ​ជាតិ​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ ដោយ​ពួក​គាត់​​មក​​លេង​នាពេល​វិស្សមកាល​​។ យើង​​ក៏​មាន​ផ្ទះ​ស្នាក់​ចំនួន​ ៤ ​ដែល​​ផ្ទះ​ស្នាក់​ ១ កន្លែង​អាច​ឲ្យ​ភ្ញៀវ​​មាន​គ្នា​ចំនួន​​ ២ ​នាក់ និង​បាង​ហ្គាឡូ​ចំនួន ៩ ហើយ​បាងហ្គាឡូ​ខ្នាត​តូច​អាច​ស្នាក់​បាន​ចំនួន ៤-៥នាក់ ខណៈ​ខ្នាត​ធំ​សម្រាប់​ភ្ញៀវ​ដែល​មាន​គ្នា​ច្រើន​ប្រមាណ ១០ នាក់​»​៕​

ក្រុម​កុមារា​ក្រីក្រ ពេល​មកហាត់​​រៀន​​សិល្បៈកីឡាល្បុក្កតោ​នៅអង្គការ OBT​​។ រូបថត សហ​ការី