ភ្នំពេញ: Dolphin Swimming Club Cambodia ក្លិបបង្រៀនកុមារហែលទឹកចាប់ពីអាយុ ៦ ខែ បានរៀបចំគម្រោងមនុស្សធម៌ជាលើកទី ២ ដែលធ្វើឡើងនៅក្រុងសៀមរាប ក្នុងការបណ្ដុះបណ្ដាលដល់កុមារគថ្លង់ឲ្យចេះពីវិធីរំដោះខ្លួនពីមហន្ដរាយលង់ទឹក ក្រោមជំនួយរបស់នាយកសាលារៀន SCI Education មានទីតាំងនៅប្រទេសកូរ៉េខាងត្បូង និងកាណាដា សាលា King Glory និង IAMA Cambodia ព្រមទាំងក្រុមហ៊ុន Brain Scan Cambodia។
កុមារគថ្លង់ មកពីអង្គការគ្រួសារថ្មី សិក្សានៅវិទ្យាល័យអប់រំពិសេសខេត្ដសៀមរាប ចំនួន ៩០ នាក់ ទទួលបានវគ្គបណ្ដុះបណ្ដាលក្រោមគម្រោងកម្មវិធីហែលទឹករំដោះខ្លួន «Swimming for Survival Program» បំណងឲ្យពួកគេចេះជួយខ្លួនឯងពីគ្រោះថ្នាក់លង់ទឹក ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែធ្នូ ខាងមុខនេះ។
ជាមួយនឹងសញ្ញាបត្រទទួលស្គាល់ពី ASCTA (Australian Swim Coach and Teacher Association) ជាស្ថាប័នបង្វឹកគ្រូបង្រៀនហែលទឹកអាជីពរបស់អូស្ដ្រាលី លោក ណាត់ថាសាក់ ថាវូដុម មកពីប្រទេសថៃ មានបទពិសោធបង្រៀនហែលទឹកជាង ១៣ ឆ្នាំ និងជាគ្រូបង្រៀនកុមារហែលទឹកនៅ Dolphin Swimming Club Cambodia ជាង ១ ឆ្នាំមកនេះ គឺជាគ្រូបង្គោលក្នុងការបណ្ដុះបណ្ដាលកុមារគថ្លង់ក្នុងកម្មវិធីមនុស្សធម៌នេះ។
លោក សារឿន ដូរ៉ា គីមម៉េង ជាសហស្ថាបនិកម្នាក់នៃក្លិបហែលទឹកដូហ្វីន បាននិយាយថា៖ «គាត់តែងតែរៀបចំព្រឹត្ដិការណ៍មនុស្សធម៌ សម្រាប់កុមារក្រីក្រ ឬកុមារពិការរាប់រយនាក់ក្នុង ១ ឆ្នាំ»។
លោកបន្ដថា៖ «លោកមករៀបចំព្រឹត្ដិការណ៍ដូចគ្នានេះនៅកម្ពុជាដើម្បីបណ្ដុះបណ្ដាលកុមារគថ្លង់ឲ្យចេះរំដោះខ្លួនពីការលង់ទឹក។ ប៉ុន្ដែវាមិនមែនជាការបង្ហាត់បង្រៀនហែលទឹកដើម្បីយកទៅប្រកួតប្រជែងអ្វីនោះទេ។ ដូច្នេះ ការហ្វឹកហាត់រយៈពេល ២ ម៉ោងក្នុង ១ ក្រុមគ្រប់គ្រាន់ល្មមសម្រាប់សមត្ថភាពរំដោះខ្លួនពីការលង់ទឹកដោយយថាហេតុ»។
សហស្ថាបនិកវ័យ ២២ ឆ្នាំ រូបនេះ លើកឡើងថា៖ «យើងសង្ឃឹមថា កម្មវិធីលើកទី ២ បន្ទាប់ពីការៀបចំលើកដំបូងនៅក្រុងភ្នំពេញ នឹងអាចជួយកុមារទាំងឡាយឲ្យបានរៀនពីវិធីជួយខ្លួនឯងពីការលង់ទឹកពេលជួបគ្រោះថ្នាក់ ហើយសង្ឃឹមថា យើងនឹងបន្ដរៀបចំកម្មវិធីល្អៗ ក្នុងការជួយសង្គមបែបនេះទៀតដើម្បីផ្ទេរចំណេះដឹងដល់កុមារខ្វះឱកាស កុមារពិការ និងកុមារកំព្រាស្គាល់ពីតម្លៃនៃកីឡាហែលទឹក»។
Dolphin បើកថ្នាក់បង្រៀនក្មេងហែលទឹកពីអាយុ ៦ ខែដល់ មនុស្សពេញវ័យ ដែលក្មេងអាយុចាប់ពី ២ឆ្នាំ ដល់ ៤ឆ្នាំ តម្លៃសិក្សា ២៤០ដុល្លារក្នុងមួយវគ្គ នឹង ក្មេងអាយុចាប់ពី ៤ឆ្នាំ ដល់មនុស្សពេញវ័យ តម្លៃសិក្សា ១៨៥ដុល្លារក្នុងមួយវគ្គ។