ក្រុង​ហែលស៊ិនគី៖ ខណៈ​​កុមារ​សិស្ស​សាលា​ហ្វាំងឡង់​ភាគ​ច្រើន កំពុង​សិក្សា​នៅ​តាម​ផ្ទះ​ក្រោម​ការ​រឹត​បន្តឹង​កូរ៉ូណា សាលា​រៀន​នៅ​តែ​បន្ដ​ផ្ដល់​អាហារ​ឥត​គិត​ថ្លៃ​ដល់​សិស្ស​ ជា​ការ​អនុវត្ដ​ដែល​ធ្លាប់​ប្រណិប័តន៍​រាប់​ទសវត្សរ៍​ ជា​វប្បធម៌​ចាក់​ឫស​គល់​ក្នុង​សង្គម​ហ្វាំងឡង់​។

សិស្ស​ប្រមាណ ២០០ នាក់​ក្នុង ​១ ​​ថ្ងៃ ​នៅ​ទីក្រុង​ហែលស៊ិនគី មិន​អាច​ប្ដូរ​ពី​ការ​សិក្សា​នៅ​ផ្ទះ​មក​សាលា​រៀន​វិញ ​ដើម្បី​ទទួល​បាន​នូវ​អាហារ​ក្ដៅៗ​ឥត​គិត​ថ្លៃ​។

សាលា​រៀន​ត្រូវ​បាន​បិទ​ទ្វារ​ចំពោះ​សិស្ស​អាយុ​ចាប់ពី ១០ ឆ្នាំ​ឡើង​ ខណៈ​ច្បាប់​បាន​ចែង​ថា សាលា​រៀន​​ត្រូវ​បន្ដ​ទទួល​សិស្ស​តូចៗ​ ទោះ​ពួក​គេ​ត្រូវ​បាន​ណែនាំ​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ​យ៉ាង​ណា​ក៏​ដោយ​។

ការ​រឹត​បន្តឹង​លើ​គម្លាត​សង្គម​នៅ​ហ្វាំងឡង់ បាន​ប៉ះពាល់​ទៅ​លើ​របប​អាហារ​នៅ​តាម​សាលា​រៀន​។

អ្នកស្រី ហាន់ណា កៃសា តាល់​វេនសាអារី មក​ពី​នាយកដា្ឋន​អប់រំ​ក្រុង​ហែលស៊ិនគី បាន​ប្រាប់ AFP ថា​៖ «កុមារ​​ត្រូវ​រក្សា​គម្លាត​យ៉ាង​តិច​ ១ ម៉ែត្រ​ពី​គ្នា​ ដោយ​ពួក​គេ​ត្រូវ​លាង​ដៃ​ក្រោម​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ ហើយ​​កំហិត​កុមារ​ត្រឹម​ ១០ នាក់ ​មក​ញ៉ាំ​បាយ​ម្ដង​»។

ក្រោម​ការ​ប្រកាស​អាសន្ន​របស់​រដ្ឋាភិបាល ​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូរ៉ូណា អាជ្ញាធរ​មូលដ្ឋាន​អាច​ធ្វើ​ការ​​សម្រេច​ចិត្ដ​ថា តើ​សាលា​រៀន​នៅ​តែ​បន្ដ​បើក​ទ្វារ​​ផ្ដល់​អាហារ​ដល់​សិស្ស​ប្រមាណ ៨៥ ម៉ឺន​នាក់​ទូទាំង​ប្រទេស ​ឬ​យ៉ាង​ណា។

យ៉ាង​ណា​មិញ គ្មាន​ទិន្នន័យ​ច្បាស់​លាស់​ត្រូវ​បាន​ប្រមូល​ថា តើ​មាន​សាលា​រៀន​ប៉ុន្មាន​បាន​ចូល​រួម​នៅ​ទូទាំង​​ប្រទេស​នោះ​ទេ តែ​សមាគម​រដ្ឋាភិបាល​មូលដ្ឋាន​បាន​ប្រាប់ AFP ថា ពួក​គេ​​មិន​បាន​ដឹង​ថា ​តំបន់​ណា​ខ្លះ​មិន​ជ្រើស​យក​គោល​នយោបាយ​នេះ​ឡើយ​៕ AFP/HR