ក្រុង​បាងកក៖ លាយ​ល្បាយ​ដី​ឥដ្ឋ​ជាមួយ​ផេះ​អិដ្ឋធាតុ​សម្រាប់​ស្មូន​ជា​រូប​ចម្លាក់​កុមារ​មាស​ ព្រះសង្ឃ​​ព្រះពុទ្ធ​សាសនា​នៅ​ថៃ ​១ ​អង្គ ​បាន​សូត្រ​មន្ដ​អាគមគាថា ដើម្បី​អញ្ជើញ​ដួង​វិញ្ញាណ​នាំ​លាភ​នាំ​ជ័យ​មក​សណ្ឋិត​ក្នុង «​កុមារ​មាស​»។

ថៃ​ជា​ប្រទេស​ប្រកាន់​នូវ​លទ្ធិ​ព្រះពុទ្ធ​សាសនា​ តែ​មាន​​ជំនឿ​លើ​​សត្វ និង​អបិយ​ជំនឿ​ផ្សេងៗ ជា​ពិសេស​ក្នុង​ចំណោម​ពលរដ្ឋ​​ចាស់ៗ ដែល​មាន​ការ​គោរព​ខ្លាំង​លើ​វេទមន្ដ​តុក្កតា​មាន​បារមី​​​​ផ្លូវ​ងងឹត​។

ឆ្លាក់​​ជា​រូប​លើក​ដៃ​ប្រណម្យ រូប​សូន​តូចៗ​ភ្នែក​ធំៗ​ទាំង​នេះ​ត្រូវ​បាន​ផលិត​ឡើង​ពី​ល្បាយ​រវាង​ដី​ឥដ្ឋ និង​អិដ្ឋធាតុ​សព​មនុស្ស​។ នៅ​អារាម សាម ង៉ាម ក្នុង​ខេត្ដ​ណាខន ផាថុម ភាគ​ខាង​ជើង​ទីក្រុង​បាងកក ព្រះ​តេជគុណ សាណេ ស៊ូម៉េថូ និង​សាមណេរ​ បាន​ចារ​នៅ​លើ​ភ្នែក​តុក្កតា​ បន្តក់​​ទឹក​ប្រេង​ពិសិដ្ឋ​លើ​មុខ​តុក្កតា​ស្រដៀង​កូន​ក្មេង និង​ដាក់​អាគម​លើ​វា​ មុន​ពេល​បញ្ជូន​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ថ្មី​។

អ្នក​មាន​ជំនឿ​និយាយ​ថា កុមារ​មាស​ មាន​វិញ្ញាណ​កូន​ក្មេង​សណ្ឋិត​ពិត​ប្រាកដ​ និង​ត្រូវ​មាន​ការ​គោរព​ប្រណិប័តន៍​ខ្ជាប់​ខ្ជួន​។ រូប​សូន​ថ្មី​មាន​តម្លៃ​ចាប់​ពី ៥០០ ទៅ ២ ០០០ បាត (១៥ ទៅ ៦២ ដុល្លារ) តែ​​រូប​ស្មូន​ដ៏​ចាស់​បំផុត​អាច​មាន​តម្លៃ​​​ដល់​រាប់​ម៉ឺន​ដុល្លារ​។

ព្រះសង្ឃ​ពុទ្ធសាសនា​​នៅថៃ​សូត្រធម៌គាថា និង​បន្តក់ប្រេង​ពិសិដ្ឋ​លើ​ចម្លាក់តុក្កតា​មាស​​​។ រូបថត AFP

អ្នក​ប្រមែប្រមូល​វត្ថុ​ប្លែកៗ អ្នកស្រី​ វ៉ាន់ឆៃ ផុង​សុមផាត បាន​រក្សាទុក​​​តុក្កតា​នាំ​សំណាង​​ជាង ១ ម៉ឺន​រូប​ពេញ ​១ ​ជីវិត​​​​ជា​ថ្នូរ​នឹង​ជោគ​ជតារាសី​រុងរឿង។

អ្នក​ផ្ដល់​ការ​កម្សាន្ដ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដ៏​ពេញ​និយម​បាន​ប្រាប់ AFP ថា​៖ «​តាំង​ពី​ខ្ញុំ​ចាប់​ផ្ដើម​គោរព​តុក្កតា​កុមារ​មាស​មក រឿង​រ៉ាវ​ល្អៗ​តែងតែ​កើត​​ឡើង​ក្នុង​ជីវិត​ខ្ញុំ​ជា​និច្ច​»។

អង្គុយ​ក្នុង​បន្ទប់​ដាក់​ «កុមារ​មាស» ​ជា​ច្រើន​​ អ្នកស្រី​ប្រាប់​មូលហេតុ​​ថា ដែល​ខ្ញុំ​មាន​អ្វីៗ​គ្រប់​យ៉ាង​នា​ពេល​នេះ គឺ​ដោយសារ​រូប​សូន​តូចៗ​ទាំង​នេះ​»។

បន្ទប់​ពេញ​ដោយ​ចម្លាក់​កុមារមាស​ នៅ​ផ្ទ​ះ​អ្នកជឿ​ស៊ប់។ រូបថត AFP

ផ្ទះ​កម្ពស់​ ២ ​ជាន់​របស់​អ្នកស្រី​នៅ​ក្នុង​ខេត្ដ​ណុនថាបុរី​ភាគ​ខាង​ជើង​ក្រុង​បាងកក តាំង​​រូប​សូន​ពាស​ពេញ​គ្រប់​ទំហំ​ គ្រប់​ពណ៌ និង​សណ្ឋាន​។ ទឹក​ក្រូច ស្ករ​គ្រាប់​ធំ​ៗ និង​យន្ដហោះ​ក្មេង​លេង​ត្រូវ​បាន​ដាក់​សែន​ថ្វាយ​កុមារ​មាស ហើយ​អ្នកស្រី វ៉ាន់ឆៃ ដែល​ពាក់​របាំង​មុខ ធ្វើ​ការ​សូត្រ​ធម៌​ថ្វាយ​ពួក​គេ​​ជា​ប្រចាំ​។

អ្នកស្រី វ៉ាន់ឆៃ ជឿ​ថា កុមារ​មាស មាន​អានុភាព​ពិសេស​អំឡុង​ពេល​មាន​រោគ​រាតត្បាត​កូរ៉ូណា​សកល​នេះ​។

អ្នកស្រី​អះអាង​ថា​៖ «​តុក្កតា​ទាំង​នេះ​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​។ ខ្ញុំ​ជឿ​ថា ពួក​គេ​ថែរក្សា​ខ្ញុំ និង​ក្រុម​គ្រួសារ​ឲ្យ​មាន​សុវត្ថិភាព​»៕ AFP/HR