សៀមរាប: នាព្រឹកថ្ងៃមួយកាលពីប្រមាណ ១ ឆ្នាំមុន ពេលឪពុកម្ដាយចេញទៅធ្វើស្រែចម្ការ កុមារា សង ដាវីត អាយុជាង ១ ឆ្នាំ និងបងស្រីអាយុ ៤ ឆ្នាំ នាំគ្នាទៅមើលគេដុតដំឡូងក្នុងចំបើងដែលនៅរាយប៉ាយលើដី។ ភ្លើងចំបើងចាប់ផ្ដើមឆេះសន្ធោសន្ធៅឡើង និងរាលដាលទៅតាមកម្រាលចំបើងរាយលើដីរហូតដល់បានឆាបឆេះដល់ខ្លួនប្រាណកុមារាតូចនេះប្រកាច់ននៀលស្រែកយំរោទ៍ដូចគោគួរឲ្យអាណោចអាធ័ម។
អ្នកជិតខាង និងភូមិផងរបងជាមួយ ខ្លះរូតរះយកទឹកជះពន្លត់ភ្លើង និងខ្លះទៀតស្វែងរកថ្នាំមកលាប និងដាក់កុមារតូចនេះត្រាំក្នុងទឹកត្រជាក់ រួចទើបបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្នុងស្រុកលើកដែក។
នៅលើបណ្ដាញសង្គម ដែលព្រះសង្ឃអង្គនេះ បានបង្ហោះ ទទួលបានសំណេរឆ្លងឆ្លើយជាច្រើន រួមទាំងការសម្ដែងនូវក្ដីអាណិតអាសូរ ប្រាប់មុខថ្នាំព្យាបាល និងរិះគន់កប់ៗចំពោះអាណាព្យាបាលដែលបណ្ដែតបណ្ដោយកូនឲ្យទទួលរងគ្រោះដ៏អាក្រក់នេះ។
ទោះបីជា ដាវីត ត្រូវបានសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក៏ដោយ តែរបួសស្លាកស្នាមអគ្គីបានញាំញីពេញរាងកាយលើសាច់ឈាមដ៏ក្មេងខ្ចីចាប់ពីក្បាលរហូតដល់ចុងជើង។
រហូតមកដល់ពេលនេះ កុមារា សង ដាវីត អាយុ ២ ឆ្នាំ រស់នៅក្នុងស្រុកលើកដែក ខេត្ដសៀមរាប បន្សល់ទុកនូវស្នាមផ្លែសុសសាច់ ដូចជាក្បាល រួញត្រចៀកម្ខាងខ្លាំង ជាប់ម្រាមដៃ ខ្លួន និងសាច់ដុះទាញជើង ព្រមទាំងមានរបួសដំបៅរលេះរលួយ។ អាការសាច់ផ្លែមិនសះស្បើយនេះ បានធ្វើឲ្យកុមារា ដាវីត រមាស់ និងឈឺចាប់ ស្រែកទ្រហោយំគ្មានលស់ថ្ងៃ។
នៅក្នុងបទសម្ភាសវីដេអូមួយជាមួយព្រះសង្ឃសប្បុរសធម៌ ខណៈកុមារា ដាវីត កំពុងស្រែកយំយ៉ាងខ្លាំង ស្ដ្រីជាម្ដាយ បានប្រាប់ថា៖ «គាត់រមាស់យំរាល់យប់ រាល់ថ្ងៃ គ្មានលស់ពេលទេ។ មួយថ្ងៃៗ មិនដែលបានដេកទេ។ ជើងនេះជាមួយសាហើយ តែគាត់អេះរមាស់លើស្នាមផ្លែដែលចង់ដុះសាច់»។
ដោយបាននិមន្ដទៅដល់ផ្ទះឪពុកម្ដាយកុមារា ដាវីត ដែលជាអ្នកធ្វើស្រែចម្ការចិញ្ចឹមជីវិតបន្ដិចបន្ដួច អមជាមួយបច្ច័យសប្បុរសមួយចំនួន ព្រះតេជគុណ កក្កដា សុភ័ណ្ឌ មានសង្ឃដិកាថា៖ «គួរឲ្យអាណិតណាស់ ដាវីត អាយុទើប ២ ឆ្នាំ តែគ្នាត្រូវរងគ្រោះព្រោះភ្លើងឆេះកាយស្ទើរសព្វសាច់តាំងពីក្បាលដល់ចុងជើង»។
ក្រៅពីថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពមួយគ្រា ព្រះសង្ឃនិមន្ដធ្វើសកម្មភាពសប្បុរសធម៌ព្រះជន្ម ២១ វស្សានេះ បាននាំកុមារា សង ដាវីត មកទិញសម្លៀកបំពាក់ ទទួលទានអាហារឆ្ងាញ់ៗជាមួយម្ដាយនៅទីក្រុង ជាពិសេស ព្រះអង្គបាននាំកុមារត្រូវភ្លើងឆេះរូបនេះទៅជួបពេទ្យជំនាញនៅមន្ទីរពេទ្យកុមារជាតិថែមទៀត។
ព្រះតេជគុណ កក្កដា សុភ័ណ្ឌ បន្ដថា៖ «ដាវីត នឹងត្រូវធ្វើការវះកាត់ម្រាមដៃនៅខែវិច្ឆិកា ខាងមុខ។ អាត្មាជួយជាបច្ច័យសម្រាប់ទិញអាហារហូបចុក ខណៈមន្ទីរពេទ្យកុមារជាតិជួយលើការវះកាត់»។
ព្រះតេជគុណ បានបន្ថែមថា៖ «ដាវីត ត្រូវវះកាត់ច្រើនដំណាក់កាលទៀត ពីព្រោះគាត់រលាកស្ទើរតែសព្វខ្លួន តាំងពីក្បាល ខ្លួន ដៃ និងជើង»៕