ក្រុងញូវយ៉កៈ នាវាទីតានិកជ័រ Lego ប្រវែង ៨ ម៉ែត្រ ដែលផលិតឡើងដោយកុមារាអូទីសឹមម្នាក់មកពីអៀរឡង់ ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរធេនណេស៊ី។
កុមារា ប្រ៊ីនចា កាល់ ប៊ឺហ្គីសុន អាយុ ១៥ ឆ្នាំ បានប្រើរូបភាពគំរូនាវាពិតមកវិភាគរកចំនួនជ័រ Lego ប៉ុន្មានដុំដែលត្រូវប្រើសម្រាប់សាងសង់។ នាវាដ៏ធំសម្បើមនេះ បានធ្វើឲ្យកុមារាអូទីសឹមរូបនេះចំណាយពេលជាង ៧០០ ម៉ោង និងជ័រ Lego ជាង ៦៥០០០ ដុំ។ កុមារា ប៊ឺហ្គីសុន បាននិយាយថា នាវាផ្គុំពីជ័រ ដែលបានធ្វើដំណើរទូទាំងតំបន់អឺរ៉ុបនេះ បានជួយស្រោចស្រង់ស្ថានភាពជំងឺរបស់ខ្លួន។
កុមារា បានប្រាប់សារមន្ទីរក្នុងក្រុង Pigeon Forge រដ្ឋធេនណេស៊ីដែលដាក់តាំងសមិទ្ធផលនេះថា៖ «ខ្ញុំត្រូវចំណាយពេលជាង ១១ ខែដើម្បីផ្គុំនាវានេះ និងប្រើកាវ ១២០ បំពង់។ ដំណើរទូទាំងតំបន់អឺរ៉ុបនេះ បានជួយខ្ញុំជម្នះនឹងអាការអូទីសឹមដ៏ឯកានេះ។ ខ្ញុំវឹកហាត់ដោយខ្លួនឯងឲ្យក្លាយជាមនុស្សធម្មតា មិនថាតាមមធ្យោបាយណាឡើយ»។
ក្រោយបានដឹងពីគម្រោងរបស់ ប៊ឺហ្គីសុន ក្រុមហ៊ុន Lego បានផ្ដល់ប័ណ្ណបញ្ចុះតម្លៃពិសេស។ កុមារារូបនេះ ក៏បានរៃអង្គាសប្រាក់ពីក្រុមគ្រួសារនិងមិត្ដភក្ដិផងដែរ។
ប៊ឺហ្គីសុន បានប្រាប់ខាងសារមន្ទីរថា ខ្លួនមានការខ្មាសអៀន និងមិនហ៊ាននិយាយប្រាប់នរណាពេលគម្រោងចាប់ផ្ដើមដំបូង។ បច្ចុប្បន្ន នាវាក្មេងលេងនេះ បានធ្វើដំណើរទៅដល់ក្រុង Pigeon Forge និងត្រូវបានតាំងបង្ហាញនៅសារមន្ទីរទីតានិករហូតដល់ឆ្នាំ២០២០។
សារមន្ទីរ បានឲ្យដឹងថា នាវាផ្គុំឡើងពីជ័រជាង ៦៥០០០ ដុំនេះ បានចម្លងចេញពីនាវាដែលបានលិចកាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២។ មនុស្សប្រមាណ ១៥១៧ នាក់ បានស្លាប់ក្រោយពីនាវាទីតានិកបានបុកភ្នំទឹកកកនៅក្នុងមហាសមុទ្រអាត្លង់ទិក និងលិចពេលធ្វើដំណើរពីចក្រភពអង់គ្លេសទៅកាន់ក្រុងញូវយ៉ក៕ HR