ក្រុងច្បារមន: វេលា​សាច់​ឈាម​ស្បែក​ដណ្ដប់​ឆ្អឹង​របស់​អាណាព្យាបាល​ចុង​ក្រោយ​ប្រែ​ជា​ផេះ​ផង់ ក្ដី​រំពឹង​កុមារី​កំព្រា​មេបា ក៏​ប្រែ​អស់​ក្ដី​ទីពឹង នៅ​សល់​តែ​បង​ប្អូន ៧ នាក់ ជ្រក​ទ្រនំ​ទីទៃ គ្មាន​ឱកាស​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​បន្ដិច​សោះ​ឡើយ។

កុមារី ធំ សុខ​ឡា អាយុ ៧ ឆ្នាំ បាន​ព្រាត់​ពី​ដើមទ្រូង​ដ៏​សែន​កក់ក្ដៅ​របស់​ម្ដាយ​តាំងពី​អាយុ ៣ ខែ និង​ឪពុក​ត្រូវ​ជាប់​ខ្នោះ​ឃ្នាង​នៅ​ស្រុក​ថៃ ព្រោះ​តែ​ធ្វើ​កម្មករ​ខុស​ច្បាប់​តាំង​ពី​កូន​នៅ​បាត​ជើង​ក្រហម​រងាល មិន​ទាន់​ដឹង​ដំណឹង​ស្លាប់ ឬ​រស់ រីឯ បង​ប្អូន ៦ នាក់​ផ្សេង​ទៀត​ជ្រក​ក្រោម​ដំបូល​ផ្ទះ​ខុសៗ​គ្នា​ជាមួយ​ឪពុក​ម្ដាយ​ចិញ្ចឹម។

កូនពៅ​រូបនេះ ត្រូវបាន​ម្ដាយមីង ដែល​ប្រក​បរបរ​ស៊ីឈ្នួល​គេ​យកមក​ចិញ្ចឹម​តាំងពី​ម្ដាយ​បង្កើត​ស្លាប់ ទាំង​នាង​ពុំ​ស្គាល់​ភក្ដ្រ​អ្នក​ម្ដាយ​យ៉ាង​ដូចម្ដេច។

ថ្មីៗនេះ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្ទុះឡើង​នូវ​ព័​ត៌មាន​កុមារី​កម្សត់​រស់នៅ​ជាមួយ​ម្ដាយ​មីង​ជរា​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​លើ​កន្ទេល​ក្រោម​ដំបូល​ខ្ទម​ធ្លុះ​ធ្លាយ ស្ថិត​ក្នុង​ភូមិ​ដូង ឃុំ​ក្រាំងដីវ៉ាយ ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ ដង្ហោយ​ហៅ​សប្បុរសជន​ជួយ​បន្ដ​ជីវិត។

ជា​អកុសល កាលពី​ថ្ងៃ​ចន្ទ​នេះ ម្ដាយមីង​ឈ្មោះ មុត យី​ម អាយុ ៥២ ឆ្នាំ​បាន​ឃ្លាត​ចាក​លោក​ទៅ ដោយ​បន្សល់​នូវ​ជីវិត​ក្មេង​ស្រី​វ័យ ៧ ឆ្នាំ​ម្នាក់​ឲ្យ​បន្ដ​ដង្ហើម​រស់​គ្មាន​ទី​ពំនាក់។

ព្រះ​តេជគុណ​ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ ព្រះជន្ម ២១ វស្សា​គង់នៅ​វត្ដ​សារាវ័ន្ដ​តេ​ជោ រាជធានី​ភ្នំពេញ ដែល​បាន​និមន្ដ​ទៅ​ធ្វើ​បុណ្យ​ឲ្យ​ម្ដាយ​មីង​កុមារី ធំ សុខឡា ផ្ទាល់ មាន​សង្ឃដីកា​ថា៖ «កុមារី​សុខ​ឡា មាន​បងប្អូន​ទាំង​អស់ ៧ នាក់។ កូន​ច្បង​ម្នាក់​រៀបការ និង​កូនៗ​ដទៃ​រស់​នៅ​ជា​កូន​ចិញ្ចឹម​របស់​អ្នក​ស្រុក​ភូមិ។ សុខ​ឡា រស់​នៅ​ជាមួយ​ម្ដាយ​មីង​ដែល​ធ្លាក់​ខ្លួន​ឈឺ និង​ទើប​ស្លាប់​ដោយសារ​ជំងឺ និង​បញ្ហា​កង្វះ​ជីវជាតិ​អាហារ។ ម្ដាយ​មីង​ស៊ី​ឈ្នួល​គេ ដោយ​ជ្រក​ក្រោម​ដំបូល​ខ្ទម។ សំខាន់​ខ្ទម​នោះ មិន​មែន​ជា​របស់​គាត់​ផ្ទាល់​នោះ​ទេ គាត់​សុំ​គេ​រស់​នៅ​ទៀត»។

​​ព្រះភិក្ខុ​អំពាវនាវ​រក​ម្ដាយ​​​ធម៌​ទទួលចិញ្ចឹម​​ សុខឡា​។ ហ្វេសប៊ុក

ដោយមាន​សំណេរ​សារ​ជាច្រើន​លើ​ហ្វេ​ស​ប៊ុ​ក​ចង់​ចិញ្ចឹម​បីបាច់​កុមារី​កម្សត់​នេះ ភិក្ខុ​ដែល​តែង​តែ​ធ្វើ​សកម្មភាព​មនុស្សធម៌​គ្រប់​ខេត្ដ​ក្រុង​អង្គ​នេះ នឹង​ជួយ​ស្វែងរក​ម្ដាយ​ធម៌​ចិត្ដ​បុណ្យ ដែល​មាន​បំណង​ចង់​យក​សុខ​ឡា​ធ្វើ​ជា​កូន និង​ផ្ដល់​ចំណេះ​វិជ្ជា​ដូច​កុមារ​ដទៃ។

ព្រះ​តេជគុណ បាន​បន្ដថា៖ «យើង​ត្រូវ​រក​ម្ដាយធម៌​ណា ដែល​ផ្ដល់​អនាគត​ឲ្យ​គ្នា​បាន​ភ្លឺស្វាង។ ម្ដាយ​ធម៌​គួរ​តែ​មាន​ជីវភាព​ធូរធារ ស្រឡាញ់ និង​មាន​បំណង​ចង់​ឲ្យ​សុខឡា បាន​ចូល​រៀន»។

ថ្លែង​អំពី​អារម្មណ៍​កុមារី ធំ សុខ​ឡា ក្រោយពី​បាត់បង់​អ្នក​មើលថែ​ចុងក្រោយ ព្រះ​ភិក្ខុ កក្កដា សុភ័ណ្ឌ មាន​សង្ឃដីកា​ថា៖ «គាត់​ចង់​តែ​រៀន គាត់​ប្រាប់​អាត្មា​ថា ធ្វើ​យ៉ាង​ម៉េច​ក៏បាន​ដែរ ឲ្យ​តែ​ខ្លួន​បាន​រៀន​សូត្រ។ គាត់​មិន​បារម្ភ និង​ភ័យ​ខ្លាច​នឹង​ការ​រស់នៅ​នឹង​ម្ដាយ​ណា​ម្នាក់​នោះ​ទេ ពោល​សំខាន់ គឺ​គាត់​ចង់​ចូល​សាលា​រៀន។ គាត់​មាន​ពាក្យ​អរគុណ និង​សប្បាយ​រីករាយ»។

ក្រៅពី​ការជួយជ្រោមជ្រែង​ដល់​កុមារី ធំ សុខ​ឡា ព្រះសង្ឃ​គង់នៅ​វត្ដ​សារាវ័ន្ដ​អង្គ​នេះ ក៏មាន​បំណង​ចង់​ជួយ​ដល់​បង​ប្អូន​នាង​ទាំង​អស់ ខណៈ​ឪពុក​ម្ដាយ​ចិញ្ចឹម​ពួកគេ​នៅ​ស្រុក​កំណើត​ក៏​ក្រីក្រ​តោក​យ៉ាក។

ព្រះ​តេជគុណ​អំពាវនាវ​ថា៖ «ចង់​ឲ្យ​សប្បុរសជន​ទាំងអស់​ជួយ​ក្រុម​គ្រួសារ​គាត់​ទាំង​អស់ មិន​មែន​តែ សុខ​ឡា ម្នាក់​នោះ​ទេ ពីព្រោះ​បងប្អូន សុខ​ឡា ៦ នាក់​ទៀត​ក៏​រស់​នៅ​មិន​ធូរធារ​ឡើយ។ បើ​សប្បុរសជន​ណា​មាន​ខោ​អាវ​ចាស់​ថ្មី​អី សូម​បរិច្ចាគ​មក ពី​ព្រោះ​សម្លៀក​បំពាក់​ពួក​គាត់​ចាស់​រខេក​រខាក​ស្ទើរ​តែ​ដូច​ក្រណាត់​ឆុង​កាហ្វេ​ទៅ​ហើយ»៕