កំពង់ធំ: កុមារី ហៀ​ង គីមហួយ បច្ចុប្បន្ន​អាយុ ៦ ឆ្នាំ បាន​រៀបរាប់​ប្រាប់​ក្នុង​វីដេអូ​ឃ្លីប​មួយ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​តេជគុណ​ព្រះ​ភិក្ខុ កក្កដា សុភ័ណ្ឌ ថា៖ «ជាតិ​មុន ខ្ញុំ​ជា​សត្វ​ស្វា ពុក​ខ្ញុំ​បាញ់​ហើយ​ទៅ​កាត់​ម្រាមដៃ ម្រាម​ជើង​យក​ទៅ​ក្លែម ទើប​កើត​មក​បែប​នេះ។ ខ្ញុំ​ស្គាល់​មនុស្ស​ទាំង ៣ នាក់ ពុក​ខ្ញុំ ពូ​ប៊ីន និង​អ៊ំ​ធីម»។

នៅក្នុង​សម្ដី​បង្កប់​ដោយ ភាព​ក្រៀមក្រំ កុមារី គីម​ហួយ ប្រសូត​មក​មាន​ដៃជើង​មិន​ពេញ​លក្ខណៈ ដោយ​ដៃស្ដាំ​មាន​ប្រអប់​ដៃ​តូច និង​ម្រាម​មិន​គ្រប់​ចំនួន ដៃ​ឆ្វេង​មាន​ត្រឹម​កែង​ដៃ ខណៈ​ជើង​ទាំង​សង​ខាង​មាន​សភាព​ស្ដួច​ចាប់​ពី​ត្រឹម​ជង្គង់​ចុះ។

បើទោះបីជា​កុមារី រស់នៅក្នុង​ភូមិ​អូរ​រំចេក ឃុំ​ច្រនៀង ស្រុក​បារាយណ៍ ខេត្ដ​កំពង់ធំ រូប​នេះ អះអាង​ថា ខ្លួន​ដឹង​ជាតិ ដែល​មាន​កំណើត​កើត​ជា​សត្វ​ស្វា ត្រូវ​បាន​ឪពុក និង​សាច់​ញាតិ​សម្លាប់​យ៉ាង​ណា​ក៏ដោយ ក៏ គីម​ហួយ មិន​បាន​បង្ហាញ​ពី​កំហឹង​ចង​អាឃាត​ទេ។ កុមារី​អភ័ព្វ​រូប​នេះ​បាន​ត្រឹម​តែ​រំលេច​ក្ដី​ប្រាថ្នា​ចង់​បាន​ការ​សិក្សា​ឆ្ពោះ​ទៅ​មុខ​ជានិច្ច។

កុមារី ហៀ​ង គីម​ហួយ បាន​និយាយ​នៅក្នុង​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​សាកសួរ​ពី​ក្ដី​បំណង​របស់​ខ្លួន​ថា៖ «ខ្ញុំ​ចង់​រៀន។ ចង់​បាន​រៀន​ពូកែ ចង់​បាន​រៀន​ឡើង​ថ្នាក់»។

ព្រះសង្ឃ ដែល​តែងតែ​និមន្ដ​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​គ្រប់​ច្រកល្ហក និង​បាន​ផ្សព្វផ្សាយ​ស្វែង​រក​កុមារី​អភ័ព្វ​នេះ​តាម​បណ្ដាញ​សង្គម​ជាច្រើន​ខែ តេជគុណ កក្កដា សុភ័ណ្ឌ បាន​និមន្ដ​ទៅ​ដល់​ផ្ទះ​កុមារី​ផ្ទាល់​ដើម្បី​យក​បច្ឆ័យ​សប្បុរស​ចំនួន ១០០ ដុល្លារ និង ២០ ម៉ឺន​រៀល​សម្រាប់​ជួយ​ផ្គត់​ផ្គង់​ជីវភាព​ដ៏​ក្រខ្សត់។

ព្រះភិក្ខុ កក្កដា សុភ័ណ្ឌ ទៅ​សួរសុខទុក្ខ​កុមារីអភ័ព្វ​។ សហការី

ព្រះ​ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ មាន​សង្ឃដីកា​ថា៖ «គ្រួសារ​ប្អូន​ស្រី គីម​ហួយ មាន​ជីវភាព​ក្រីក្រ​ណាស់។ ឪពុក​ម្ដាយ​ប្អូន​ស្រី​ជា​អ្នក​ស្រែ​ចម្ការ ហើយ​ប្អូន​ស្រី​មាន​ប្អូន​ម្នាក់ ដែល​មាន​កាយ​សម្បទា​ល្អ​បរិបូណ៌»។

ព្រះ​តេជគុណ បាន​បន្ដថា៖ «បើសិនជា​ដល់ពេល​ចូលរៀន ប្អូនស្រី គីម​ហួយ អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន ជាមួយ​នឹង​ជើង​សិប្បនិម្មិត​របស់​គាត់។ ប៉ុន្ដែ​ដោយ​សារ​គ្រួសារ​មិន​សូវ​ធូរធារ ប្អូនស្រី​នៅ​ត្រូវការ​សម្ភារ​សិក្សា​ជា​ច្រើន​ទៀត»។

ជា​អ្នក​បង្ហោះ​រូប​កុមារី ហៀ​ង គីម​ហួយ ដើរ​ដោយ​ប្រើ​ជើងសិប្បនិម្មិត និង​ការបរិច្ចាគ​ពី​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស គណនី​ហ្វេសប៊ុក​ឈ្មោះ Rose Jack បាន​រៀប​រាប់​លើ​បណ្ដាញ​សង្គម​ថា៖ «ខ្ញុំ​បាន​នាំ​ក្មួយ ហៀង គីម​ហួយ ទៅ​ចាក់​ពុម្ព​ដៃ​នៅ​អង្គការ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ដៃ​នេះ គឺ​បាន​មក​ពី​សប្បុរស​ជន​រស់​នៅ​ប្រទេស​អូស្ដ្រាលី និង Mr Barry Tennent & Nita Samatan»។

ស្ដ្រី​រូបនេះ បាន​បន្ដថា៖ «នាង​ខ្ញុំ​សូម​អរគុណ​ចំពោះ​ទឹកចិ​ត្ដ​សប្បុរសធម៌រ​បស់បង​ប្អូន ជន​រួម​ជាតិ​ខ្មែរ និង​បរទេស។ សូម​ជូនពរ​ឲ្យ​ជួប​តែ​សេចក្ដី​សុខ និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​ជា​រៀង​រហូត»។

ព្រះ​ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ បាន​ឆ្លើយ​នឹង​ចម្ងល់​ដែល​អះអាង​ពី​ការដឹង​ជាតិ​របស់​កុមារី ហៀ​ង គីម​ហួយ នូវ​ការ​រៀប​រាប់​អំពី​ហេតុការណ៍​អកុសល​ពី​ជាតិ​មុន​ថា៖ «ចំពោះ​បញ្ហា​នេះ អាត្មា​មិន​ប្រាកដ​ថា វា​យ៉ាង​ដូចម្ដេច​ទេ គឺថា អាត្មា​ជឿ ៥០ និង ៥០»៕