ភ្នំពេញ៖ កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយនឹងសាយ» ដែលផ្ដើមពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាត់ខេត្ដ-ក្រុង និងរាជធានី ២១ ជាគំនិតផ្ដួចផ្ដើមសិល្បករម្នាក់ គឺលោក អួន បឋម ស្គាល់ថា សាយ បំណងរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប និងជួយសាលារៀនទន្សាយ។
សាយ ត្រូវបានមើលឃើញថា ជាកូនខ្មែរដំបូងគេដែលបង្កើតកម្មវិធីដ៏គួរឱ្យមានមោទនភាពនេះ ហើយវាក្លាយជាចលនាមួយដែលមានការគាំទ្រពីបងប្អូនខ្មែរជាច្រើន។
ការចូលរួមផុសផុលរបស់ពលរដ្ឋខ្មែរក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួន ដែលសប្បុរសជនហៅថា «One Dollar Challenge» ក៏ដូចជាការរត់មនុស្សធម៌ជាមួយ សាយ បានជំរុញចិត្ដកុមារីអាយុ ១៥ ឆ្នាំ និងមិត្ដភក្ដិស្ម័គ្រចិត្ដមករត់អមដំណើរ សាយ មុនពេលលោកដល់ទីបញ្ចប់នៃចំណុចផ្ដើមវិញ។
កុមារី ជី និកូ បានចូលរួមរត់ជាមួយ សាយ ពីខេត្ដព្រៃវែងមកដល់ខេត្ដកណ្ដាល ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ រយៈពេល ៤ ថ្ងៃ បំណងស្វែងរកមូលនិធិឱ្យសាលារៀនទន្សាយ (The Rabbit School) បង្រៀនកុមារពិការភាពខួរក្បាល ជាពិសេសកុមារអូទីស្សឹម។
ប្អូនស្រី ជី និកូ បច្ចុប្បន្នរៀននៅសាលាអន្តរជាតិ Northbridge បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីបំណងសម្រេចចិត្តមកចូលរួមរត់ និងធ្វើកម្មវិធីសប្បុរសធម៌ជួយដល់អង្គការសាលារៀនទន្សាយថា៖ «ការបំផុសគំនិតឱ្យសិស្សធ្វើអ្វីមួយជួយដល់សហគមន៍ អាចថាជាកម្មវិធីរបស់សាលាខ្ញុំ តែការដែលខ្ញុំសម្រេចចិត្តក្នុងការរើសយកការរត់ជាមួយបង សាយ នេះព្រោះខ្ញុំចង់ឈ្នះខ្លួនឯង»។
ទិដ្ឋភាពកុមារពិការភាពខួរក្បាលនៅសាលារៀនទន្សាយបានធ្វើឱ្យដក់ជាប់ក្នុងដួងចិត្ដកុមារីរូបនេះ ដែលនឹកភ្នកចង់ស្វែងរកថវិកាដល់ពួកគេថ្ងៃណាមួយឱ្យខាងតែបាន។
កុមារីដែលមានអាយុតិច តែមហិច្ឆតាជួយសង្គមខ្ពស់រូបនេះ បន្ដថា៖ «យកឈ្នះខ្លួនឯង គឺចង់សំដៅថា ធ្វើអ្វីមួយដែលមានប្រយោជន៍ និងអាចជាគំរូដល់អ្នកដទៃ។ ម្យ៉ាងទៀតវាជាអ្វីដែលដក់ជាប់ក្នុងចិត្តខ្ញុំតាំងពីអាយុ ៧ ទៅ ៨ ឆ្នាំ ពេលឪពុកម្ដាយខ្ញុំនាំខ្ញុំទៅលេងនៅទីនោះ ព្រោះវាជាអង្គការដែលជួយកុមារពិការបញ្ញា។ ពេលនោះហើយ ដែលខ្ញុំផ្ដើមមានចិត្តចង់ជួយដល់អ្នកដែលមានស្ថានភាពលំបាក»។
មុនពេលចាប់ផ្ដើមរត់របស់ សាយ ១ សប្ដាហ៍ ប្អូនស្រី និកូ និងឪពុក បានជួប សាយ ដោយចៃដន្យនៅក្នុងហាងលក់ស្បែកជើងកីឡាមួយ។ ឪពុកប្អូនស្រីក៏បានណែនាំឱ្យស្គាល់ សាយ ហើយក៏បានដឹងអំពីគម្រោងរត់របស់ សាយ។
និកូ រំឭកថា៖ «ពេលនោះ ខ្ញុំគិតថា អំឡុងរយៈពេល ៩៩ ថ្ងៃនេះ ថ្ងៃមួយខ្ញុំនឹងរត់ជាមួយគាត់ តែមិនទាន់គិតប្រាកដប្រជាទេ។ ខ្ញុំតាមដានការរត់របស់គាត់ ខ្ញុំពិតជាទទួលបានការលើកទឹកចិត្តមែនទែន។ ខ្ញុំក៏បានសម្រេចចិត្តទាក់ទងទៅគាត់ ដើម្បីធ្វើការរត់ជាមួយគ្នា ហើយក៏ជាឱកាសជួយសាលារៀនទន្សាយដែលកំពុងតែជួបវិបត្តិសេដ្ឋកិច្ចផងដែរ។ បន្ទាប់ពីខ្ញុំសំណេះសំណាលជាមួយនឹងលោកពូ ហ៊ុន ទូច ជានាយកអង្គការសាលារៀនទន្សាយ»។
លីម ដាឡែន ជាមិត្ដភក្ដិម្នាក់ចំណោម ៦ នាក់ ដែលមកពីសាលាជាមួយ និកូ ក៏បានឯកភាពរត់ ដើម្បីមនុស្សធម៌នេះ។ កុមារី ដាឡែន រៀបរាប់ពីបញ្ហាប្រឈមថា ថ្វីដ្បិតតែពួកគេចូលចិត្តរត់ និងត្រៀមខ្លួនហាត់មុននឹងដល់ថ្ងៃរត់ក៏ដោយ ក៏វានៅតែមិនមែនជារឿងងាយក្នុងការរត់ពី ២០ ទៅ ៣០ គីឡូម៉ែត្រ ១ ថ្ងៃឡើយ។
ក្រុមអត្ដពលិកក្មេងខ្ចីទាំងនេះ ជួបការលំបាក ទាំងការឈឺជើង កជើង ជង្គង់ មេឃក៏ក្ដៅ ផ្លូវក៏ពិបាក សត្វឆ្កែព្រុសតាមផ្លូវក៏រំខានពួកគាត់។
ប្អូនស្រី ដាឡែន ឱ្យដឹងថា៖ «ខ្ញុំបានរៀនពីភាពតស៊ូ អត់ធ្មត់ដើម្បីទៅដល់គោលដៅ។ វាពិតជាបទពិសោធដ៏ល្អមួយក្នុងជីវិតខ្ញុំ ដែលខ្ញុំនឹកស្មានមិនដល់ថាអាចសម្រេចបានចំពោះកិច្ចការនេះ បើទោះជាវានឿយហត់ក៏ដោយ»។
ជី និកូ បន្ដថា៖ «មែនហើយការរត់ក្នុងរយៈចម្ងាយដ៏ឆ្ងាយនេះ គឺវាខុសគ្នាពីមេឃពីដីនូវអ្វីដែលយើងធ្លាប់ធ្វើ។ តែពេលដែលសម្រេចការរត់ពី ១ ថ្ងៃ ទៅ ១ ថ្ងៃ វាប្រៀបដូចជាទទួលបានកាដូជាទីពេញចិត្ត និងស្កប់ចិត្តណាស់»។
ប្អូនស្រីទាំង ២ និងមិត្ដភក្ដិចាប់ផ្ដើមចេញដំណើរជាមួយ សាយ មកពីខេត្ដព្រៃវែង នៅថ្ងៃទី ៣ ខែមករា និងបានបញ្ចប់នៅក្នុង ខេត្ដកណ្ដាលថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២១។
ជាមួយនឹងការបង្កើតនូវគណនីមូលនិធិ ABA: 009 992 021 (Chy Nikko And Sor Sothearom) និងតាមរយៈការឧបត្ថម្ភដល់អ្នករត់តាមគីឡូម៉ែត្រដែលពួកគាត់ចូលរួមរត់ ក្រុមកុមារវ័យជំទង់ទាំងនេះ ទទួលបានថវិកា ១៣ ០០០ ដុល្លារ។
និកូ ឱ្យដឹងថា ថវិកាទាំងនេះនឹងបង្វិលទៅកាន់អង្គការសាលារៀនទន្សាយសម្រាប់ផ្គត់ផ្គង់លើសម្ភារសិក្សា ដល់គ្រូបង្រៀន និងដំណើរការផ្សេងៗទៀត។
ប្អូនស្រីបាននិយាយថា៖ «គោលដៅរត់នេះ ក៏ជាការលើកកម្ពស់ចំណេះដឹងឱ្យបងប្អូនកម្ពុជាយល់បន្ថែមលើកុមារពិការបញ្ញា ឬកុមារអូទីស្សឹម។ អ្នកខ្លះបែរជាយល់ថា វាជារឿងគួរឱ្យខ្មាសអៀន ហើយអ្នកខ្លះទៀតបែរជាធ្វើបាប និងមើលងាយពួកគាត់»។
និកូ បញ្ជាក់ថា៖ «មិនថា អ្នកមានវ័យណាទេ ឬក៏អ្នកធ្វើអ្វីក៏ដោយ គ្រប់គ្នាអាចប្រើសមត្ថភាពធ្វើអ្វីដែលអាចជះឥទ្ធិពលល្អ និងមានន័យសម្រាប់អ្នកដទៃ ដូចបង សាយ មានឥទ្ធិពលមកលើពួកខ្ញុំដូចគ្នា»។
សាយ បញ្ចប់ការរត់ចម្ងាយផ្លូវសរុប ២ ៤០៨ គីឡូម៉ែត្រ រយៈពេល ៩៧ ថ្ងៃ៕