ភ្នំពេញ៖ ខណៈ​​ដល់​ពាក់​កណ្តាល​​ឆ្នាំ ​២០២០​​​ នេះ ប្តី​ប្រពន្ធ​ តារា​សម្តែង​ស្រី​សិចស៊ី​ ​សាច់​ស​ខ្ចី​ អ្នកនាង កុល ​​ដាវី និង​តារា​ចម្រៀង​ប្រុស​លោក សុខ រក្សា ទទួល​​បាន​​លាភ​ ២​ នៅ​ដើម​ និង​ចុង​ខែ​មិថុនា ដែល​ធ្វើ​ឲ្យ​គូ​ស្នេហ៍​អ្នក​សិល្បៈ​ដូចគ្នា​សប្បាយ​​ចិត្ត​ខ្លាំង​រហូត​​​បង្ហើប​​ប្រាប់​មហាជន​​តាម​បណ្តាញ​​សង្គម​។​

ពី​​ហ្វេសប៊ុក​ផ្ទាល់​​លោក សុខ រក្សា បាន​បង្ហោះសារ​​​ត្រេកអរ​ឥតឧបមា គ្មាន​​អ្វី​ប្រៀប​ផ្ទឹម​​ក្នុង​ចិត្ត​ចេញ​​មក​ថា៖ «​អរគុណ​​ប្រពន្ធ​សម្លាញ់ ​បង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ កាដូ​សម្រាប់​បង​មួយ​នេះ​ ធំ​មែន​ទែន​ហ្មង!» ជាមួយ​​​ឧបករណ៍​ពិនិត្យ​ទឹក​នោម ដែល​អាច​បញ្ជាក់​ពី​ផល​វិជ្ជមាន​នៃ​​ការ​​មាន​គភ៌​ចំនួន ២ ឆ្នូត​​ និង​រូប​ផ្អែម​ល្ហែម​​ប្តី​ប្រពន្ធ​ខ្លួន​ផង​ដែរ​។ ​

បន្ថែម​​​សេចក្តី​ត្រេក​អរ​ខ្លាំង​នេះ​ ​តារា​ចម្រៀង​​ប្រុស​ជ្រក​នៅ​ផលិតកម្ម​សាន់ដេ ហើយ​ក៏​​​ជា​មន្រ្តី​រាជ​ការ​បម្រើ​ការ​នៅ​ក្រសួង​​មហាផ្ទៃ​ផ្នែក​ភ័ស្តុភារ មាន​ស័ក្តិ ៤ ​ពាក់​លើ​ស្មា​​លោក សុខ រក្សា​ បញ្ជាក់​ប្រាប់​​ពី​លាភ​​ទាំង ​២ ​​របស់​ប្តី​ប្រពន្ធ​ ដែល​​ទទួល​បាន​ក្នុង​ខែ​មិថុនា ឆ្នាំ ​២០២០​​ ថា៖ «ពិត​ជា​​ត្រេក​អរ​​ខ្លាំង​​ណាស់​ ដែល​យើង​​បាន​លាភ​​ធំ​ដល់​​ទៅ ​២​ នៅ​ខែ​មុន​នេះ ​[ខែ​មិថុនា] ​គឺ​​នៅ​ដើម​ខែ យើង​ទើប​​តែ​បាន​ដូរ​រថយន្ត​ទំនើប​​ថ្មី​ដូច​ក្តី​ប្រាថ្នា ខណៈ​​នៅ​ចុង​ខែ​ ឬ​អាច​និយាយ​បាន​ថា​​​នៅ​ដើម​ខែ​កក្កដា​នេះ​ យើង​បាន​ដំណឹង​ធំ​មួយ​​ទៀត ​គឺ​មាន​កូន​ដំបូង​»។ ​

ដោយ​ឡែក​ប៉ុន្មាន​ខែ​មុន​នេះ មហាជន​ក៏​កត់​សម្គាល់​​​តាំង​ពី​ដើម​ឆ្នាំ​នេះ​​​​ថា អ្នកនាង កុល ដាវី អាច​នឹង​​ពពោះ​កូន​ដំបូង ហើយ​ទំនង​​​សម្រាល​នៅ​ចុង​ឆ្នាំ​ ២០២០ ឬ​ក៏​អាច​ថត​រឿង​ចប់​ឲ្យ​​ប៉ុស្ដិ៍​ភីអិនអិន​ក្នុង​រយៈពេល​​​ដ៏​ខ្លី​ខាង​មុខ ក៏​អាច​ថា​បាន​ដែរ​មើល​ទៅ ជាមួយ​នឹង​​ស្វាមី​ ដែល​ជា​អតីត​តារា​ចម្រៀង​នៅ​​ទ្រនំ​ផលិតកម្ម​​ហង្សមាស និង​បច្ចុប្បន្ន​ ​នៅ​​សាន់ដេ​ លោក សុខ រក្សា ​តាម​ការ​​សង្កេត​ឃើញ​ថា ​អ្នកនាង​​​មាន​អាការ​ដូចជា​​ចាញ់​កូន​។

ជា​ទូទៅ​ នា​ពេល​មាន​ដំណឹង​ថា​ មាន​បុត្រ​ដំបូង ​មិន​ថា​ជា​​ប្តី​ប្រពន្ធ​​សាមញ្ញជន ឬ​ជា​​អ្នក​​សិល្បៈ​​​ទេ រមែង​ចង់​បាន​កូន​ប្រុស ឬ​កូន​ស្រី​ តាម​​​សេចក្តី​ប្រាថ្នា​ ខណៈ​លោក សុខ រក្សា ក៏​​បង្ហើប​ពី​អារម្មណ៍​ខ្លួន និង​ភរិយា នា​ពេល​មាន​បុត្រ​ដំបូង​នេះ​​​​​ថា៖ «សម្រាប់​ខ្ញុំ​ មិន​​ប្រកាន់​ឡើយ​ថា ជា​កូន​ប្រុស​ ឬ​​កូន​ស្រី​ ឲ្យ​តែ​កូន​គឺ​ស្រឡាញ់​ទាំង​អស់​។ ចំណែក​ប្រពន្ធ​ខ្ញុំ​វិញ​ គាត់​ចង់​បាន​កូន​ស្រី​ច្រើន​ជាង ដោយសារ​គាត់​យល់​ថា​ មាន​កូន​ស្រី​ច្បង​ ពេល​ធំ​​អាច​ជំនួស​ដៃ​ជើង​ម្តាយ​​បាន​ ស្រប​ពេល​ដែល​បច្ចុប្បន្ន​គាត់​​មាន​របរ​លក់​ដូរ​គ្រឿង​តុបតែង​កាយ និង​សម្លៀក​បំពាក់​​តាម​អនឡាញ​ផង​​នោះ»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកនាង កុល ដាវី បាន​​រៀបការ​ជាមួយ​លោក សុខ រក្សា កាល​ពី​ថ្ងៃទី​ ៨ ខែ​​មីនា ឆ្នាំ​​ ២០១៩ ក្រោយ​ពី​បាន​ស្វែង​យល់​ចិត្ត​ថ្លើម​គ្នា ៥ ​ឆ្នាំ​។​​ ​បន្ទាប់​ពី​រៀបការ​​តារា​ស្រី​សាច់​សខ្ចី​រូប​នេះ​ហាក់​ប្ដូរ​​ស្ទីល​​ស្លៀកពាក់​ខុស​ពី​មុន ​គឺ​មិន​សូវ​បញ្ចេញ​ភាព​សិចស៊ី​ខ្លាំង​ទៀត​ទេ​ ហើយ​ម្យ៉ាង​ទៀត​ ​គូស្នេហ៍​តារា​ដូច​គ្នា​ក៏​​រក​ស៊ី​ធូរធារ​ មាន​ផ្ទះ​ដល់​​​ ២ ​ល្វែង និង​ជិះ​រថយន្ដ​ថ្មី​ទំនើបៗ​ផង​ដែរ​​៕