ភ្នំពេញ៖ ផ្ដើម​ចេញ​ពី​ការ​ផ្គត់ផ្គង់​ជ័រ​​ផ្គុំ​លេង​បំផុស​គំនិត​ច្នៃ​ប្រឌិត ​អ្នក​ផលិត​​របស់​ក្មេង​លេង​ក្នុង​ស្រុក ​Doydoy បាន​អភិវឌ្ឍ​ជម្រើស​ការ​កម្សាន្ត​បែប​អប់រំ​ដល់​កុមារ​រាប់​តាំង​ពី​សៀវភៅ​រឿង​អវកាស​ដាក់​ឈ្មោះ​​តួអង្គ​​តាម​ម្ចាស់​សៀវភៅ និង​ចេញ​​លក់​តុក្កតា​ឌូឌូ​ ជា​តួអង្គ​មួយ​នៅ​ក្នុង​សៀវភៅ​​ក្នុង​ខែ​ធ្នូ ​នេះ​។

ចាប់​ផ្ដើម​ដំបូង​​ពី​ឆ្នាំ ២០១៦ Doydoy ទទួល​បាន​ការ​គាំទ្រ​ពី​អាណាព្យាបាល ​ដោយ​ឃើញ​​ថា ​កុមារ​មាន​ភាព​ឈ្លាសវៃ​ និង​រីក​ចម្រើន​ឆាប់​រហ័ស​បន្ទាប់​ពី​​​លេង​​​​ឧបករណ៍​​ផ្គុំ​លេង​។

កុមារ​លេង​ល្បែង​ផ្គុំរូប​ត្រូវបាន​ជឿថា ជា​ការ​បង្កើន​ប្រាជ្ញា និង​ភាពឈ្លាស​វៃ​។ រូបថត សហការី

ការ​ស្រាវជ្រាវ​ជា​សកល​សុទ្ធ​តែ​ទទួល​ស្គាល់​ថា​ កុមារ​រៀន​សូត្រ និង​ដុះដាល​គំនិត​ប្រាជ្ញា​តាមរយៈ​ការ​លេង។​

ដោយ​យល់​ឃើញ​ពី​សារៈសំខាន់​​នៃ​ល្បែង​លេង​​ចំពោះ​ការ​លូតលាស់​​របស់​កុមារ​ អ្នក​ជំនួញ​​​​វ័យ​ក្មេង ឯម ច័ន្ទរិទ្ធិកុរ ក៏​​ចាប់​ផ្ដើម​រៀន​បង្កើត​ជ័រ​ផ្គុំ ​និង​ព្រីន​វា​​​ចេញ​លក់​​សាកល្បង​ក្រៅ​​ផ្លូវ​ការ​ក្នុង​ឆ្នាំ ​២០១៦​។

យុវជន​វ័យ ២៤ ​ឆ្នាំ​រូប​នេះ​បាន​​រំឭក​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «​ដល់​ឆ្នាំ​ទី២​ ខ្ញុំ​ក៏​បាន​ប្រទះ​​​នឹង​​គេហទំព័រ​​មួយ​ដែល​គេ​ដាក់​ថា​ Think Global Act Local ដែល​​​បាន​បង្រៀន​កូន​​ខ្មែរ​​ពី​ការ​ធ្វើ​អាជីវកម្ម​ និង​ការ​កែច្នៃ​។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​យល់​ថា ​តាម​ពិត ​ទោះបី​ជា​មិន​មាន​រោងចក្រ​ក៏​គេ​អាច​ព្រីន​ចេញ​ជា​ 3D​ បាន​យ៉ាង​ណា​ក៏​ដោយ​»។

លោក​តែង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា៖ «ពេល​ចាប់​ផ្ដើម​មិន​ងាយ​​ស្រួល​ទេ​ តែ​បើ​ដាក់​ចុះ​ស្មើ​នឹង​យើង​បរាជ័យ​ទៅ​ចាប់​ផ្ដើម​​ថ្មី​រឹត​តែ​ពិបាក​»។

ក្រោយ​​ហែល​ឆ្លង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ដៃគូ​ជំនួញ​នៅ​​ឆ្នាំ ​២០១៩​ ទើប Doydoy មាន​​​ឈ្មោះ​ម៉ូដែល​ត្រឹម​ត្រូវ​មាន​​បុគ្គលិក​បម្រើការ និង​​ការិយាល័យ​​របស់​ខ្លួន​។

លោក ច័ន្ទរិទ្ធិកុរ បាន​ប្រាប់​ថា៖ «ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ជាមួយ​នឹង​បរទេស​ តែ​សម្រាប់​សៀវ​​ភៅ​គឺ​យើង​ធ្វើ​នៅ​ខ្មែរ​ទាំង​អស់​​ខ្ញុំ​ពិត​ជា​មាន​មោទនភាព​​មែន​ទែន»​។

សព្វថ្ងៃ​នេះ​ Doydoy មាន​ហាង​ជា​ដៃគូ​សហការ​ ១០​ និង​សាលារៀន​ធំៗ​ជ្រើសរើស​​​ធ្វើ​ជា​កម្មវិធី​សិក្សា​ក្រៅ​ម៉ោង​បន្ថែម​​ជូន​​ដល់​កុមារ​នៅ​ចុង​សប្ដាហ៍ ​​ប៉ុន្តែ​ក៏​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​ដោយសារ​កូវីដ​។

លោក ឯម ច័ន្ទរិទ្ធិកុរ និងកុមារ​លេងផ្គុំរូបពីទុយោជ័រ។ រូបថត សហការី

ឧបករណ៍​ជ័រ​​ផ្គុំ​មាន ​៦ ​ប្រភេទ​ផ្សេងៗ​គ្នា​ ដូច​ជា​ រូប​រ៉ុក្កែត​ ឧទ្ធម្ភាគចក្រ​ រថក្រោះ​ រូប​អង្គរវត្ត​ ឡាន​ក្រុង ​និង​យន្តហោះ។

លោក ​ច័ន្ទរិទ្ធិកុរ​ ​រៀប​រាប់​​ពី​គុណសម្បត្តិ​ Doydoy ​ថា​៖ «សម្រាប់​ឧបករណ៍​ផ្គុំ​លេង​វា​ធ្វើ​​ពី​ស៊ីលីកូន​ វា​ទន់​ និង​អាច​បត់បែន​បាន​។ វា​គ្មាន​សារធាតុ​ ​​បង្ក​ការ​គ្រោះថ្នាក់​ដោយ​ប្រការ​ណា​មួយ​ដល់​ក្មេង​ទេ»។

លោក​លើក​ពី​លក្ខណៈ​ប្លែក​​​នៃ​ជ័រ​ផ្គុំ​ទៀត​ថា៖ «មួយ​វិញ​ទៀត ​​ជាជាង​ដែល​ដាក់​ក្រដាស​ណែនាំ​​ដូច​រូប​ផ្គុំ​ដទៃ​ Doydoy បាន​ដាក់​​គំរូ​ផ្ទាល់​តែ​ម្ដង​ ហេតុ​នេះ​​កុមារ​​អាច​ចាប់​ផ្ដើម​ពី​ចំណុច ដែល​គាត់​ចាប់​បាន​ មិន​បាច់​ត្រូវ​តែ​ផ្ដើម​ដូចគ្នា​ទេ​ សំខាន់​ឱ្យ​តែ​អាច​ចេញ​មក​ដូច​រូប​គំរូ។ ធ្វើ​បែបនេះ​ក្មេង​នឹង​មាន​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ហើយ​ប្រើ​ខួរក្បាល​បាន​ច្រើន​»។

ក្រៅ​ពី​ជ័រ​ផ្គុំ Doydoy មាន​លក់​​សៀវភៅ​អវកាស​ជា​ភាសា​ខ្មែរ​ និង​អង់គ្លេស​ ដោយ​ឪពុក​ម្ដាយ​​អាច​កុម្ម៉ង់​ដាក់​ឈ្មោះ​ និង​រូប​កូនៗ​ធ្វើ​ជា​តួអង្គ​ក្នុង​សៀវភៅ​​ផ្ទាល់ ដើម្បី​ជំរុញ​ឲ្យ​កុមារ​មាន​ក្ដី​ស្រមៃ​ធំ​ដូច​តួអង្គ​អវកាសយានិក​នេះ​ដែរ។

រីឯ​​តុក្កតា​ឌូឌូ ​ដែល​ជា​តួអង្គ​មួយ​នៅ​ក្នុង​សៀវភៅ ​ក៏​នឹង​ត្រូវ​បាន​​បង្កើត​ចេញ​ជា​តុក្កតា​មួយ​ប្រភេទ​ទៀត​សម្រាប់​កុមារ​ក្នុង​ខែ​ធ្នូ នេះ​ផង​ដែរ។

លោក​និយាយ​ថា៖ «​តុក្កតា​ឌូឌូ​វិញ ​ចំណុច​ពិសេស​វា ​គឺ​ក្រៅ​​ពី​ជា​តុក្កតា​ឱប​​បាន​ហើយ​អាច​សង់​រូប​​លើ​ក្បាល​វា​បាន​​​ទៀត​ផង»​។​

លោក ​ច័ន្ទរិទ្ធិកុរ​ សម្គាល់​ឃើញ​ថា ជោគជ័យ​របស់ ​Doydoy ​គឺ​ដោយសារ​តែ​អាណាព្យាបាល​កុមារ​តែង​តែ​ត្រឡប់​មក​ទិញ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​​ចែក​រំលែក​មតិយោបល់​ថា ​កូនៗ​របស់​ពួក​គាត់​មាន​ការ​​រីក​ចម្រើន​ជាង​មុន​មែន​។

លោក​​រំឭក​សម្ដី​អ្នក​ម្ដាយ​​ម្នាក់​ ដែល​កូន​គាត់​មាន​ជំងឺ​អូទីសឹម​កម្រិត​មួយ ហើយ​​មិន​សូវ​ហ៊ាន​និយាយ ​ឬ​លេង​ជាមួយ​ក្មេង​ដទៃ​ឡើយ។

លោក​បាន​ឲ្យ​ដឹង​ថា៖ «ថ្ងៃ​ទី​មួយ​គាត់​ [ម៉ូនីកា] លាក់​ខ្លួន​នៅ​​តែ​ក្រោម​តុ​ យើង​ព្យាយាម​បញ្ចុះបញ្ចូល​គាត់​ ៣ ​ម៉ោង ​ទម្រាំ​​គាត់​ហ៊ាន​​​​មក​ចូលរួម​ជាមួយ​នឹង​ក្មេង​ដទៃ​។​ យើង​បាន​យក​ឧបករណ៍​លេង​ Doydoy មក​ឲ្យ​គាត់​លេង​»។

​សៀវភៅអវកាស​ដាក់ឈ្មោះតួអង្គ​ម្ចាស់​សៀវភៅ​​​។ រូបថត សហការី

ស្ថាបនិក Doydoy បាន​បន្ត​ថា៖ «ម្ដាយ ​ម៉ូនីកា​ ​​ប្រាប់​ថា​ ម៉ូនីកា ​ផ្លាស់​ប្ដូរ​ច្រើន​ណាស់​ នាង​​ចាំ​ផ្កា​ឈូករ័ត្ន​ដែល​រៀន​​បាន​ ហើយ​ហ៊ាន​សម្រេច​ចិត្ត​​ចង់​​ដាំ​នៅ​ផ្ទះ​​។ នេះ​ជា​មតិ​​​ដែល​យើង​ចាំ​ជាប់​ចិត្ត​មែន​ទែន​»។​

តម្លៃ​របស់​រូបផ្គុំ​នីមួយៗ​ផ្ដើម​ពី​ ១០​ ទៅ​ ៦០ ​ដុល្លារ​ ដែល​តម្រូវ​​​​សម្រាប់​កុមារ​អាយុ​ចាប់ពី ​៣ ​ដល់ ​១២ ​ឆ្នាំ។

ទន្ទឹម​នឹង​ការ​រីករាយ​ជាមួយ​ផ្លែផ្កា​អាជីវកម្ម​ដែល​ជួយ​បណ្ដុំ​គំនិត​ប្រាជ្ញា​ក្មេងៗ​ ​លោក ​​ច័ន្ទរិទ្ធិកុរ ​បាន​ប្រាប់​ថា​ លោក​មាន​បំណង​បង្វឹក​ និង​រើស​បុគ្គលិក​មាន​លក្ខណ​សម្បត្តិ​ ព្រមទាំង​បទពិសោធ​​ជាមួយ​ក្មេង​ ដើម្បី​កែប្រែ និង​អភិវឌ្ឍ​បន្ថែម​ទៅលើ​កម្មវិធី​សិក្សា​ក្រៅ​ម៉ោង​។

ក្នុង​ដំណើរ​ផ្ដើម​ពី​ការ​លក់​ជ័រ​ផ្គុំ​​រហូត​ដល់​វិវឌ្ឍ​ជា​កម្មវិធី​អប់រំ​តាមរយៈ​ការ​លេង​ ​លោក​បាន​សម្ដែង​ចំណាប់​អារម្មណ៍​​ថា៖ ​«ខ្ញុំ​មិន​គិតថា ​យើង​នឹង​មាន​គ្រប់​យ៉ាង​នៅ​ពេល​ចាប់​ផ្ដើម​ទេ​ តែ​សូម​ឱ្យ​មាន​ខ្លះ​ ហើយ​ខ្លះ​ទៀត​​​យើង​​អាច​រៀន​បាន​។ ធ្វើ​ម្ដង​មួយ​ដល់​ពេល​នោះ​បើទោះ​ជា​យើង​ជោគជ័យ ​ឬ​ក៏​បរាជ័យ​យើង​​ដឹង​ថា ​យើង​បាន​ធ្វើ​វា​អស់​ពី​សមត្ថភាព​ហើយ​។ យើង​នឹង​មិន​ចាំបាច់​មក​អង្គុយ​ស្ដាយ​ក្រោយ​»។

Doydoy អាច​ទាក់ទង​តាម​​ហ្វេសប៊ុក​ @Doydoycompany និង​អ៊ីនស្តាក្រាម @doydoycambodia។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​ទិញ អាច​ធ្វើ​បាន​តាមរយៈ​វេបសាយ៖ doydoyplay.com៕