ភ្នំពេញ៖ បើ​តាម​ពិត​ទៅ​​អាណត្តិ​នៃ​​ការងារ​ថ្មី​​​មាន​តួនាទី​ជា​​​​​ទីប្រឹក្សា​អគ្គ​រដ្ឋ​ទូត​ស្វ៊ីស​​ ទទួល​​​បន្ទុក​ផ្នែក​​អប់រំ​ និង​​​វប្បធម៌​ របស់​​អនុបណ្ឌិត​ចិត្ត​វិទ្យា​នយោបាយ​វ័យ​ក្មេង ​រៀន​ចប់​​​ពី​ប្រទេស​​ស្វ៊ីស​ ​​ជា​កូន​ខ្មែរ​អ្នក​​សៀមរាប​ លោក ថុល តូម៉ា ចាប់​ផ្តើម​​តាំង​ពី​ដើម​ឆ្នាំ ​២០២០​ នេះ​​​មក​ម្ល៉េះ​​​នៅ​​នេប៉ាល់​។

អតីត​​ជា​និស្សិត​​​​​ខ្មែរ​​​​ដំបូង​គេ ​​​ដែល​បាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​​ជាន់​​ខ្ពស់​ សិក្សា​នៅ​សាកលវិទ្យាល័យ​ Zurich​ University នៃ​ប្រទេស​​ស្វ៊ីស ផ្នែក​​ចិត្តវិទ្យា​នយោបាយ​ ដែល​​​​បាន​​បញ្ចប់​​នៅ​​ចុង​​​​​​ឆ្នាំ ​២០១៥​ និង​​​​ជា​នាយក​ប្រតិបត្តិ​នៃ​​ប្រទេស​​​ស្វ៊ីស ​ទទួល​​បន្ទុក​កិច្ចការ​​​​​អប់រំ និង​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ញៀន​ នៅ​ក្នុង​តំបន់​​អាស៊ី​ រូប​នេះ​ ​បើ​តាម​គម្រោង​​​​គឺ​ត្រូវ​ផុត​​​​អាណត្តិ​ការងារ​ចាស់​​នៅ​ត្រឹម​ថ្ងៃ​​ទី​ ​១២ ខែ ​​មករា​ ឆ្នាំ ​២០២០​ ផង​ដែរ​។​

លោក ថុល តូម៉ា កូន​ខ្មែរ​ដែល​មានតួនាទីជាទី​ប្រឹក្សាអគ្គរដ្ឋទូត​ស្វ៊ីស។ រូបថត សហ​ការី

ខណៈ​លោក ថុល តូម៉ា ជា​កូន​​​​ខ្មែរ​ដំបូង មាន​ស្រុក​កំណើត​នៅ​​​ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប មាន​​​បងប្អូន​ប្រុសស្រី ៦ នាក់ ​ហើយ​​​​​គ្រួសារ​មាន​​​​ជីវភាព​​លំបាក​​បង្ហើប​​ប្រាប់​ពី​ប្រវត្តិ​ការងារ​​ថា៖ «​​បច្ចុប្បន្ន ខ្ញុំ​ជា​នាយក​ប្រតិបត្តិ​​នៃ​​​ប្រទេស​ស្វ៊ីស​ ទទួល​​​បន្ទុក​​កិច្ចការ​អប់រំ​ និង​ប្រយុទ្ធ​ប្រឆាំង​​​គ្រឿង​​ញៀន​​នៅ​តំបន់​​អាស៊ី​​​នៅ​ឡើយ​ទេ។ តាម​ពិត​ទៅ​អាណត្តិ​​​នេះ ត្រូវ​ចប់​តាំង​ពី​ថ្ងៃទី​ ១២​ ខែ ​មករា ឆ្នាំ ​២០២០ ​មក​ម្ល៉េះ​ ហើយ​ខ្ញុំ​​នឹង​ត្រូវ​ផ្លាស់​ទៅ​​ប្រទេស​​​​នេប៉ាល់ ​ចុង​ខែ​មករា​ ក្នុង​​​តួនាទី​​ជាទីប្រឹក្សា​អគ្គរដ្ឋ​ទូត​ស្វ៊ីស​​នៅ​ទី​នោះ​ ​ទទួល​​បន្ទុក​​អប់រំ​ និង​វប្បធម៌ ជំនួស​​វិញ​​។​ តែ​ដោយសារ​បញ្ហា​កូវីដ ​ទើប​ខ្ញុំ​មិន​​​អាច​​ចាក​ចេញ​​ភ្លាមៗ​​បាន​​ស្រប​ពេល​វា​កាន់​តែ​រីក​រាលដាល​​យ៉ាង​ធ្ងន់ធ្ងរ​​​លើ​សកល​លោក​។ ​ម្យ៉ាង​ទៀត​​​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្ញុំ​​ខ្សោយ​​ងាយ​​នឹង​​ឆ្លង​វីរុស​​នេះ​​ណាស់ ​បើ​តាម​​ដំបូន្មាន​​​គិលានុបដ្ឋាយិកា ​​របស់​ខ្ញុំ ​ដែល​​ប្រទេស​ស្វ៊ីស​ បាន​ចាត់​​មក​​តាម​ដាន និង​​មើល​ថែ​​ទាំ​សុខភាព​​​​ខ្ញុំ​​យ៉ាង​​ពិ​សេស ​ព្រោះ​កន្លង​​មក​ខ្ញុំ​ធ្លាប់​មាន​​ប្រវត្តិ​វះកាត់​ប្តូរ​ខួរ​ឆ្អឹង​ ដោយ​​ជំងឺ​មហារីក​​គ្រាប់​ឈាម​»។

លោក ថុល តូម៉ា ដែល​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​តាម​គម្រោង ​និង​អង្គការ​ជា​ច្រើន ​មាន​​​អង្គការ​ស្នាម​ញញឹម​នៃ​​​​​កុមារ គ្រួសារ​យើង Oxfam KYSD អង្គការ​ឆែមន៍ Unicef និង​​​​បាន​បំពេញ​ការងារ​​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ចំនួន​ ​៦ ​ខែ ក៏​បាន​​​ជាប់​អាហារូបករណ៍​នៅ​ស្វ៊ីស បាន​បន្ត​​ថា៖ «ជាង​ ១ អាណត្តិ ខ្ញុំ​បាន​ជួយ​តម្រង់​ទិស​ដល់​​​សិស្ស និស្សិត​ និង​ជួយ​ស្វែង​​រក​អាហារូបករណ៍​ទាំង​ក្នុង ​និង​​ក្រៅ​ប្រទេស​​​​ស្រប​​​តាម​គម្រោង​​​អភិវឌ្ឍន៍​ធនធាន​មនុស្ស​​នៃ​ភ្នាក់ងារ​ស្វ៊ីស​​ផង ​ខ្ញុំ​បាន​​ជួយ​​និស្សិត​ក្រីក្រ​បាន​​​ចំនួន ​១ ៣៨៩ ​នាក់ ឲ្យ​ទទួល​បាន​​​អាហារូបករណ៍​ក្នុង​ប្រទេស ដែល​​ម្នាក់​ទើប​​ទទួល​បាន​អាហារូបករណ៍​ពី​រដ្ឋមន្ត្រី​​​ក្រសួង​វប្បធម៌ ​នា​ពេល​ថ្មីៗ​នេះ លើ​ជំនាញ​​ស្ថាបត្យកម្ម​ និង​ចំនួន​ ១៧​ នាក់​ទៀត ​កំពុង​បន្ត​​ការ​សិក្សា​​នៅ​​ប្រទេស​​ថៃ ​​លើ​​បរិញ្ញាបត្រ​​​​​ស្ថាបត្យកម្ម​ កសិកម្ម​ សេដ្ឋកិច្ច​ និង​គិលានុដ្ឋាក​ពី​​​ដៃគូ​ផ្តល់​​​មក​គម្រោង​ខ្ញុំ ​ហើយ​​ពី ១ ឆ្នាំ​​ទៅ ១ ​ឆ្នាំ ​ចំនួន​ផ្តល់​អាហារូបករណ៍​​​បាន​កើន​ឡើង។ ជាក់​​ស្តែង​ ក្នុង ១ សាកលវិទ្យាល័យ​ផ្តល់​ជូន​តែ​ ២ នាក់​ទេ ​ប៉ុន្តែ​​ ២ ​ឆ្នាំ​ចុង​ក្រោយ​​នេះ ​គេ​ជូន​ថែម ៤ នាក់​ទៀត​។ ​ក្រៅ​ពី​នេះ ​ខ្ញុំ​មាន​​កម្មវិធី​ផ្លាស់​ប្តូរ​​​ការ​សិក្សា​​​ទៅ​ស្វ៊ីស​ចំនួន ២ សប្តាហ៍ និង​នៅ​ប្រទេស​ចិន ឡាវ វៀតណាម ថៃ ភូមា ហ្វីលីពីន ជប៉ុន និង​ឥណ្ឌូនេស៊ី ស្រប​តាម​កម្មវិធី​សាមី​ប្រទេស​​ ហើយ​ខ្ញុំ​រៀបចំ​ប្រឡង​​តេស្ត សមត្ថភាព​​និស្សិត ជ្រើសរើស​មុន​ចេញ​ទៅ​ចូលរួម»។ ​​

លោក ថុល តូម៉ា កូន​ខ្មែរ​ដែល​មានតួនាទីជាទី​ប្រឹក្សាអគ្គរដ្ឋទូត​ស្វ៊ីស នាពេល​ធ្វើ​បទ​បង្ហាញ​ពី​កម្ម​វិធី​អាហារូបករណ៍​ក្រៅ​ប្រទេស​។ រូបថត សហ​ការី

ដោយសារ​​​ធ្លាប់​ជា​កូនចៅ​ក្នុង​​​គ្រួសារ​ ដែល​មាន​ម្តាយ​ឪពុក​​​ពុំ​ចេះ​អក្សរ តែ​ពួក​គាត់​​​មិន​​ចង់​ឲ្យ​កូន​លំបាក​ដូច​ពួក​គាត់​ទើប​​ជំរុញ​កូន​​​​​ឲ្យ​រៀន​បាន​ខ្ពស់​ដូច​សព្វថ្ងៃ​​។ ខណៈ​លោក​​​ ថុល តូម៉ា ​ក៏​ធ្លាប់​​ជួប​ការ​លំបាក​បំផុត​ក្នុង​ជីវិត​​​ផង​ដែរ​​ នៅ​ពេល​ដឹង​ថា ខ្លួន​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​នោះ តែ​លោក​នៅ​មិន​បោះបង់​ការ​​តស៊ូ​ខិតខំ​រៀន​សូត្រ​​រហូត​​សម្រេច​​តាម​​បំណង​ ក្រោយ​ពី​មាន​ការ​ជួយ​​សង្គ្រោះ​ទាន់​ពេល​។

លោក​​ ថុល តូម៉ា បាន​រំឭក​ពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន និង​​ពេល​​​​​មាន​វិបត្តិ និង​អ្នក​ជួយ​​​សង្គ្រោះ​ខ្លួន​​ដែរ​ថា​៖ ​«​អ្វី​ដែល​​លំបាក​បំផុត​ នៅ​ពេល​ខ្ញុំ​ដឹង​ថា ខ្ញុំ​​​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​តែ​ម្តង​ វា​ស្ទើរ​តែ​បញ្ចប់​ជីវិតខ្ញុំ​ នា​​ពេល​​​នោះ។​ ដោយ​​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ ឯកឧត្តម ​Hun Manet បាន​​ជួយ​​ទៅ​លើ​​ថ្លៃ​​ព្យាបាល​​ និង​វេជ្ជ​បណ្ឌិត​ Chan Samphors​ ជា​អ្នក​ប្រឹក្សា​រហូត​​ខ្ញុំ​ចាកចេញ​​ទៅ​​ស្វ៊ីស ​ទទួល​បាន​​ការ​ព្យាបាល​នៅ​​​ទីនោះ​។

សព្វថ្ងៃ​ដោយ​​បំពេញ​ការងារ​នៅ​កម្ពុជា​ រដ្ឋ​​ស្វ៊ីស​ បាន​ចេញ ​Insurance​ ឲ្យ​ខ្ញុំ​​តាមដាន​​សុខភាព​​នៅ​​​​មន្ទីរ​ពេទ្យ​បាងកក ​ប្រទេស​ថៃ​ និង​​​គិលានុបដ្ឋាយិកា​ មក​ពី​ស្វ៊ីស​ ១ រូប​​មើល​ថែទាំ​ជា​ប្រចាំ។​ ដោយសារ​​ស្ថានភាព​ជំងឺ​នេះ ​បូក​ផ្សំ​ការ​ព្រួយ​បារម្ភ​ជំងឺ​កូវីដ​ថ្មី ដែល​ខ្ញុំ​​ងាយ​ឆ្លង​បំផុត​ផង ទើប​ខ្ញុំ​មិន​អាច​ចេញ​ទៅ​កាន់​​កិច្ចការ​​ថ្មី​​នេះ​​បាន តែ​នេះ ក៏​​មិន​មែន​ជា​បញ្ហា​​ធ្ងន់ធ្ងរ​ឡើយ»។​

កាន់​​តែ​ពិសេស​ជាង​នេះ​​​​ទៀត​​ កូន​ខ្មែរ​ដែល​មាន​ឆន្ទៈ​ដ៏​មោះ​​​មុត​ ក្នុង​ការ​ងារ​​ថ្មី​​មាន​តួនាទីជា​ទីប្រឹក្សា​អគ្គ​រដ្ឋទូត​​ស្វ៊ីស​ ទទួល​បន្ទុក​ខាង​ផ្នែក​​អប់រំ​ និង​​​វប្បធម៌ លោក ថុល តូម៉ា បាន​បង្ហាញ​​ពី​ក្តី​រំពឹង​សម្រាប់​​ខ្លួន​ទៅ​ថ្ងៃ​ខាង​មុខ​ដែរ​ថា៖ «ថ្ងៃ​អនាគត ខ្ញុំ​ចង់​វិល​​មក​កម្ពុជា ​និង​ជួយ​កម្ពុជា​​វិញ​ ក្នុង​កិច្ចការ​កំពូល​នៃ​ក្រសួង​វប្បធម៌​ និង​​វិចត្រ​​​សិល្ប:​ ​ព្រោះ​​អាណត្តិ​របស់​ខ្ញុំ​ត្រូវ​​ចប់​​ឆ្នាំ ​២០២៥​ ​តែ​បើ​ខ្ញុំ​ចង់​បន្ត​គឺ​ត្រូវ​សិក្សា​នៅ​​សហរដ្ឋ​អាមេរិក​វិញ​​ក្នុង​គោល​ចំណង​​បន្ត​ថ្នាក់​បណ្ឌិត​​ផង​ដែរ​។

ខ្ញុំ​យល់​ឃើញ​ថា ​វប្បធម៌​​ដែល​ជា​ព្រលឹង​ជាតិ​យើង​ យ៉ាង​​សំខាន់​​បំផុត ​គ្រប់​​កិច្ចការ​ទំនាក់​ទំនង​​​ ទាំង​​​អស់ ​ពិសេស​​​​លើ​ការ​ទូតនេះ​តែ​ម្តង។​ វប្បធម៌​​ជា​​ឈ្មោះ​​ដ៏ពី​រោះ ​ងាយ​​ឲ្យ​ពិភព​លោក​បាន​​​ស្គាល់​ និង​​ចង​ចាំ។ ​ប្រទេស​ដែល​​មាន​វប្បធម៌​ដ៏​ចំណាស់ ត្រូវ​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ ហើយ​ពិភព​លោក​នឹង​កោត​ស្ញប់ស្ញែង។​ សម្រាប់​ខ្ញុំ​មើល​ឃើញ​ចំណុច​​ត្រូវកែ​លម្អ​យ៉ាង​ច្រើន​​នៅ​ក្នុង​​​ស្ថាប័ន​នេះ ​ដើម្បី​កិត្តិយស និង​ភាព​ល្បីល្បាញ​មុខ​​មាត់​​​ជាតិ ជា​ពិសេស ​វិស័យ​ភាពយន្ត​ជាតិ​​ឲ្យ​រស់​ឡើង​វិញ​»៕​