ក្រុង​ហ្សាការតា: សួន​សត្វ​នៅ​បាលីមួយ​​បាន​ដាក់​ឈ្មោះ​​កូន​​ជីរ៉ាហ្វ ឬ​សត្វ​កវែង ដែល​ទើប​នឹង​កើត​ថា «កូរ៉ូណា» ជា​ការ​ឧទ្ទិស​ដល់​កំណើត​របស់​សត្វ​ញី​នេះ អំឡុង​ពេល​វិបត្ដិ​រោគ​រាត​ត្បាត​សកល។

កូន​សត្វ​កវែងកើត​​នៅ​ថ្ងៃទី ៩ ខែ​មេសា ពី​ពោះ​មេ​ឈ្មោះ សូភា និង​បា​ឈ្មោះ ម៉ាតាឌី រួម​ជាមួយ​បង​ប្អូន​កវែងពីរ​ក្បាល​ទៀត​នៅ​សួន​សត្វ Bali Safari Park ស្ថិត​នៅ​កោះ​វិស្សមកាល​ឥណ្ឌូនេស៊ី​។

វីដេអូ​ឃ្លីប​មួយ​ ដែល​ត្រូវបាន​ផ្សាយ​ដោយ​សួន​សត្វ បាន​បង្ហាញ​កូន​សត្វ​កវែង​កើត​ចេញពី​មេ​វា ​​ក្នុង​បរិវេណ​តូច​មួយ​។

កូរ៉ូណា មានសុខភាពល្អ និងនៅបៅដោះមេ ហើយ​​វា​ត្រូវ​បាន​បន្ត​តាមដាន​រយៈពេល ៣ ខែទៀត។ រូបថត AFP

អ្នក​នាំ​ពាក្យ​សួន​សត្វ លោក អាណាក អាខ្វាំង​ ងូរ៉ះ អាលីត ស៊ូចាណា បាន​និយាយ​ថា​៖ «​កូន​សត្វ​កវែង​ញី​នេះ​កើត​ចំពេល​កូវីដ ១៩ រាត​ត្បាត​ ដូច្នេះ​រដ្ឋ​មន្ដ្រី​បរិស្ថាន បាន​ដាក់​ឈ្មោះ​វាថា កូរ៉ូណា​។ កូរ៉ូណា​ មាន​សុខភាព​ល្អ និង​នៅ​បៅ​ដោះ​មេ​។ យើង​បន្ដ​ឃ្លាំ​មើល​រយៈ​ពេល ៣ ខែ​ទៀត​»។

សួន​សត្វ Bali Safari Park បាន​បិទ​ទ្វារ​ផ្អាក​ទទួល​ភ្ញៀវ កាល​ពី​ចុង​ខែ​មីនា ជា​ផ្នែក​មួយ​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​៕ AFP/HR