ក្រុងបាសេឡូណា: ដោយមានឈ្មោះ ស្ដេចស (White King) កូនតោឈ្មោលនេះមានអាយុ ១០ ថ្ងៃហើយ ហើយខាងសួនសត្វបានឲ្យដឹងថា វាពិតជាតុក្កតារស់ប្រាកដមែន។ ប៉ុន្ដែតោញីដែលបានបង្កើតវា បែរជាមិនទទួលស្គាល់ជាកូនក្រោយមានអប្រក្រតីភាពនៃកំណើត។
កើតនៅថ្ងៃទី ៣១ ខែឧសភា កូនតោនេះជាអម្បូរតោសដំបូងបំផុតនៅសួនសត្វអេស្ប៉ាញ។ នៅលើដៃបីត្រកងរបស់លោក ជូន ល្វីស ម៉ាល់ផាធិតា ជានាយកគ្រប់គ្រងសួនសត្វ Mundo Park ក្បែរទីក្រុងសេវីលភាគខាងត្បូង លោកមិនភ្លេចក្រសោបឱបថើប និងបំបៅទឹកដោះគោឲ្យកូនតោនេះឡើយ។
លោកបានប្រាប់ AFP ថា៖ «វាជាកំណើតមិនសមប្រកបឡើយ។ មេតោដែលត្រូវបាននាំមកពីប្រទេសថៃកាលពី ៤ ឆ្នាំមុន បានចូលកន្លែងសម្រាលរយៈពេល ១៤ ឬ ១៥ ថ្ងៃមុនកើតកូន»។
នៅពេលវាកើតចេញមក វាខុសប្លែកពីកូនតោដទៃដោយមានទំហំតូចបន្ដិច។
ម៉ាល់ផាធិតា អាយុ ៧៣ ឆ្នាំ ដែលបានចំណាយពេលស្ទើរមួយជិវិតនៅកៀកកើយជាមួយសត្វ បាននិយាយថា៖ «សាកស្រមៃដល់ពេលវេលាដែលតោញីនោះឆ្លងកាត់ ខ្ញុំនៅតែមិនយល់ថា វាបោះបង់កូនចោលយ៉ាងដុចម្ដេចទេ»។
រយៈពេល ៣ ថ្ងៃដំបូង វាគ្មានទឹកដោះបៅ ហើយក្រោយដឹងថា មេវាមិនចាប់អារម្មណ៍ចំពោះវា ពួកគេក៏យកវាចេញពីទ្រុង វាមានបញ្ហាខ្វះជាតិទឹក និងខ្វះកម្ដៅ ក៏ដូចជាខ្វះជាតិស្ករ។
ស្ដេចស នឹងក្លាយជាភាពទាក់ទាញសំខាន់មួយ នៅពេលសួនសត្វនេះ ដែលមានសត្វ ៣០០០ ក្បាល បានបើកទ្វារឡើងវិញនៅថ្ងៃព្រហស្បតិ៍ ក្រោយបិទទ្វារ ៣ ខែព្រោះតែកូរ៉ូណា។
ពេលនេះ បុគ្គលិកនៅសួនសត្វ Mundo Park នឹងបន្ដថែទាំស្ដេចស។
លោក ម៉ាល់ផាធិតា បានបន្ដថា៖ «ពេលយើងឃើញថា វាអាចវិលចូលក្នុងគ្រួសារជាមួយមេបាវាវិញ យើងនឹងធ្វើ។ ប៉ុន្ដែវាពិបាកបន្ដិច ពីព្រោះវានឹងត្រូវប្រកួតប្រជែងជាមួយបារបស់វាក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីមេ»៕ AFP/HR