តាកែវ៖ រវល់​តែ​រឿង​ប្រកប​របរ​​ផ្គត់ផ្គង់​ជីវភាព ឪពុក​ក៏​មាន​ជំងឺ​ និង​ម្ដាយ​ពិការ​ភ្នែក​ ដែល​មិន​សូវ​ខ្វល់​ខ្វាយ​ពី​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន ស្ដ្រី​ស្ថិត​ក្នុង​វ័យ​បញ្ចេញ​ពន្លឺ​ជីវិត​ត្រចះត្រចង់​នៃ​អាជីព​ការងារ​ម្នាក់​ ​​ធ្លាក់​​ក្នុង​សភាព​​អាប់អួ​ស្ទើរ​តែ​អស់​ជំហរ​​​តស៊ូ​​​។

ថ្វី​ដ្បិត​តែ​មាន​ជំងឺ​ទឹក​នោម​ប្រៃ និង​ឡើង​​ឈាម​ក្នុង​វ័យ​នៅ​ក្មេង​យ៉ាង​ណា​ក៏​​ដោយ ក៏​នារី​រូប​នេះ​នៅ​មាន​ថាមពល​បំពេញ​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ​ដើម្បី​ទ្រទ្រង់​​គ្រួសារ​។

វេលា​ចេះ​តែ​ទៅ​មុខ រោគ​សញ្ញា​​ចាប់​ផ្ដើម​លេច​ឡើង​បន្ដិច​ម្ដងៗ ដោយ​កញ្ញា ផែន​ ចិន្ដា រហូត​ដល់​មាន​​​អាការ​ហត់​ដង្ហក់​ ដក​ដង្ហើម​ផុតៗ បាយ​មិន​នឹក ទឹក​មិន​ស្រេក​ សម្រាក​ក៏​មិន​បាន​ នៅ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង។ ទឹក​មុខ​​ធ្លាប់​តែ​ស្រស់​បស់​​ក៏​ប្រែ​​​ធ្លាក់​ខ្លួន​ឈឺ​​រ៉ាំរ៉ៃ​ដោយសារ​ស្ថានភាព​ជំងឺ​វិវត្ដ​ទៅ​ជា​បញ្ហា​ខូច​ក្រលៀន​ធ្ងន់ធ្ងរ​។

រយៈពេល​ ៥ ​ឆ្នាំ ចិន្ដា ត្រូវ​ទ្រាំ​តស៊ូ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ប្រចាំ​កាយ​ ដោយសារ​តែ​កត្ដា​ជីវភាព​ខ្វះខាត​នៃ​គ្រួសារ​ ដែល​មិន​អាច​មាន​លទ្ធភាព​ព្យាបាល​។

កញ្ញា ចិន្ដា អាយុ ៣១ ​ឆ្នាំ ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ពេល​ទើប​ដឹង​ខ្លួន​មាន​ជំងឺ​ក្រលៀន​នេះ អំឡុង​ស្ថានភាព​កាន់​តែ​​ដុន​ដាប​ថា​៖ «​ពី​ដំបូង​ឡើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ​ខ្លួន​ខ្ញុំ​មាន​ជំងឺ​ខូច​ក្រលៀន​​នេះ​​ដែរ​។ ខ្ញុំ​ធ្វើ​ការងារ​ធម្មតា ​ក្រោយ​មក ​ខ្ញុំ​ចាប់​ផ្ដើម​មាន​អាការ​មិន​សូវ​ស្រួល និង​​ចេះ​តែ​ចង់​ក្អួត អស់​កម្លាំង​។ ពេល​មួយ​នោះ ​ខ្ញុំ​ទៅ​ពេទ្យ ពេទ្យ​ប្រាប់​ថា​ អាការ​នេះ​កើត​ឡើង​​ដោយសារ​ខ្ញុំ​ខូច​តម្រង​នោម»។

ចិន្ដា បាន​បន្ដ​ក្នុង​សំឡេង​មិន​ច្បាស់​ស្រឡះ​ល្អ​ថា​៖ «​ម្យ៉ាង​ដោយសារ​ខ្ញុំ​មាន​​ជំងឺ​​ទឹក​នោមប្រៃ ​និង​លើស​​ឈាម​យូរ​មក​ហើយ​ដែល​ធ្វើ​ឱ្យ​វា​ខូច​ទៅ​ក្រលៀន​។ ប៉ុន្តែ​ជាក់​ស្ដែង ​ខ្ញុំ​មិន​ដឹង​ខ្លួន​​ថា ​មាន​ជំងឺ​នេះ​ឡើយ​»។ ​

ស្ដ្រី​​​ធ្លាប់​ជា​បង្គោល​គ្រួសារ​ម្នាក់​​រូប​នេះ បាន​ស្រង់​សម្ដី​ពេទ្យ​ប្រាប់​ថា ជំងឺ ក្រលៀន​នេះ មាន​ ៥ ​ដំណាក់​កាល​ តែ​ដោយសារ​ខ្លួន​មិន​បាន​ទៅ​ទទួល​ការ​ព្យាបាល​តាំង​ពី​ដំណាក់​កាល​ដំបូងៗ​ តម្រង​នោម​វិវត្ដ​កាន់​តែ​អាក្រក់​។

អ្នកម្ដាយ​​​ពិការភ្នែក​ និង​លិខិត​បញ្ជាក់​ពី​ស្ថានភាព​គ្រួសារ និង​ជំងឺ​។ រូបថត សហ​ការី

កញ្ញា​​បន្ដ​ថា តាម​រយៈ​គ្រូពេទ្យ វិធី​ព្យាបាល​មាន​តែ ​២ ប៉ុណ្ណោះ គឺ​ទី១ ​វះ​កាត់​ប្ដូរ​ក្រលៀន​ និង ​១ ​ទៀត គឺ​ធ្វើ​ការ​លាង​ឈាម​ពេញ ​១ ​ជីវិត​។

ចិន្ដា បាន​រៀបរាប់​ថា​៖ «​​ដូច្នេះ​ខ្ញុំ​ត្រូវ​លាង​ឈាម​រៀងរាល់សប្ដាហ៍​ ហើយមួយសប្តាហ៍ ២ ដង​​។ បើ​សិន​ខ្ញុំ​ខាន​មិន​បាន​ទៅ​លាង​ទេ ​វា​នឹង​ធ្វើ​ទុក្ខ​ខ្ញុំ​ឱ្យ​គេង​មិន​បាន ​ញ៉ាំ​​មិន​បាន ​ពេល​ដាក់​អី​ចូល​មាត់ ​ក្អួត​មក​វិញ​ ដក​ដង្ហើម​ហត់​ដង្ហក់ និង​ហើម​​»​​។​

កញ្ញា​បន្ដ​ថា​៖ «ប៉ុន្តែ​ការ​លាង​ឈាម​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​តែ​​​មិន​ស្រួល ​ព្រោះ​ពេល​គេ​ដក​ជាតិ​ទឹក​ចេញ ​វា​ធ្វើ​ឱ្យ​ខ្ញុំ​អស់ក​ម្លាំង​រឹត​តែ​ខ្លាំង​។ តែ​បើ​គេ​មិន​ដក វា​ធ្វើ​ឱ្យ​ខ្លួន​ខ្ញុំ​ហើម ​និង​ហត់​។ ​​ដើម្បី​ស្រួល​ខ្លួន​ ទាល់​តែ​ខ្ញុំ​ខំ​ប្រឹង​ញ៉ាំ​។ តែ​និយាយ​ទៅ ​ខ្ញុំ​​គ្មាន​ស្គាល់​ពាក្យ​ថា​ស្រួល​ខ្លួន​ដូច​គេ​ទេ ​ព្រោះ​ស្រួល​ខ្លួន​បាន​មួយ​ថ្ងៃ​ដល់​ថ្ងៃ​ទៅ​ពេទ្យ​ទៀត​ហើយ»​។​

ប៉ុន្តែ​ដោយសារ​តែ​ការ​ខូច​ក្រលៀន ​រាង​​កាយ​មិន​អាច​បញ្ចេញ​ជាតិ​ពុល​បាន ការ​ទទួល​ទាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​​ក្បួន​ខ្នាត​នៃ​ការ​ណែនាំ​​គ្រូពេទ្យ​​​។

ចិន្ដា ​​ប្រាប់​ថា សូម្បី​តែ​ផ្លែ​ឈើ ដូចជា​​​ប៉ោម ​១ ផ្លែ ​ត្រូវ​​ពុះ​ជា ​៦​ ​ចំណិត ​ហើយ ​១ ថ្ងៃ​​ទទួល​ទាន​បាន​តែ ​១ ​ចំណិត​ប៉ុណ្ណោះ​។ វា​​ធ្វើ​ឱ្យ​រាងកាយ​បាត់បង់​វីតាមីន មិន​មាន​សារធាតុ​ចិញ្ចឹម​​គ្រប់គ្រាន់ ​និង​ស្គមស្គាំង​ ប្រែ​សម្បុរ​ស្បែក​ស្រអាប់​​។

សព្វថ្ងៃ​ ជំងឺ​​កាន់​តែ​រាលដាល ​ដោយសារ​​ការ​ចាក់​ម្ជុរ​ដៃខាង​ឆ្វេង​ ​ដើម្បី​លាង​​ឈាម​​​យូរៗ​ទៅ​ធ្វើ​ឱ្យ​សរសៃដៃ​​​រីក​ធំ។ ​ពេទ្យ​​បាន​ណែនាំ​ឱ្យ​​វះកាត់​បិទ​សរសៃ​​ចោល ​និង​ធ្វើ​ការ​វះកាត់​ដៃ​មួយ​ចំហៀង​​ខាង​ស្ដាំ​ធ្វើ​សរសៃដៃ​ទុក​សម្រាប់​​លាង​ឈាម​ដូចគ្នា ​ព្រោះ​សរសៃ​​បច្ចុប្បន្ន​ធំ​ពេក ​ឈាម​បុក​ខ្លាច​​អាច​​ប៉ះពាល់​ដល់​បេះដូង​។

ដោយសារ​​មិន​មាន​លទ្ធភាព កញ្ញា ចិន្ដា ​​បន្ដ​លាង​ដៃ​ខាង​ឆ្វេង​​​សិន ​ព្រោះ​​ក្នុង​ការ​វះកាត់​ដៃ​ម្ខាង ​គឺ​អស់​ ៣០០ ​ដុល្លារ សង​ខាង​អស់​​​ ៦០០ ដុល្លារ​។

ដោយ​ត្រូវបញ្ចូលឈាម​យ៉ាង​តិច ២ ​ប្លោក​ក្នុង ​១ ​ខែ ស្ដ្រី​មក​ពី​ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ​រូប​នេះ គ្មាន​អ្វី ក្រៅ​ពី​​ពាក្យពេចន៍​អរគុណ​ដល់​ញាតិ​មិត្ដ​ជិត​ឆ្ងាយ​ ដែល​តែងតែ​ជួយ​ផ្ដល់​ឈាម​ និង​​ថវិកា​សម្រាប់​ការ​បញ្ចូលឈាម​ញឹកញាប់​នេះ​។

​​ឪពុកចិន្តាសម្រាកព្យាបាល ក្រោយវះកាត់ជំងឺ​ក្លន។ រូបថត សហ​ការី

កញ្ញា​បាន​បន្ដ​ថា​៖ «ណា​មួយ​​នៅ​មាន​ថ្លៃ​ធ្វើ​ដំណើរ​ឡើង​ចុះ​ភ្នំពេញ ការ​ហូប​ចុក ថ្នាំ​ពេទ្យ​ ២០ ដុល្លារ ​ក្នុង ១ ​សប្ដាហ៍ ថ្លៃ​មើល​ឈាម​អី​ផ្សេងៗ​។ ជួន​កាល​បំពង់​លាង​ឈាម​ត្រូវ​ដូរ​ថ្មី​ ព្រោះ​​លាង​ ៦ ​ដង ​គេ​ត្រូវ​ដូរ​ម្ដង​អស់ ​២៥ ដុល្លារ​ទៀត​។ ខ្ញុំ​ពិត​ជា​ទាល់​ខ្លាំង​ណាស់»។​

ដោយ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​អង្គុយ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន ៧​-៨ ​ម៉ោង ​ក្នុង ​១ ថ្ងៃ​ ហើយ​ការ​ឡើង​ចុះ​ពេទ្យ​ញឹក​​ បុគ្គលិក​រូប​នេះ​ត្រូវ​បញ្ចប់​ការងារ​ខ្លួន​ ដែល​ធ្លាក់​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​នេះ​ទៅ​លើ​បង​​ប្អូន ៤ ​នាក់​ទៀត​។

ក្នុង​ចំណោម​បង​ប្អូន ៥ ​នាក់ ប្អូន ​២ ​នាក់ ​បាន​រៀបការ​មាន​គ្រួសារ​ម្នាក់​ធ្វើ​ការ​ជា​កម្មការិនី​រោងចក្រ​កាត់​ដេរ និង​ម្នាក់​ទៀត​នៅ​រៀន​ ខណៈ​ម្ដាយ​ពិការ​ភ្នែក​តាំង​ពី​ឆ្នាំ ​២០០០ តម្រូវ​ឱ្យ​ឪពុក​នៅ​ថែទាំ​អ្នក​ម្ដាយ និង​រូប​ខ្លួន ដោយ​មិន​អាច​ចេញ​ប្រកប​របរ​អ្វី​ឡើយ​។

ចិន្ដា បាន​លើក​ឡើង​ថា​៖ ​«កន្លង​មក​ពួក​គាត់​ក៏​ជួយ​ខ្ញុំ​ខ្លះៗ​ដែរ ប៉ុន្តែ​ក៏​មិន​ច្រើន​​ដែរ​ព្រោះ​ពួក​គាត់​ក៏​ខ្វះខាត និង​មាន​​បន្ទុក​រៀងៗ​ខ្លួន​ដែល​ត្រូវ​ដោះស្រាយ​។ ទុក្ខ​ជាន់​លើ​ទុក្ខ​ ឪពុក​ខ្ញុំ​ក៏​ទើប​តែ​វះកាត់​ពោះវៀន​ធ្លាក់​។ ​ជំងឺ​​ខ្ញុំ​ក៏​​តម្រូវ​ឱ្យ​មាន​ការ​ចំណាយ​ខ្ពស់​ហួស​ពី​​​សមត្ថភាព​​ពួក​គាត់​ម្នាក់ៗ​​​»។

ជា​ចុងក្រោយ ​​កញ្ញា ​ផែន ចិន្ដា ​​សូម​អំពាវនាវ​ដល់​សប្បុរសជន​ឱ្យ​ជួយ​ខ្លួន​​ផង ​ព្រោះ​​ក្រុម​គ្រួសារ​​ពិតជា​ខ្វះខាត​មិន​អាច​​រ៉ាប់​រង​ការ​ចំណាយ​ដ៏​ធំ​នេះ​បាន​ឡើយ​។

សប្បុរសជន​​អាច​​ចូលរួម​តាម​រយៈ​លេខ​​​ទូរស័ព្ទ​​ ០៧០ ៥៩៥ ៩៣៩ ឬ​​ ABA:000218781, Phen Chenda៕