ភ្នំពេញៈ ថ្មីៗនេះមហាជនហាក់ដូចជាមានការកត់សម្គាល់ពីវត្តមានរបស់អតីតជាស្រីស្អាតចំណាត់ថ្នាក់លេខ ២ ឆ្នាំ ២០១០ អ្នកនាង ថៃ នារីសុជាតា ជាកូនស្រីពៅលោក ថៃ នរៈសត្យា ហៅ ហ្វីយ៉ាតា លេចមុខក្នុងកម្មវិធីថតស្ប៉តពាណិជ្ជកម្មនានាច្រើន ទំនងជាស្រីស្រស់រូបនេះវិលមកប្រឡូកក្នុងវិស័យសិល្បៈវិញ ក្រោយពីបាត់មុខមួយរយៈពេលយូរមក។
ដូចជាករណីកន្លងទៅមុននេះមហាជនក៏ចាប់អារម្មណ៍ភ្លាម ពេលឈានជើងចូលដល់ផ្សារទំនើបអ៊ីអនក៏លេចវត្តមាននាង ហ្វីយ៉ាតា នៅក្នុងបញ្ចក់ទូរទស្សន៍ផ្សព្វផ្សាយផលិតផលក្នុងផ្សារទំនើបនេះ ស្ទើរតែគ្រប់ច្រកល្ហកក៏លាន់មាត់ថា៖ «យី!ស្រីស្អាត កូនស្រីពៅលោក ថៃ នរៈសត្យា ម្នាក់នេះបានបាត់មុខពីឆាកសិល្បៈច្រើនឆ្នាំមកហើយ ចុះពេលនេះបែរជាលេចមុខវិញហើយទេតើ!។
តែក្រៅពីពាក្យពេចន៍កោតសរសើរពីរូបសម្ផស្សដ៏ស័ក្តិសមនឹងរាងកាយដ៏ស្រលូនរបស់ស្រីស្រស់ ហ្វីយ៉ាតា នេះក៏រំលេចចេញការងឿងឆ្ងល់ផងដែរថា៖ «តើអតីតជាស្រីស្អាតជាប់ចំណាត់ថ្នាក់លេខ ២ រូបនេះកំពុងតែថតនូវស្ប៉តពាណិជ្ជកម្មអ្វី ឬថតឈុត កុនអ្វីដែរទៅ? ព្រោះថានេះគឺជារូបថតកម្រនឹងបានឃើញខ្លាំងណាស់?»។
យ៉ាងណារឿងថា តើនាងពិតជាត្រឡប់មកប្រឡូកនៅលើវិថីសិល្បៈវិញបានកម្រិតណានោះ មិនត្រូវបានបំភ្លឺពីសំណាក់ស្រីស្រស់រូបស្អាត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា នោះឡើយទោះបីជាមានការទាក់ទងតាមទូរស័ព្ទច្រើនលើកក្តី ក៏ប្រព័ន្ធទូរស័ព្ទនាងគ្មានអ្នកលើកទទួលនោះឡើយ។
តែបើតាមការបង្ហើបពីសំណាក់លោក ថៃ នរៈបណ្ឌិត ហៅ បេននី ជាវិចិត្រករឌីជីថលដែលកំពុងតែទទួលបាននូវប្រជាប្រិយភាព និងភ្ញាក់ផ្អើលពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយពីលោកបានគូររូបតារាចម្រៀងល្បីអាមេរិកគឺនាង ប៊ីយុនសេ មកដែលលោកត្រូវជាបងប្រុសទី ២ របស់នាងនោះបានបង្ហើបឲ្យដឹងខ្លះដែរថា ប្អូនស្រីរបស់លោកគឺពិតជាមានទទួលការងារថតស្ប៉តខ្លះៗដែរ។
លោក បេននី បង្ហើបឲ្យដឹងយ៉ាងខ្លីថា៖ «បើតាមខ្ញុំបានឃើញជាក់ស្តែងនោះ ដូចជាគាត់ [ហ្វីយ៉ាតា] ទទួលការងារពីគេរហូតមកដែរ គឺការងារពាក់ព័ន្ធថតស្ប៉តនានា»។
ដោយឡែកអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ក៏ធ្លាប់បានប្រាប់ទាំងដែលមានអារម្មណ៍សប្បាយចិត្តផងដែរថា៖ «អូ!ពេលនេះការងារសិល្បៈនាងខ្ញុំពិតជាហូរចូលមែន។ ពេលនេះការងារខ្ញុំទទួលមិនអស់ទេគឺច្រើនណាស់»។
កូនស្រីរបស់អតីតជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះក៏បន្តការអះអាងថា៖ «ឆ្លងឆ្នាំភ្លាម [ឆ្នាំ ២០១៨ ] គឺនាងខ្ញុំតាំងចិត្តថា នឹងក្តាប់នូវការងារសិល្បៈភ្លាមៗនេះក៏មានគេហៅថត ទាំងភាពយន្ត ថត ទាំង MV និងការថត Show ផ្សេងៗច្រើនមែនទែន។ តែការងារថតភាពយន្តខ្ញុំកំពុងស្ថិតក្នុងការពិចារណា ព្រោះថតកុនប្រើពេលយូរ ខ្ញុំអត់ពេលថតឲ្យទេ ខ្លាចប៉ះពាល់ដល់ផលិតករ»។
គួរបញ្ជាក់ដែរថាអ្នកនាង ថៃ នារីសុជាតា ជាកូនស្រីពៅលោកថៃ នរៈសត្យា ហៅ ហ្វីយ៉ាតា អតីតនាងគឺជាស្រីស្អាត- (Freshie Girl) ដែលទទួលបាននូវចំណាត់ថ្នាក់លេខ ២ កាលពីឆ្នាំ ២០១០ ហើយក៏បានបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ Superstar College of Arts (SCA) ទីក្រុងបាងកក៕