ក្រុងកូឡុំបូ៖ ក្រុម​អ្នក​អភិរក្ស​បាន​ឲ្យ​ដឹង​ថា ការ​បិទ​ប្រទេស​បំណង​ទប់​ស្កាត់​វីរុស​កូរ៉ូណា​របស់​ស្រីលង្កា​ បាន​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដែល​កើត​ពី​ការ​វាយ​ប្រហារ​គ្នា​រវាង​មនុស្ស និង​សត្វ​ដំរី​។

កំណត់ត្រា​ដំរី​ ៤០៥ ក្បាល ​ត្រូវ​បាន​សម្លាប់​ដោយ​មនុស្ស​ក្នុង​​ប្រទេស​នេះ កាល​ពី​ឆ្នាំ​មុន ដោយ​បាន​កើន​ឡើង​ប្រមាណ ៣៦០ ​ករណី ​ពី​ឆ្នាំ ​២០១៨​។ មនុស្ស​សរុប ១២១ ​នាក់ ​ត្រូវ​បាន​​ដំរី​សម្លាប់​ ​​កើន​​ ៩៦ ករណី​​ពី​ឆ្នាំ​កន្លង​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​។

ថ្លែង​នៅ​មុន​ទិវា​ដំរី​ពិភព​លោក​ នៅ​ថ្ងៃ​ពុធ ចាយ៉ាន់ថា ចាយ៉េវ៉ាឌេន ជា​អ្នក​ជំនាញ​ជាន់​ខ្ពស់​ផ្នែក​ដំរី​​និយាយ​ថា​៖ «​យើង​អាច​និយាយ​ថា ទំនាស់​រវាង​មនុស្ស និង​ដំរី​បាន​ធូរ​ស្រាល​បន្ដិច​អំឡុង​ពេល​ដាក់​បម្រាម​គោចរ​នេះ​។ ប៉ុន្ដែ​វា​គ្រាន់​តែ​មួយ​គ្រា​ប៉ុណ្ណោះ​។ កសិករ​នឹង​ចាប់​ផ្ដើម​ការពារ​ដំណាំ​​ខ្លួន​ និង​នៅ​តែ​បន្ដ​ប្រហារ​ដំរី​»។

ដំរី​ដែល​ត្រូវ​បាន​សម្លាប់​ភាគ​ច្រើន​រង​នូវ​ការ​បាញ់​ប្រហារ​ ឬ​ស៊ី​ថ្នាំ​បំពុល​របស់​ប្រជាកសិករ​ដែល​ព្យាយាម​លុក​លុយ​ដែនដី​របស់​​ពួក​គេ។

ដំរី​ត្រូវ​បាន​ចាត់​ទុក​​ជា​សត្វ​ពិសិដ្ឋ​ក្នុង​ដែន​កោះ​ដែល​ប្រជាពលរដ្ឋ​​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា​ភាគ​ច្រើន​ និង​រមែង​ត្រូវ​​បាន​ការពារ​ តែ​ការ​កាត់​ទោស​​ក៏​កម្រ​ត្រូវ​បាន​ធ្វើ​ដែរ​។

ជាមធ្យម ដំរី ២៤០ ក្បាលត្រូវបាន​សម្លាប់​​រៀង​រាល់ឆ្នាំ​។ រូបថត AFP

មនុស្ស​ភាគ​ច្រើន​ត្រូវ​បាន​ដំរី​សម្លាប់​ដោយសារ​ជម្រក​ធម្មជាតិ​​កាន់​តែ​រួម​តូច​ ដែល​ធ្វើ​ឲ្យ​ពួក​វា​ត្រាច់ចរ​តាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ ​ដើម្បី​ស្វែង​រក​ចំណី​។

ស៊ូមីត ភីឡាភីទីយ៉ា ជា​អ្នក​អភិរក្ស និង​អគ្គនាយ​នៃ​អគ្គនាយកកដ្ឋាន​សត្វ​ព្រៃ​​របស់​រដ្ឋាភិបាល​ បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​ដំរី​ស្លាប់​បាន​ថយ​ចុះ​ ៤០ ​​ភាគរយ ​អំឡុង​ពេល​រឹត​បន្ដឹង​ដោយសារ​កូរ៉ូណា​ ដែល​ចាប់​ផ្ដើម​តាំងពី​ខែ​មីនា​ និង​បញ្ចប់​នៅ​ចុង​ខែ​មិថុនា​។

ភីឡាភីទីយ៉ា បាន​និយាយ​ថា ជា​មធ្យម​ដំរី ២៤០ ក្បាល ​ត្រូវ​បាន​​សម្លាប់​រៀង​រាល់​ឆ្នាំ​ចន្លោះ​ឆ្នាំ ​២០១០ និង​ឆ្នាំ ​២០១៧ ហើយ​អត្រា​នេះ​បាន​កើន​ឡើង​ជាប់​រហូត​។

លោក​ឲ្យ​ដឹង​ថា​៖ «​ដំរី​អាស៊ី​ត្រូវ​បាន​ចាត់​ទុក​ជា​សត្វ​កម្រ​។ ដូច្នេះ យើង​មិន​អាច​ឲ្យ​បាត់បង់​ពួក​វា​បន្ថែម​ទៀត​ទេ​»។

យោង​តាម​ជំរឿន​ចុង​ក្រោយ​ ចំនួន​ដំរី​ស្រីលង្កា បាន​ថយ​ចុះ​មក​ត្រឹម​ប្រមាណ ៧ ពាន់​ក្បាល ​ដែល​ធ្លាក់​​ពី​ចំនួន ១២ ០០០ ក្បាល​ កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ ​១៩៩០​។ លោក ភីឡាភីទីយ៉ា បាន​បន្ដ​ថា ក្រុម​ជំនាញ​ថ្មី​ដែល​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ទំនាស់​រវាង​មនុស្ស និង​ដំរី ​នឹង​កោះ​ប្រជុំ​លើក​ដំបូង​នៅ​ទិវា​ដំរី​ពិភព​លោក​៕ AFP/HR

ឆ្នាំ២០១៩ មនុស្​ស ១២១នាក់​ត្រូវបាន​ដំរីសម្លាប់។ រូបថត AFP