ក្រុងទីរ៉ាណា: អេឡូណា ដេមម៉ូឡារី មិនច្បាស់ថាពេលណាវេលាដ៏អត្ថន័យក្នុងឆាកជីវិតនឹងមកដល់នោះទេ ប៉ុន្តែនាងបានសាកល្បងលរ៉ូបកូនក្រមុំ ខណៈពលរដ្ឋអាល់បានីអន្ទះសារង់ចាំឱកាសប្រារឰពិធីអាពាហ៍ពិពាហ៍វិលរកភាពប្រក្រតីវិញ ដែលជាព្រឹត្ដិការណ៍សំខាន់នៅក្នុងប្រទេសបាល់កង់ដ៏ក្រីក្រនេះ។
ប្រពៃណីអាពាហ៍ពិពាហ៍នៅអាល់បានីជាព្រឹត្ដិការណ៍ប្រមូលផ្ដុំភ្ញៀវរាប់រយនាក់ក្នុងជំនួបពិធីជប់លៀងដ៏សម្បូរសប្បាយ និងរាំរែកដាច់យប់ ដោយសាច់ញាតិត្រូវចំណាយពេលរាប់ឆ្នាំដើម្បីរកលុយរៀបចំកម្មវិធីសំខាន់នេះ។
ការជួបជុំលក្ខណៈតូចតាចត្រូវបានអនុម័ត ប៉ុន្តែការប្រារព្ធពិធីដ៏ធំបែបនោះហួសពីសិទ្ធិសេរីភាពរបស់កញ្ញា ដេមម៉ូឡារី អាយុ ៣១ ឆ្នាំ ជាប្រធានពន្ធធនាគារដែលចង់មានបំណងរៀបចំពិធីមង្គលរបស់ខ្លួនដោយមានភ្ញៀវកិត្ដិយស ៣០០ នាក់។
យ៉ាងណាមិញ កូនក្រមុំអនាគតរូបនេះ គ្មានជម្រើសក្រៅពីរង់ចាំ អំឡុងពេលរាតត្បាតបានបង្ឃាំងគូដណ្តឹងរបស់នាងជាវិស្វករសំណង់ ជាប់គាំងនៅក្នុងប្រទេសអុីតាលីអស់រយៈពេល ៣ ខែកន្លងមកហើយ។
កញ្ញាអាល់បានីរូបនេះបាននិយាយថា៖ «ទោះជាមានជំងឺរាតត្បាត ខ្ញុំក៏មិនបោះបង់ឡើយ។ វាគ្រាន់តែជាឧបសគ្គមួយតូចប៉ុណ្ណោះ»។
គូស្នេហ៍ដែលមានផែនការរៀបអាពាហ៍ពិពាហ៍ តាំងពីមុនមានវីរុសកួរ៉ូណាវាយលុកអាល់បានី ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងតិច ៣៥ នាក់ ត្រូវដោះស្រាយបញ្ហាផ្នែកអបិយជំនឿផងដែរ។
កញ្ញា អុីរីយ៉ុនម៉ូខូឡារីអាយុ៣០ឆ្នាំជាវិស្វករកុំព្យូទ័រ បាននិយាយ៖«ការផ្លាស់ប្តូរថ្ងៃមង្គលជ័យ នាំឲ្យកើតគ្រោះស៊យ ជាមូលហេតុមួយដែលយើងសម្រេចចិត្តមិនប្ដួរថ្ងៃ»។
កញ្ញា និងដៃគូមានគម្រោងអញ្ជើញភ្ញៀវ ៤០០ នាក់ តែបានរៀបចំពិធីជប់លៀងនៅផ្ទះតិចតួច ដោយនាំគ្នាពាក់ម៉ាស និងស្រោមដៃការពាររៀងៗខ្លួន នៅក្នុងខែមេសា ខណៈប្រទេសនេះស្ថិតក្នុងវិធានការរឹតត្បិត។
ប្រាក់បៀវត្សន៍នៅអាល់បានី ជាប្រទេសក្រីក្របំផុតមួយក្នុងតំបន់អឺរ៉ុប គឺទទួលបាន ៤០០ អឺរ៉ូ (៤៥០ ដុល្លារ) ក្នុងមួយខែ។ ប៉ុន្តែលុយកាក់នៅតែមិនមែនជាបញ្ហាចោទ ពេលពួកគេរៀបចំអាពាហ៍ពិពាហ៍ដែលអាចចំណាយរហូតដល់រាប់ម៉ឺនអឺរ៉ូ។
ជារឿយៗគ្រួសារទាំងពីរបានប្រារព្ធពិធីអបអរសាទរថ្ងៃជ័យមង្គល ដែលផ្អើលអស់អ្នកភូមិជាច្រើនថ្ងៃឯនោះ។
អេសា បាឡារី ជាសកម្មជនសិទ្ធិមនុស្ស បាននិយាយថា៖ «អ្នកដែលសម្រេចចិត្តរងចាំ ក៏ត្រូវខកខានឱកាសរួមរស់ក្រោមដំបូលផ្ទះតែមួយដែរ ព្រោះវាខុសប្រពៃណីចាស់ទុំ»៕ AFP/RS