ក្រុងកូវែត: អាប៊ូ អូតមេន មិន​ខុសពី​បុរស​កូវែត​រាប់ពាន់​នាក់​ទៀត​ទេ​បាន​ព្យាយាម​បែងចែក​ពេលវេលា​រវាង​ភរិយា​ទាំង​ ២ ដោយ​ការរស់នៅ​បែក​ផ្ទះ​អំឡុង​ពេល​ការបិទ​ប្រទេស​ក្នុង​ឈូងសមុទ្រ​មួយ​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩​។

បុរស​អាយុ ៤៥ ​ឆ្នាំ​ដែល​មាន​កូន ១០ ​នាក់​ជា​តំណក់​ឈាម​ជាមួយ​ភរិយា​ទាំង​ ២ បាន​ប្រាប់ AFP ថា​៖ «​ជីវិត​ខ្ញុំ​កាន់តែ​ស្មុគស្មាញ​។ ខ្ញុំ​តែងតែ​បែងចែក​ពេលវេលា​ជួប​ពួកគេ​ឲ្យ​បាន​ស្មើភាព​គ្នា​»​។

លោក​និយាយ​ដោយ​សង្កត់ធ្ងន់​ថា លោក​មិនដែល​ស្រឡាញ់​ភរិយា​លម្អៀង​ឡើយ​។

ប្រទេស​ស្ដេច​ប្រេង​នេះ​បាន​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​បំផុត​ក្នុង​ឈូង​សមុទ្រ​ពែរ្ស៍​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺឆ្លង​សកល​ដែល​បាន​កើតឡើង​ប្រជាជន​កូវែត​ជាង​ ១៥ ០០០ ​នាក់ និង​ឆក់យក​ជីវិត ១១៨ ​នាក់​។

សប្ដាហ៍​មុន កូវែត បាន​ប្រកាស​បិទ​ប្រទេស​ទាំងស្រុង​រហូត​ដល់​ថ្ងៃទី ៣០ ខែ​ឧសភា​ដោយ​ផ្អាក​ទាំងអស់ លើកលែង​តែ​សកម្មភាព​ឯកជន និង​រដ្ឋ​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ​។

ប្រទេស​កូវែត​អនុញ្ញាត​ឲ្យ​បុរស​អាច​រៀបការ​ភរិយា​បាន​ ៤ ​នាក់​។ រូបថត AFP

អ្នកល្មើស​បម្រាម​ដែល​រួមទាំង​ការមិន​ពាក់​ម៉ាស់​ពេលចេញ​ក្រៅ​ផ្ទះ អាច​រង​នូវ​ការពិន័យ​រហូត​ដល់ ១៦ ០០០ ​ដុល្លារ និង​ជាប់គុក​រហូត​ដល់ ៣ ​ខែ​។ ប៉ុន្ដែ​ឆ្លើយតប​នឹង​ការអំពាវនាវ​យ៉ាងច្រើន​ពី​ក្រុម​បុរស​ប្រពន្ធ​ច្រើន​ដូចជា រូបលោក អាប៊ូ អូតមេន ឲ្យ​មាន​ការបន្ធូរបន្ថយ​បម្រាម​លើ​ការធ្វើ​ដំណើរ អាជ្ញាធរ​កូវែត កាលពី​ថ្ងៃអាទិត្យ សប្ដាហ៍​មុន​បាន​ណែនាំ​ពី​ការសុំ​សិទ្ធិ​ពិសេស​លើ​បណ្ដាញ​អេឡិចត្រូនិក​ចំពោះ​បុរសៗ​រៀបការ​ប្រពន្ធ​លើសពី​ម្នាក់​សម្រាប់​ការធ្វើដំណើរ​សួរ​សុខទុក្ខ​ក្រុមគ្រួសារ​រយៈពេល​ ១ ​ម៉ោង​ ឬ​ ២ ​ម៉ោង​ក្នុង​ ១ ​សប្ដាហ៍​។

នីតិសាស្ដ្រ​អ៊ិស្លាម​តាមបែប​ប្រពៃណី​បាន​អនុញ្ញាត​ឲ្យ​បុរស​រៀបការ​ភរិយា​ចំនួន ៤ ​នាក់​ដែល​ជា​ទំនៀមទម្លាប់​ធ្លាប់​ធានា​ដល់​ជីវភាព​រស់នៅ​របស់​ស្ដ្រី​មេម៉ាយ និង​ក្មេង​កំព្រា​ដោយ​ឪពុក​ជា​កង​ទាហាន​ត្រូវ​បាន​សម្លាប់​ក្នុង​សង្គ្រាម​ការពារ​អ៊ិស្លាម​។

ការរៀបការ​ភរិយា​ច្រើន​មិនមែន​បំពេញ​ចំណង់​ផ្លូវភេទ​ទេ ដោយ​លក្ខខណ្ឌ​តម្រូវការ​ដ៏តឹងរ៉ឹង​គឺ បុរសៗ​ត្រូវ​មើលថែ​ភរិយា​ទាំងអស់​ឲ្យ​ស្មើភាព និង​ប្រកបដោយ​យុត្ដិធម៌​។

លោក អាប៊ូ អូតមេន បាន​រៀបការ​ភរិយា​ដំបូង​ក្នុង​ឆ្នាំ​ ២០០១ និង​ភរិយា​ទី ២ ក្នុង​ឆ្នាំ​ ២០០៦​។ ស្ដ្រី​ទាំង​ ២ ​រស់នៅ​បែក​ផ្ទះ​គ្នា ដែល​មាន​ចម្ងាយ​ប្រមាណ ៤០ ​គីឡូម៉ែត្រ​ភាគ​ខាងលិច​ក្រុង​កូវែត​។

ប្រទេស​កូវែត​មាន​អត្រា​បុរស​ប្រពន្ធ​ច្រើន​បំផុត​មួយ​នៅ​ឈូងសមុទ្រ​ពែរ្ស៍ ចន្លោះ​ឆ្នាំ​ ២០១០ និង​ឆ្នាំ​ ២០១៥ លើ​អាពាហ៍ពិពាហ៍​ជាង ៨ ​ភាគរយ​។ នេះ​បើ​យោងតាម​ការសិក្សា​ពី​សំណាក់​វិទ្យាស្ថាន​គ្រួសារ​អន្ដរជាតិ​ដូហា​។

លោក អាប៊ូ អាតមេន បាន​និយាយថា លោក​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​ធានាថា ភរិយា​ទាំង​ ២ ​មិន​រង​នូវ​អារម្មណ៍​ឯការ​ជាពិសេស អំឡុង​ពេល​វិបត្ដិ​ដែល​បណ្ដា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ប្រកាស​បិទ​។

មុនពេល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បុរស​ប្រពន្ធ​ច្រើន​ស្នើសុំ​សិទ្ធិ​ធ្វើ​​ដំណើរ​ទៅ​មើលថែទាំ​ប្រពន្ធ​នៅផ្ទះ​ផ្សេង លោក​បាន​និយាយ​ថា​៖ «​កាលពី​មុន​ប៉ូលិស​ល្បាត​ហើយ​ខ្ញុំ​ត្រូវ​ស្នើសុំ​ច្បាប់​ថា​គ្រួសារ​មាន​អាសន្ន​ទើប​អាច​ចេញ​ពី​ផ្ទះ​ទៅ​ជួប​ប្រពន្ធ​ម្នាក់​ទៀត​បាន​»៕ HR